ចឹ​ង​សោះ​បានជា​អឺរ៉ុប​ឡើងក​ម្តៅ​ខ្លាំង​បែបនេះ​! ភាគច្រើន​នៃ​តំបន់​អាក់​ទិ​ក​កំពុង​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​

បច្ចេកវិទ្យា
0
288
​រូបភាព​ថ្មី​ពី​ទីភ្នាក់ងារ​អង្កេត​ផែនដី​របស់​អង្គការ NASA​បាន​បង្ហាញថា ភ្លើង​ឆេះ​ព្រៃ​កំពុង​ឆាបឆេះ​តំបន់​ជាច្រើន​នៅ​រុស្ស៊ី និង​អាក់​ទិ​ក បង្កើតបានជា​ផ្សែង​យ៉ាង​ក្រាស់​ដែល​គេ​អាច​មើលឃើញ​ពី​ទី​អវកាស​។​ ​ចាប់តាំងពី​ខែមិថុនា​រហូតមក ភ្លើង​ឆេះ​ព្រៃ​ជាង​១០០​កន្លែង បាន​ឆាបឆេះ​តំបន់​អាក់​ទិ​ក ជាពិសេស​នៅ​តំបន់​ដែល​ស្ងួត និង​ក្តៅ​ខ្លាំង​ក្នុង​រដូវក្តៅ​នេះ​។ នៅ​រុស្ស៊ី ភ្លើង​ឆេះ​ព្រៃ បាន​ឆាបឆេះ​១១​តំបន់​ក្នុងចំណោម​៤៩​តំបន់​នៅក្នុង​ប្រទេសមួយ​នេះ ដែល​មានន័យថា​នៅ​កន្លែង​ដែល​គ្មាន​ភ្លើង​ឆេះ​ព្រៃ ក៏​មនុស្ស​ឈ្លក់​ដោយសារតែ​ផ្សែង​ហោះ​ពេញ​ប្រទេស​ដែរ​។​   ​យោងតាម​ទីភ្នាក់ងារ​អង្កេត​ផែនដី បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃធំៗ ដែល​បង្កឡើង​ដោយសារតែ​ផ្គរ​រន្ទះ ស្ថិតនៅ​តំបន់ Irkutsk, Krasnoyarsk និង​តំបន់ Buryatia ។ ភ្លើង​ឆេះ​ព្រៃ​ទាំងនេះ ឆេះ​នៅលើ​ផ្ទៃដី​៨២៩​គ​.​ម​ក្រឡា ៣៨៨​គ​.​ម​ក្រឡា និង​១០៦​គ​.​ម​ក្រឡា ហើយ​វា​បាន​ឆេះ​រហូតមក​ទល់នឹង​ថ្ងៃទី​២២ ខែកក្កដា​កន្លងទៅ​។​ ​ទីក្រុង Krasnoyarsk របស់​រុស្ស៊ី ស្ថិតក្រោម​ស្រទាប់​ផ្សែង​អ័ព្ទ ហើយ​ទីក្រុង Novosibirsk នៅ​តំបន់​ស៊ី​បេ​រី ដែល​គ្មាន​ភ្លើង​ឆេះ​ព្រៃ​សោះ​ផងដែរ ក៏មាន​ផ្សេង​គ្របដណ្តប់​ពីលើ​ផងដែរ ធ្វើ​ឲ្យ​បំពុលបរិយាកាស​យ៉ាងខ្លាំង​។​ ​ភ្លើង​ឆេះ​ព្រៃ បាន​កើតមាន​ផងដែរ​នៅ​តំបន់ Greenland និង​ផ្នែក​ខ្លះទៀត​នៃ Alaska បន្ទាប់​រលក​កម្តៅ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ បាន​កើតមាន​កាលពី​ខែមិថុនា​កន្លងទៅ​។ ​លោក Mark Parrington គឺជា​អ្នកវិទ្យាសាស្ត្រ​មកពី​សេវាកម្ម​ឃ្លាំមើល​បរិយាកាស Copernicus(CAMS)​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​អង្កេត​ផែនដី​របស់​សហភាព​អឺរ៉ុប បាន​និយាយប្រាប់ CNN​ថា វា​គឺជា​រឿង​ធម្មតា​ទៅហើយ​ដែលមាន​ភ្លើង​ឆេះ​ព្រៃ​អំឡុង​ខែ​រដូវប្រាំង​នៅ​តំបន់​អាក់​ទិ​ក ប៉ុន្តែ​ចំនួន​ភ្លើង​ឆេះ​ព្រៃ និង​រយៈពេល​នៃ​ភ្លើង​ឆេះ​ព្រៃ​ក្នុងឆ្នាំនេះ មិនមែនជា​រឿង​ធម្មតា​នោះទេ ហើយ​និង​មិន​ធ្លាប់​ដែលមាន​ពីមុនមក​ទៀតផង​។​ ​ដោយឡែក​លោក Claudia Volosciuk​គឺជា​អ្នកវិទ្យាសាស្ត្រ​មកពី​អង្គការ​ភូគព្ភសាស្ត្រ​ពិភពលោក បាន​និយាយប្រាប់ CNN​ដែរ​ថា តំបន់​អាក់​ទិ​ក​បច្ចុប្បន្ន​ក្តៅ​ខ្លាំង​ជាង​តំបន់​ដ៏ទៃទៀត​នៅលើ​ផែនដី ធ្វើ​ឲ្យ​វា​ងាយ​នឹង​កើតជា​អគ្គីភ័យ​ខ្លាំងណាស់​នៅ​ទីនោះ​។ ឧទាហរណ៍ នៅ​តំបន់​ស៊ី​បេ​រី សីតុណ្ហភាព​ក្នុង​ខែមិថុនា ឆ្នាំនេះ មាន​ជិត​១០​អង្សា​សេរ​ក្តៅ​ជាង​កាលពី​ចន្លោះ​ឆ្នាំ​១៩៨១ និង​ឆ្នាំ​២០១០៕​