លោក ផែង វណ្ណៈ នឹងមាន​សេរីភាព​ឡើងវិញ​ហើយ នៅ​ថ្ងៃស្អែក​នេះ​ប៉ុន្តែ​….

ព្រឹត្តិការណ៍ថ្មីៗ
0
584
​ភ្នំពេញ​៖​លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីល្បាញ​មួយរូប ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ តាម​បណ្តឹង​របស់លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។​ ​គិត​រយៈពេល​នៃ​ការឃុំខ្លួន​លោក ផែង វណ្ណៈ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ គឺ លោក ផែង វណ្ណៈ នឹងត្រូវ​ដោះលែង​អោយមាន​សេរីភាព ឡើងវិញ នៅ​ថ្ងៃទី​១៨ ខែមិថុនា ស្អែក​នេះ ។​ ​ទន្ទឹមនេះដែរ តុលាការ​ក៏បាន​ផ្តន្ទាទោស​លោក ផែង វណ្ណៈ ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល និង សង​សំណង​១០០​រៀល ដល់​អង្គភាព​សារព័ត៌មាន Fresh News ផងដែរ ។​ ​សូមបញ្ជាក់ថា ក្នុងពេល​សវនាការ​ក​ន្ល​ង​មក លោក ផែង វណ្ណៈ បាន​សារភាព​ទោសកំហុស​របស់ខ្លួន ដោយ​ស្នើសុំ​តុលាការ​ដោះលែង ព្រោះ​បញ្ហា​សុខភាព ។​ ​លោក​ផែង វណ្ណៈ សរសេរ​ក្នុង​លិខិត​សុំទោស​ថា “​ខ្ញុំ​មានការ​សោកស្តាយ​ជា​ពន់ពេក នូវ​កំហុសឆ្គង​កន្លងមក និង សុំ​ការខន្តី​អភ័យទោសនូវ​អ្វីដែល​ខ្ញុំ​បាន​សរសេរ​ព័ត៌មាន​ប្រៀបធៀប​មិន​សមរម្យ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​”​។​   ​ជា​និពន្ធ​នាយក​សារព័ត៌​មានខ្លួន​ឯង​ផង​នោះ លោក ផែង វណ្ណៈ បន្តថា “​សូម​​យោគយល់ សណ្តោស​ប្រណី​នូវ​កំហុសឆ្គង ដើម្បីអោយ​ខ្ញុំ​បាន​ជួបជុំ​ក្រុមគ្រួសារ ព្រមទាំង​បាន​ឆាប់​ទៅ​បន្ត​ព្យាបាល​ជំងឺ​ប្រចាំកាយ​”​។​ ​គួរ​រម្លឹក​ដែរ​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​លោក ផែង វណ្ណៈ ជា​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ (​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១)) កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​។ លោក​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​៖ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះ Pheng Vannak News កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ បទល្មើស​ដែលមាន​បទបញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៩៤ មាត្រា ៤៩៥ និង​មាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ​។​ ​