សំណុំរឿង​យុវជន​ភេទ​ទី​៣ «​ចំប៉ី ខ្មៅ​» ទៅជា​យ៉ាងណា​ហើយ ?

ព្រឹត្តិការណ៍ថ្មីៗ
0
398
​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ តុលាការក្រុង​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស ជន​ជាប់​ឈ្មោះ យិន ហេង ហៅ «​ចំប៉ី​ខ្មៅ​» ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៣​លាន​រៀល ប៉ុន្តែ​ទោស​ត្រូវអនុវត្ត​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ករណី​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​។​ ​បន្ទាប់ពី​តុលាការ​បាន​បើកសវនាការ​សួរដេញដោល ជនជាប់ចោទ យិន ហេង ដោយផ្ទាល់ ខណៈដែល​ពុំមាន​វត្តមាន​មេធាវី​ការពារ​ជនជាប់ចោទ ចូលរួម​ឡើយ​។ ជន​ជាប់​បាន​សារភាព នូវ​ទោសកំហុស​របស់ខ្លួន និង​បាន​សម្តែង​ការ​ស្តាយក្រោយ ចំពោះ​ទង្វើ​របស់ខ្លួន​កន្លងមក​។​ ​គួរ​បញ្ជាក់ដែរថា យុវជន «​ចំប៉ី ខ្មៅ​» ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ខណ្ឌដូនពេញ នា​ល្ងាច​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី​បង្ហោះ​ជា​សាធារណៈ តាម​បណ្តាញ​សង្គម Facebook ដោយបាន​ជេរប្រមាថ​មកលើ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ក្នុងន័យ​មើលងាយមើលថោក សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​ «​ចំប៉ី​ខ្មៅ​» បានបង្ហាញ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម នៅខាងមុខ​ព្រះបរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ធ្ងន់ៗ ដោយ​ប្រមាថ​ទៅដល់​ជាតិ​សាសន៍​ខ្មែរ​។ វីដេអូ​នោះ បានធ្វើ​ឱ្យមាន​ការខឹង​សម្បារ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស និង​ថ្កោលទោស​ឱ្យ​សមត្ថកិច្ច ចាត់ការ​ចំពោះ​បុគ្គល​នេះ​៕ ​