អ​ណោ​ច​អធម ណាស់​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ឪពុក​ទុកចោល​ក្នុង​បន្ទប់​ក្តៅ​រហូតដល់​ស្លាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ជាទីបំផុត ក្រោយពី​ត្រូវបាន​ឪពុក​របស់ខ្លួន​ទុកចោល​នៅក្នុង​បន្ទប់​ក្តៅ​ក្នុងផ្ទះ ស្ថិតនៅក្នុង​ទីក្រុង Essen ប្រទេស​អាល្លឺម៉ង់​។​ ​ក្រុមនគរបាល​បាន​អះអាងថា ឪពុក​ម្នាក់នេះ បាន​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម សម្រាប់​ការ​ទុកចោល​កូនតូច​របស់ខ្លួន​នៅក្នុង​បន្ទប់​ក្តៅ ដោយ​គ្មាន​ទឹក​ផឹក​អស់​រយៈពេល​១៧​ម៉ោង​។​ ​បុរស​វ័យ​៣១​ឆ្នាំ​ម្នាក់នេះ ត្រូវបាន​ចាប់ខ្លួន ក្រោយ​សេវាកម្ម​សង្គ្រោះបន្ទាន់​ទទួលបាន​ការហៅ​ទូរស័ព្ទ​ឲ្យ​ទៅកាន់​ផ្ទះមួយ​កន្លែង​ស្ថិតនៅក្នុង​ទីក្រុង Essen ប្រទេស​អាល្លឺម៉ង់​។​ ​ក្រុមនគរបាល បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ទៅកាន់​ផ្ទះមួយ​ខ្នង​នោះ ប៉ុន្តែ​ពេលដែល​ពួកគេ​ទៅដល់ ឪពុក​របស់​ក្មេង​តូច ឈ្មោះ Benjamin S បាន​ឈរ​នៅមុខ​បន្ទប់ រួច​ស្រែក​ខ្លាំងៗ​ថា “​កូនប្រុស​របស់ខ្ញុំ​ស្លាប់​ហើយ សូម​មក​ឲ្យ​លឿន​ឡើង​”​។​ ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក បាន​ឲ្យ​ដឹងថា វា​មិនមែនជា​ឪពុក​ម្នាក់នេះ​ទេ ដែល​បាន​ទូរស័ព្ទ​សុំ​ជំនួយ​សង្គ្រោះបន្ទាន់​។​ ​សមាជិកគ្រួសារ​ផ្សេងទៀត ត្រូវបាន​គេ​រាយការណ៍​ថា បាន​នៅផ្ទះ​នោះ​ផងដែរ​នៅពេល​កើតហេតុ ប៉ុន្តែ​មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹងថា​នរណា​ខ្លះ​នៅ​ទីនោះ​ទេ​។​ ​ពេលដែល​វេជ្ជបណ្ឌិត​សង្គ្រោះបន្ទាន់ បាន​ឡើងដល់​ជាន់​ទី​៣ គ្រូពេទ្យ​នៅ​កន្លែង​ដែល​ក្មេងប្រុស​ត្រូវបាន​សង្គ្រោះ បានប្រកាសថា ក្មេងប្រុស​បាន​ស្លាប់​ទៅហើយ​។​ ​សូមបញ្ជាក់ថា សីតុណ្ហភាព​នៅ​អាល្លឺម៉ង់ បាន​ឡើងដល់​៣០​អង្សា​សេរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ ​លោក Christoph Wickhorst គឺជា​អ្នកនាំពាក្យ​ក្រុមនគរបាល បាន​និយាយថា ការវះកាត់​ពិនិត្យ​សព បាន​បង្ហាញថា ក្មេងប្រុស​តូច​ម្នាក់នេះ បាន​ស្លាប់​ដោយសារតែ​ការខកខាន​ចរន្តឈាម​រត់ ក្រោយ​រង​កម្តៅ​ខ្លាំងពេក​។ មាននូវ​សញ្ញា​ផងដែរ​ពី​កង្វះខាត​សារធាតុ​រាវ​ស្រូប​ចូលទៅក្នុង​រាងកាយ​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត​អាល្លឺម៉ង់ Bild បាន​ឲ្យ​ដឹងថា ក្មេង​តូច​ម្នាក់ នេះ ត្រូវបាន​ទុក​នៅក្នុង​បន្ទប់​ក្តៅ​ចន្លោះ​ពី​ម៉ោង​១៧​ម៉ោង​ទៅ​១៨​ម៉ោង ហើយ​និង​គ្មាន​វិធី​ចេញពី​បន្ទប់​បាន​នោះទេ​។​ ​ដោយឡែក ម្តាយ​ក្មេងប្រុស ដែលមាន​អាយុ​២១​ឆ្នាំ បាន​នៅ​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត នៅពេលដែល​ឧប្បត្តិហេតុ​កើតឡើង ដោយសារតែ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ បាន​ចែកផ្លូវ​គ្នា​៕