សម្តេច​តេ​ជោ ៖ …….. សូមកុំ​ឲ្យ​មាន​ការយក​បណ្ដាញ​សង្គម​ទៅធ្វើ​ការឃោសនា​មួលបង្កាច់​ពី​ព្រឹត្តិការណ៍​នេះ​ថា​មានការ​ធ្លាក់​យន្តហោះ​នៅ​កម្ពុជា​…..

ព្រឹត្តិការណ៍ថ្មីៗ
0
356
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅថ្ងៃនេះ​នឹងមាន​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម គឺ​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង ២ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង ហើយ​ការចូលទៅ​ជួយ​ពលរដ្ឋ​រងគ្រោះ​តាម​ព្រំដែន​គ្នា​ទៅវិញទៅមក គឺ​មិនមែនជា​ការឈ្លានពាន​គ្នា​នោះទេ​។​សម្ដេច បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​ ​ការធ្វើ​លំ​ហាត់​យោធា​នេះ គឺ​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​រួមគ្នា និង​ផ្តល់នូវ​ផលប្រយោជន៍ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ នៅពេល​ដែលមាន​គ្រោះមហន្តរាយ​កើតឡើង ដូចជា​គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ ឬ​គ្រោះធម្មជាតិ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ ព្រម​ជាមួយនឹង​ការចូលរួមចំណែក​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ឱ្យមាន​ការរីកចម្រើន​។​ ​រយៈពេល​នៃ​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​មាន​រយៈពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១០ ដល់​១៨ ខែធ្នូ ឆ្នាំ​២០១៩​។ កម្លាំង​ចូលរួម​ខាង​ភាគី​វៀតណាម ២៦៥​នាក់ ខាង​ភាគី​កម្ពុជា​៤៧១​នាក់ រួម​នឹង​កម្លាំង​ចូលរួម ១,១៤៣​នាក់​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​: នៅថ្ងៃនេះ​មាន​សមយុទ្ធ​ពីរ​៖ ​សមយុទ្ធ​ទី​១. គឺ​ការ​សមយុទ្ធ​សង្គ្រោះ​គ្រោះមហន្តរាយ​សម្រាប់​ឧប្បត្តិហេតុ​នៃ​ការធ្លាក់​យន្តហោះ ដែល​ប្រព្រឹត្តទៅ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ដូចនេះ​សុំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ ឬ​ការប្រើ​បណ្ដាញ​សង្គម​ដើម្បី​មួលបង្កាច់​ទាក់ទង​ទៅនឹង​ការធ្លាក់​យន្តហោះ​ជាដើម ព្រោះនេះ​គឺជា​សមយុទ្ធ​ជួយសង្គ្រោះ​ការធ្លាក់​យន្តហោះ តែ​មិនមែន​យក​យន្តហោះ​ទៅធ្វើ​ឲ្យ​ធ្លាក់​នោះទេ​។​ ​សមយុទ្ធ​ទី​២. កំពុង​ចាប់ផ្ដើម​ដែរ​គឺ​នៅក្នុង​ខេត្តស្វាយរៀង គឺ​សមយុទ្ធ​សង្គ្រោះ​គ្រោះមហន្តរាយ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​វៀតណាម ដូច្នេះ​សូមកុំ​ឲ្យ​មាន​ការយក​បណ្ដាញ​សង្គម​ទៅធ្វើ​ការឃោសនា​មួលបង្កាច់​ពី​ព្រឹត្តិការណ៍​នេះ​ថា​មានការ​ធ្លាក់​យន្តហោះ​នៅ​កម្ពុជា ឬ ការ​ចល័ត​ទ័ព​ជាដើម​៕