ក្រុម​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត រកឃើញ​សរីរាង្គ​នៅក្នុង​ស្បែក​ដែល​បណ្តាល​ឲ្យ​មនុស្ស​ឈឺចាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
332
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​សរីរាង្គ​មួយ​នៅក្នុង​ស្បែក​ដែល​អាច​បណ្តាល​ឲ្យ​មនុស្ស​ឈឺចាប់​បាន​។ មកទល់នឹង​ពេលនេះ ក្រុម​អ្នកជំនាញ មានជំនឿថា សរសៃប្រសាទ​នៅក្នុង​ស្បែក មាន​ទំនួល​ខុសត្រូវ​លើ​ការ​រំញោច​មិន​ស្រួល ឈឺចាប់​ដូចជា​មុត​នឹង​បន្លា​អញ្ចឹង​ដែរ​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​វិទ្យាស្ថាន Karolinska ប្រទេស​ស៊ុយអែត បាន​រកឃើញ​សរីរាង្គ​ដូច​សំណាញ់​នៅក្នុង​ស្បែក​របស់​ពួកយើង​ដែលមាន​កោសិកា​គ្លី​អាល់ ។ កោសិកា​នេះ ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​រចនាសម្ព័ន្ធ​ដូចជា​សក់ ដែល​ត្រូវបាន​គេ​គិតថា មាន​ភាព​រសើប​ខ្លាំង​នឹង​រំញោច​ខាងក្រៅ​។​ ​ក្រុម​អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ពេលដែល​បណ្តាញ​នៃ​កោសិកា​មួយ​នេះ ត្រូវបាន​បិទ​នៅក្នុង​កណ្តុរ វា​ក៏បាន​កាត់បន្ថយ​ភាពឈឺចាប់​របស់​វា​។​ ​ពួកគេ​សង្ឃឹមថា ការសិក្សា​របស់​ពួកគេ នឹង​ជួយ​ដល់​ក្រុម​អ្នកជំនាញ​យល់​កាន់តែច្បាស់​ពី​ការឈឺចាប់​ដ៏​រ៉ាំរ៉ៃ ដែល​នាំ​ឲ្យ​មានការ​ព្យាបាល​ថ្មី​សម្រាប់​ជនរងគ្រោះ​រាប់លាន​នាក់​។​ ​លោក​សាស្ត្រាចារ្យ Patrik Ernfors បាន​និយាយថា ការសិក្សា​របស់​ពួកយើង បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រសើប​ចំពោះ​ការឈឺចាប់​ដែល​មិន​ត្រឹមតែ​កើតឡើង​ចំពោះ​សរសៃប្រសាទ​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កើតឡើង​នៅក្នុង​សរីរាង្គ​ងាយ​នឹង​ឈឺចាប់​ដែល​ទើប​រកឃើញ​ថ្មី​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។​ ​លោក​បន្តថា ការរកឃើញ​នេះ បាន​ផ្លាស់ប្តូរ​ការយល់ដឹងរ​បស់​ពួកយើង​លើ​យន្តការ​កោសិកា នៃ​ភាព​រសើប​លើ​រាងកាយ និង​វា​អាចជា​រឿង​ដ៏​សំខាន់​មួយ នៅក្នុង​ការយល់ដឹង​កាន់តែច្បាស់​ពី​ការឈឺចាប់​ដ៏​រ៉ាំរ៉ៃ​។​ ​យោងតាម​របាយការណ៍​ពី​ក្រុម British Pain Society បាន​ឲ្យ​ដឹងថា ការឈឺចាប់​ដ៏​រ៉ាំរ៉ៃ ដែល​អាចមាន​រយៈពេល​រហូតដល់​៣​ខែ ឬ​យូរ​ជាង​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​២​ភាគ​៥​ក្នុងចំណោម​មនុស្សពេញវ័យ​២៨​លាន​នាក់​នៅ​ចក្រភព​អង្គ​គ្លេ​ស កាលពី​ឆ្នាំ​២០១៦​។​ ​ដោយឡែក នៅ​សហរដ្ឋអាមេរិក​វិញ ពលរដ្ឋ​អាមេរិក​ប្រហែល​៥០​លាន​នាក់ ឬ​ស្មើនឹង​ជាង​២០​ភាគរយ​នៃ​មនុស្សពេញវ័យ ត្រូវបាន​គេ​រកឃើញថា បាន​រង​ការឈឺចាប់​មួយ​នេះ​៕​