អយ្យការ​ស្នើសុំ​ឲ្យ​កាត់ទោស​អតីត​មិត្ត​ប្រុស​តារា​ស្រី​កូរ៉េ Goo Hara​ឲ្យ​ជាប់គុក​៣​ឆ្នាំ​លើ​ករណី​បំពាន​រាងកាយ និង​គំរាម​ទម្លាយ​វីដេអូ​សិច​

សិល្បៈកម្សាន្ត
0
548
​ក្រុម​អយ្យការ បានស្នើ​សុំ​ឲ្យ​លោក Choi Jong Bum គឺជា​អតីត​មិត្ត​ប្រុស​របស់​តារាចម្រៀង និង​សម្តែង​កូរ៉េខាងត្បូង Goo Hara​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​លើ​រាងកាយ និង​ការបំភិតបំភ័យ​នោះ ជាប់គុក​៣​ឆ្នាំ​។​ ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា តុលាការ​ស្រុក​កណ្តាល​សេ​អ៊ូ​ល បាន​បើកសវនាការ​កាត់ក្តី​ផ្តាច់ព្រ័ត្រ សម្រាប់​លោក Choi Jong Bum បន្ទាប់ពី​ការកាត់ទោស​លើក​ទី​៣​កាលពី​ដើមខែ​នេះ ជា​ពេលដែល​នាង Goo Hara ឡើង​ធ្វើជា​សាក្សី​ផងដែរ​។​ ​ក្រុម​អយ្យការ បាន​ពន្យល់ថា ឧក្រិដ្ឋ​កម្មនេះ ផ្តើមចេញពី​រឿង​តូចតាច​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ គឺជា​តារា​ស្រី​ល្បី មាន​ស្លាកស្នាម​ដែល​គ្មាន​ថ្ងៃ​នឹង​អាច​ព្យាបាល​ជាសះស្បើយ​។ បទឧក្រិដ្ឋ​គំរាម​ទម្លាយ​វីដេអូ​សិច​ដោយសារតែ​កំហឹង គឺ​ត្រូវតែ​កាត់ទោស​ឲ្យ​ធ្ងន់ធ្ងរ​បំផុត មិន​សំខាន់​ថា ជនរងគ្រោះ​គឺជា​តារា​ល្បី ឬ​មិន​ល្បី​នោះទេ​។​ ​លោក Choi Jong Bum ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​ច្បាប់​ករណី​ពិសេស​ពាក់ព័ន្ធ​នឹង​ការដាក់ទោស​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​(​លួច​ថតរូប​អាសអាភាស​ដោយ​គ្មាន​ការយល់ព្រម​) ការបំពាន​លើ​រាយ​កាយ ការបំភិតបំភ័យ ការបង្ខិតបង្ខំ និង​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​។ ​ទោះបីជា​យ៉ាងណាក៏ដោយ លោក Choi Jong Bum នៅតែ​បដិសេធន៍​រាល់​ទោសកំហុស​ទាំងអស់ ក្រៅពី​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​។​ ​ក្រុម​អយ្យការ បាន​អះអាងថា ថ្វីត្បិតតែ​ទម្ងន់ទោស​ឧក្រិដ្ឋកម្មរ​បស់​គាត់​មាន​សណ្ឋាន​ធ្ងន់ធ្ងរ​យ៉ាងណាក្តី ចុងចោទ មិនបាន​សុំ​ការលើកលែងទោស​នោះ លោក​គ្មាន​បង្ហាញ​នូវ​ការសោកស្តាយ​សូម្បីតែ​បន្តិច ហើយ​ថែមទាំង​អះអាងថា លោក​រង​ផលប៉ះពាល់​ខ្លាំង​ជាង​នាង Goo Hara ទៅទៀត​។ ឧក្រិដ្ឋកម្ម​របស់លោក​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ។​ ​សូមបញ្ជាក់ថា សាលក្រម​ចុងក្រោយ​សម្រាប់​លោក Choi Jong Bum នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែសីហា ខាងមុខនេះ​៕​