សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ថវិការដ្ឋ​ចំនួន ៣០​លាន​ដុល្លារ ដើម្បី​បន្ត​កសាង​អគារ​កម្ពស់​១២​ជាន់​ដែល​មន្ទីរពេទ្យ​កាល់ម៉ែត​

ព្រឹត្តិការណ៍ថ្មីៗ
0
280
​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេច​បញ្ចេញ​ថវិការដ្ឋ​ចំនួន ៣០​លាន​ដុល្លារ ដើម្បី​បន្ត​កសាង​អគារ​កម្ពស់​១២​ជាន់​ដែល​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សាងសង់​បាន ១៧​ភាគរយ​រួចមកហើយ​ក្នុងតម្លៃ​៣៩​លាន​៧​សែន​ដុល្លារ​។ នេះ​បើ​យោងទៅលើ​សារ​ដែល​សម្តេច​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នា​ថ្ងៃនេះ ។​ ​ហ្វេ​ស​ប៊ុ​ក​សម្តេច បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា «​បី​ថ្ងៃ​រួចមកហើយ​ដែល​ខ្ញុំ​មក កំដរ​ម្តាយក្មេក​ខ្ញុំ​នៅ​មន្ទីរពេទ្យ​កាលម៉ែត ដែល​ខ្ញុំ​ពិនិត្យឃើញថា​មន្ទីរពេទ្យ​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាជន​ប៉ុន្តែ​មន្ទីរពេទ្យ ក៏ដូចជា​ក្រសួងសុខាភិបាល ខ្វះ​លទ្ធភាព​ខាង​ថវិកា​សម្រាប់​ការសាងសង់​អគារ​ថ្មី និង​ទិញ​សម្ភារ​សម្រាប់​បំពាក់​ទាំង​អាគារ​ថ្មី និង​អគារ​ដែលមាន​រួចមកហើយ​។ ថ្ងៃនេះ​ខ្ញុំ​សម្រេច​បញ្ចេញ​ថវិការដ្ឋ​ចំនួន ៣០​លាន​ដុល្លារ ដើម្បី​បន្ត​កសាង​អគារ​កំពស់​១២​ជាន់ ដែល​មន្ទីរពេទ្យ​បាន​សាងសង់​បាន ១៧​ភាគរយ​រួចមកហើយ​ក្នុងតម្លៃ​៣៩​លាន​៧​សែន​ដុល្លារ​»​។​ ​បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រាប់​ការបំពាក់​សម្ភារ​បរិក្ខា​រទាំង​នៅ​អាគារ​ថ្មី និង​អគារ​ចាស់​សម្តេច​បាន​បង្កើត​ចលនា​សប្បុរសជន​ចូលរួម​ជួយ​ដល់​ជិវិត​មនុស្ស​បាន​ថវិកា​ចំនួន ៥៣​លាន​ដុល្លារ​គិត​ត្រឹម​ម៉ោង​៤​ល្ងាច ថ្ងៃ​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ដែល​សង្ឃឹមថា​នឹងមាន​សប្បុរសជន ចូលរួម​បន្ថែមទៀត​ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាលម៉ែត ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​បង្អែក​របស់​ជាតិ​កម្ពុជា​យើង​។ សម្តេច​សូម​អរគុណ​ចំពោះ​សប្បុរសជន ដែល​បាន​ចូល​តាម​ការអំពាវនាវ របស់​សម្តេច​តាម​ពាក្យស្លោក «​បរិច្ចាគ​ដើម្បី​ជួយ​ដល់​ជិវិត​មនុស្ស​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​អរគុណ និង​កោតសរសើរ​ចំពោះ​វេជ្ជបណ្ឌិត​គ្រូពេទ្យ​គ្រប់​ជំនាញ និង​បុគ្គលិក​នៅក្នុង​មន្ទីរពេទ្យ​ទាំងអស់ ដែល​បាន​បំពេញការងារ ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​ ​សម្តេច​បន្ថែមថា «​បើទោះជា​ជីវិត​ម្តាយក្មេក​ខ្ញុំ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សង្គ្រោះបន្ទាន់​វិ​វត្ត​ទៅកាន់​ស្ថានភាព​បែបណាក៏ដោយ ក៏​ពួកយើងខ្ញុំ​ជា​កូន​ជា​ចៅ ចៅទួត អស់ចិត្ត​ដែរ ព្រោះ​បើ​មិនមាន​គ្រូពេទ្យ​ខ្មែរ​ដ៏​ពូកែ​ជួយ​ទាន់ពេលវេលា​ទេ​ម្លេះ​សម​ម្តាយក្មេក​ខ្ញុំ​បាន​លាចាក​លោក​នេះ​តាំង​ពីថ្ងៃ​ម្សិលមិញ​មក​ម្លេះ ព្រោះ​នៅឯ​គេហដ្ឋាន​របស់ខ្ញុំ បានរៀបចំ​រួចរាល់​ហើយ​សម្រាប់​បុណ្យសព​ម្តាយក្មេក​ខ្ញុំ តែដោយសារ​ភាព​ជំនាញ​របស់​គ្រូពេទ្យ​នោះ​ហើយ ដែល​ធ្វើឱ្យ​ម្តាយក្មេក​ខ្ញុំ​បន្ត​រស់នៅ​ជាមួយ​កូនចៅ​មួយរយៈ​ទៀត​»៕