ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​…​ឪពុក​ជា​ឃាតករ ឯ​កូនប្រុស​ក៏​ជា​ឃាតករ​ដែរ​

សង្គមប្លែកៗ
0
293
…​បើទោះបីជា​បាតដៃ​បាន​ប្រឡាក់​ឈាម​ស្ត្រី​រកស៊ី​ផ្លូវភេទ​អស់​ជាច្រើន​នាក់​មកហើយ​តែ​ឃាតករ​ម្នាក់នេះ​បាន​រួចខ្លួន​រហូត​ព្រោ​ហ​ទំនងជា​នៅមាន​អ្នកតា​ជួយ​បិទបាំង​មិន​ឲ្យ​ប៉ូលិស​ហិតក្លិន​ដឹង​។ លុះដល់​សម្លាប់​មនុស្ស​ស្រី​ច្រើន​នាក់​ពេក​…​អ្នកតា​ខ្លា​ចបាប​ដែរ​ក៏​ដកខ្លួន​ថយ​…​មានអី​ឃាតករ​ម្នាក់នេះ​ក៏​ជាប់​សំណាញ់​ប៉ូលិស​ភ្លែត​ក្រោយពី​រូបគេ​បានសម្លាប់​មិត្តស្រី​របស់ខ្លួន​។​ឃាតករ​ម្នាក់នេះ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ត្រូវបាន​ប៉ូលិស​ថៃ​ចាប់ខ្លួន ក្រោយ​គេ​បាន​រកឃើញ​ឆ្អឹង​មនុស្ស​ជាច្រើន​ដុំ​នៅក្នុង​ស្រះ បរិវេណ​ផ្ទះ​របស់គាត់​។ បុរស​ជនជាតិ​ថៃ​ដែល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​រូបនេះ ឈ្មោះ Apichai Ongwisit អាយុ ៤០​ឆ្នាំ ។​រូបគេ​ទទួលបាន​មរតក​យ៉ាងច្រើន​ពី​ឪពុកម្តាយ​រហូត​ក្លាយជា​អ្នកមាន​លុយ និង​មាន​ឥទ្ធិពល​ម្នាក់​ផងដែរ​។ យ៉ាងណាក្តី លោក Apichai Ongwisit ត្រូវបាន​គេ​សង្ស័យថា បាន​ប្រព្រឹត្តិ​នូវ​បទល្មើស​ជាច្រើន ជាពិសេស​គឺ​ករណី​សម្លាប់​មនុស្ស​ស្រី​តែម្តង​។ ​កាលពី ៦​ខែ​មុននេះ មាន​មិត្តស្រី​របស់គាត់​ម្នាក់​ដែលមាន​ឈ្មោះ Warinthorn Chaiyachet អាយុ ២២ ឆ្នាំ បាន​បាត់​ខ្លួន ហើយ​កន្លងមក​មាន​ទាំង​មិត្តភក្តិ អតីត​មិត្តស្រី និង​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជាច្រើន​នាក់ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​លោក Apichai Ongwisit ក៏ត្រូវ​បាន​គេ​កត់សម្គាល់ថា បាន​បាត់​ខ្លួន​ជារឿយៗ​ដែរ​។​លទ្ធផល​នៃ​ការស៊ើបអង្កេត​បឋម​គេ​បាន​រកឃើញ​ភស្តុតាង​ថា លោក Apichai Ongwisit បាន​វាយ​សម្លាប់​នាង Warinthorn Chaiyachet និង​បាន​ទម្លាក់​សាកសព​នាង​ចូលទៅក្នុង​ទឹកស្រះ​។ យ៉ាងណាក្តី ក្នុងការ​រុករក​ក្នុង​ស្រះ​ទឹក​ប៉ូលិស​បាន​ប្រទះឃើញ​បំណែក​ឆ្អឹង​រហូតដល់ ២៩៨ ដុំ​ដែល​បំណែក​ទាំងនេះ​គឺ​ស្មើនឹង​មនុស្ស​យ៉ាងតិច​ក៏ ៣ នាក់​ដែរ​។ បើទោះជា​យ៉ាងណាក្តី​គេ​ជឿថា មិនមែន​មានតែ​មនុស្ស ៣ នាក់​ទេ ដែល​បាន​ស្លាប់​នៅក្នុង​ផ្ទះ​លោក Apichai Ongwisit នោះ ហើយ​ពេលនេះ​គេ​កំពុងតែ​បូម​ស្រះ​នោះ​ចេញ​ទៀតផង ដើម្បី​ពិនិត្យ​ឲ្យ​ច្បាស់​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល បាន​ស្លាប់​ក្នុង​ស្រះ​ទឹក​មួយ​នេះ​។ ​សូមបញ្ជាក់ថា ឪពុក​របស់លោក Apichai Ongwisit ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ឆ្នាំ ១៩៨៣ ពីបទ​បានសម្លាប់​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​ម្នាក់​ផងដែរ​៕