កូរ៉េខាងត្បូង​បាញ់​គំរាម​រុស្ស៊ី​រាប់រយ​គ្រាប់​ពេល​យន្តហោះ​ចម្បាំង​ពួកគេ​បើក​ចូល​ដែនអាកាស​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
287
​កូរ៉េខាងត្បូង​បាន​បាញ់​ព្រមាន​យន្តហោះ​ចម្បាំង​រុស្ស៊ី ដែល​ថ្លើមធំ​ហា​បើក​ចូល​ដែនអាកាស​ពួកគេ​នោះ​។​ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​និយាយថា ពួកគេ​បាន​បាញ់​ព្រមាន​យន្តហោះ​ចម្បាំង A-50 របស់​រុស្ស៊ី ដែល​បាន​បើក​ចូល​ដែនអាកាស​របស់​ពួកគេ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​ ​ក្រុមមន្ត្រី​កូរ៉េខាងត្បូង បាន​អះអាងថា យន្តហោះ​នោះ បាន​ហោះ​បំពាន​ដែនអាកាស​ស្ថិតនៅលើ​កោះ Dokdo ឬ​Takeshima ដែល​កាន់កាប់​ដោយ​ទីក្រុង​សេ​អ៊ូ​ល តែ​ត្រូវ​បានប្រកាស​ផងដែរ​ដោយ​ជប៉ុន​។​ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​និយាយថា យន្តហោះ​ចម្បាំង​ជាច្រើន​របស់​ពួកគេ បាន​បាញ់​អណ្តាតភ្លើង និង​បាញ់​ព្រមាន​ជាច្រើន​គ្រាប់​។​ ​ការបាញ់​ព្រមាន​បន្ថែមទៀត​បានធ្វើ​ឡើង​ផងដែរ ពេលដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​នេះ បាន​បក​មកវិញ​នៅ​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយមក​។​ ​វា​គឺជា​ឧប្បត្តិហេតុ​លើកដំបូង​គេ​ហើយ​រវាង​រុស្ស៊ី និង​កូរ៉េខាងត្បូង​។​ ​យោធា​កូរ៉េខាងត្បូង បាន​និយាយថា យន្តហោះ​នោះ​ស្ថិតនៅ​ក្នុងចំណោម​យន្តហោះ​រុស្ស៊ី​៣​គ្រឿង និង​យន្តហោះ​ចិន​២​គ្រឿង​ដែល​បាន​ហោះចូល​ទៅក្នុង​តំបន់​ដែន​កំណត់​ការពារ​អាកាស​កូរ៉េ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ជា​កន្លែង​ដែល​យន្តហោះ​បរទេស ត្រូវតែ​ផ្តល់​អត្តសញ្ញាណ​ពួកគេ​ជាមុន ។​   ​យន្តហោះ​ចម្បាំង យន្តហោះ​ឈ្លប​ការណ៍​រុស្ស៊ី និង​ចិន តែងតែ​ចូលទៅក្នុង​តំបន់ហាមឃាត់​នេះ នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។​ ​កូរ៉េខាងត្បូង បាន​និយាយថា យន្តហោះ​រុស្ស៊ី​មួយគ្រឿង បាន​បើក​ចូល​យ៉ាងជ្រៅ​ទៅក្នុង​ដែនអាកាស​របស់ខ្លួន​នៅវេលា​ម៉ោង​៩​ព្រឹក ហើយ​យន្តហោះ F-15k និង F-16k របស់​កូរ៉េខាងត្បូង ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ស្កាត់​យន្តហោះ​មួយគ្រឿង​នេះ​។​ ​លោក Chung Eui-yong គឺជា​ប្រធានការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង បានដាក់​ពាក្យ​ជំទាស់​យ៉ាងខ្លាំង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី និង​បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​មួយ​នេះ ចាត់វិធានការ​ដ៏​សមរម្យ​មួយ​។​ ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​រាយការណ៍​សម្តី លោក Chung Eui-yong ថា យើង​បាន​ពិនិត្យ​តាមដាន​ស្ថានភាព​មួយ​នេះ យ៉ាង​ដិតដល់​បំផុត ហើយ​បើសិនជា​វា​កើតឡើង​ម្តងទៀត យើង​នឹង​ចាត់វិធានការ​ខ្លាំង​ជាង​មុន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ មិនទាន់មាន​ការធ្វើ​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​ពី​ចិន និង​រុស្ស៊ី​នោះទេ ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​មួយ​នេះ​៕