លោក ព្រហ្ម ម៉ាញ ព្រួយបារម្ភ​ចំពោះ​ការវិវឌ្ឍ​ន៍​នៃ​វិស័យ​សិល្បៈ​អា​យ៉ៃ​ទៅ​ថ្ងៃ​អនាគត​ទើប​…

សិល្បៈកម្សាន្ត
0
373
​លោក ព្រហ្ម ម៉ាញ ដែលជា​សិល្បករ​ជើងចាស់ ផ្នែក​អា​យ៉ៃ​ដ៏​មាន​ទេពកោសល្យ ពោរពេញ​ទៅដោយ​សមត្ថភាព និង​បទពិសោធន៍ ទទួលបាន​ការគាំទ្រ​ខ្លាំង ក៏ដូចជា​គោរព​ស្រឡាញ់​ពី​សំណាក់ អ្នកសិល្បៈ​ជំនាន់​ក្រោយ ថ្មីៗ​នេះ​លោក​បាន​បង្កើត​សាលាបង្រៀន​ផ្នែក​សិល្បៈ​បុរាណ​មួយ ដោយ​មិន​គិតថ្លៃ​ដើម្បី​បន្តទៅ​អ្នកជំនាន់ក្រោយ ។​ ​យោងតាម​ការផ្តល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​មួយ លោក ព្រហ្ម ម៉ាញ បាន​ឲ្យ​ដឹងថា​រាប់​គិត​ចាប់​ពេល​បើក​សាលាដំបូង​រហូត​ពេលនេះ សន្ទុះ​នៃ​ការចាប់អារម្មណ៍​ចង់​រៀន​ជំនាញ​អា​យ៉ៃ ចាប់តាំងពី​បាន​បើក​កាល​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ មក​នោះ​ថា​៖ «​បើ​គិត​មកដល់​ត្រឹម​ថ្ងៃនេះ ខ្ញុំ​ទទួលបាន​សិស្ស​ចំនួន ១២ នាក់​ហើយ ដោយមាន​ទាំង​ចំនួន​សិស្ស​ប្រុស និង​សិស្សស្រី គឺ​ប្រហាក់ប្រហែលគ្នា​។ ឯ​ការទទួល​សិស្ស​ចូលរៀន​មិន​កំណត់​ចំនួន​ឡើយ ឲ្យ​តែ​ចាប់អារម្មណ៍​ចង់​រៀន​។ ការទទួល​ចាប់ពី​វ័យ ១០ ឆ្នាំ ឡើងទៅ ឬ​មាន​វ័យ ៦០ ឆ្នាំ ក៏​អាច​រៀន​បាន​ផងដែរ​ឲ្យ​តែ​ចិត្ត​ចង់​រៀន ហើយ​ការបង្រៀន​នេះ មិន​យកប្រាក់​កម្រៃ​នោះឡើយ គឺ​ថែមទាំង​អាច​ឲ្យ​សិស្ស ដែល​ជួប​ផល​លំបាក អាចមក​ស្នាក់​នៅផ្ទះ​ជា​សាលារៀន​អា​យ៉ៃ មាន​ទីតាំង​នៅក្នុង​បុរី KC ជិត​វត្ត​តាំង​កសាង ផ្ទះ​លេខ L14 នៃ​សង្កាត់​កា​កាប ២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​»​។ ​លោក​បាន​បន្តថា​៖ «​តាមពិតទៅ គម្រោង​បើក​បង្រៀន​នេះ ខ្ញុំ​មាន​តាំងពី ៣ ឆ្នាំមុន​មកម្ល៉េះ ខណៈ​ខ្ញុំ​ខំ​រកប្រាក់ និង​រក្សាទុក ដើម្បី​ទប់ទល់​ការចំណាយ​មុន​នៃ​ការបើក​បង្រៀន​នេះ តែ​ជា​អកុសល ត្រូវ​ចោរ​គាស់​ផ្ទះ​លួច​យកប្រាក់​អស់ ហើយ​ការសម្រេច​បើក​បង្រៀន​សិស្ស នាពេលនេះ ក៏ដោយ​សារ​មានការ​ជំរុញ​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​កំពូល​ផងដែរ គឺ​សម្តេច​ក្រឡាហោម ដែល​លោក​ធ្លាប់​ប្រាប់​ឲ្យ​ខ្ញុំ​ជួយ​បង្កើត​សាលាបង្រៀន ឬ​មណ្ឌល​បណ្តុះបណ្តាល​ជំនាញ​អា​យ៉ៃ​នេះ​»​។​ ​គួរ​បញ្ជាក់ដែរថា អា​យ៉ៃ គឺជា​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លើយឆ្លង​បែប​បុរាណ​មួយ​ដែលមាន​ប្រវត្តិ​ចារ​ទុកជា​សម្បត្តិ​វប្បធម៌​ខ្មែរ​។ ប៉ុន្តែ ទោះជា​អា​យ៉ៃ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ក៏ដោយ ក៏​សិល្បករ​ចម្រៀង​អា​យ៉ៃ​មាន​ចំនួន​តិចតួច​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​។ លោក ព្រហ្ម ម៉ាញ ជា​សិល្បករ​ជើងចាស់​មាន​សំឡេង​ពីរោះ ពូកែ​ទាំង​កំប្លុកកំប្លែង ទាំង​សំនួនវោហារ និង​ការសំដែង កំពុងមាន​ការសោកស្តាយ និង​ព្រួយបារម្ភ​ចំពោះ​ការ​វិវឌ្ឍន៍​នៃ​វិស័យ​សិល្បៈ​អា​យ៉ៃ​ទៅ​ថ្ងៃ​អនាគត ដូច្នេះ​លោក​សម្រេចចិត្ត​ចង់​ចែករំលែក​សិល្ប​:​វប្បធម៌​ដែលមាន​ត​ពី​ដូនតា​មក​អ្នក​ជំនាន់​​ក្រោយ ៕