ហួសចិត្ត​…​លួចបាន​អត់​មើល​ក្រោយ បើក​វឹង​នាំ​ទាំង​ម្តាយ​ទាំង​កូន​ជា​ម្ចាស់​រថយន្ត​ទៅជា​មួយ​

សង្គមប្លែកៗ
0
406
…​កាលពី​ឆ្នាំ​កន្លងទៅ ប្រិយមិត្ត​ប្រាកដជា​នៅ​ចងចាំ​នូវ​រឿងរ៉ាវ​ចោរលួច​បើករថយន្ត​ដោយ​ទាំង​កូន​ពីរ​នាក់​របស់​ម្ចាស់​រថយន្ត​ទៅជា​មួយ​ផង​។ ប៉ុន្តែ​សំណាងល្អ ចោរ​រូប​នោះបាន​ប្លុង​រថយន្ត​ចោល​ហើយ​បោល​ប្រូច​ដូច​ទន្សាយ ហើយ​សំណុំរឿង​មួយ​នេះ​ក៏​កប់​ចោល​រហូត​ទុក​កៀនជញ្ជាំង​។ ដោយឡែក​នៅ​ប្រទេស​អាមេរិក កាលពីពេល​កន្លងទៅនេះ​ក៏​កើតមាន​នូវ​ករណី​គួរ​ឲ្យ​ផ្ទុះសំណើច​ដូចគ្នា​ដែរ​..​។ បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី បាន​លួច​រថយន្ត​មួយគ្រឿង​នៅក្នុង​ព្រលានយន្តហោះ នៅ​រដ្ឋ​ផ្លរីដា ប្រទេស​អាមេរិក ហើយ​បាន​បើក​ចេញទៅ ដោយ​ទាំង​ម្តាយ​និង​កូន​ដែលជា​ម្ចាស់​រថយន្ត​នៅក្នុង​នោះ​។ ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​សកម្មភាព​របស់​ជ​ន​ល្មើស ខណៈពេលដែល​ជនល្មើស​បាន​រត់​ចូលទៅ​រថយន្ត​មួយ នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ ភាគ​និរតី​នៃ​រដ្ឋ​ផ្លរីដា ក្នុង​ទីក្រុង​ហ្វ​ត​ម៉ា​យឺ​។ ក្នុង​ខ្សែ​វីដេអូ​បានបង្ហាញ​ឱ្យឃើញ​ពី​ក្រុមគ្រួសារ​មួយ​កំពុង​ដាក់​របស់របរ​ចូលទៅក្នុង​រថយន្ត គ្រានោះ​ស្រាប់តែ ជនល្មើស​បាន​រត់​ពី​ខាងក្រោយ​ចូលទៅក្នុង​រថយន្ត​យ៉ាង​ប្រញាប់​ហើយ​បើក​ចេញទៅ​។​ចំណែក បុរស​ដែលជា​ម្ចាស់​រថយន្ត​បាន​ព្យាយាម​តោង​យ៉ាង​ជាប់ ប៉ុន្តែ​រថយន្ត​អូស​ទៅហើយ​ត្រូវ​ដួល​នៅនឹងកន្លែង​។ បើតាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនល្មើស​ខាងលើនេះ ឈ្មោះ Addi Maqableh មាន​អាយុ ៣៦​ឆ្នាំ ទើបតែ​បាន​លួច​កាបូប​របស់​អ្នកធ្វើការ​នៅក្នុង​ភោជនីយដ្ឋាន​មួយ មុនពេល​មក​បន្ត​ប្រព្រឹត្ត​បទល្មើស​នេះ​។ ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​នៅក្បែរ​សណ្ឋាគារ​មួយ ចំណែកឯ​រថយន្ត​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។ ជនល្មើស​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាច្រើន​រួមមាន ការ​ប្លន់​និង​ការចាប់​ជំរិត​៕