យោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយជិត២គ្រាប់បន្ថែមទៀតចេញពីតំបន់ឆ្នេរភាគខាងកើត ដែលជាការបាញ់មីស៊ីលជាលើកទី២ក្នុងរយៈពេល១សប្តាហ៍ ដើម្បីបន្តជះកំហឹងលើគម្រោងសមយទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងនាខែសីហាខាងមុខនេះ។
មីស៊ីល២គ្រាប់នេះ ត្រូវបានបាញ់ចេញពីតំបន់ជិតទីក្រុងវ៉ុនសាន កាលពីព្រឹកថ្ងៃពុធនេះ។
ការបាញ់មីស៊ីលកាលពីសប្តាហ៍មុន បានក្លាយជាការបាញ់មីស៊ីលលើកដំបូង ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ជួបគ្នា កាលពីខែមិថុនា កន្លងទៅ តំបន់តំបន់ព្រំដែនរវាងបងប្អូនកូរ៉េទាំង២។
កូរ៉េខាងជើង បានចាត់ទុកការបាញ់មីស៊ីលនោះគឺជាការព្រមានតែមួយគត់មកលើទីក្រុងសេអ៊ូល ពាក់ព័ន្ធនឹងគម្រោងធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីងតោន។
កាលពីមុនពួកគេបានបង្ហាញពីការខឹងសម្បារចំពោះសមយុទ្ធយោធាប្រចាំឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើងនៅខែសីហាខាងមុខ គឺជាទង្វើរមួយដែលកូរ៉េខាងជើង ចាត់ទុកថាជាការត្រៀមធ្វើសង្គ្រាម។
ការបាញ់មីស៊ីលចុងក្រោយនេះ បានកើតឡើងនៅវេលាម៉ោង៥ និង០៦នាទី និងម៉ោង៥ និង២៧នាទី ម៉ោងក្នុងស្រុក ចេញពីតំបន់កាល់ម៉ា ស្ថិតនៅជិតទីក្រុងកំពុងផែវ៉ុនសាន។
មីស៊ីល២គ្រាប់នេះ ហោះបានចម្ងាយ២៥០គ.ម ហើយឡើងដល់រយៈកម្ពស់៣០គ.ម មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន ដែលគេស្គាល់ថាជាសមុទ្រខាងកើត។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោកចុង ក្យុងដូ បាននិយាយថា មីស៊ីល២គ្រាប់នេះ ត្រូវបានគេបញ្ជាក់ថា ជាប្រភេទមីស៊ីលខុសប្លែកពីមីស៊ីលលើកមុន។
ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុនលោកហ្ស៊ីនហ្សូ អាបេ បានអះអាងថា គ្មានផលប៉ះពាល់ណាមួយនោះទេមកលើសន្តិសុខជាតិជប៉ុន ក្រោយការបាញ់មីស៊ីលលើកចុងក្រោយនេះ។
វាបានកើតឡើងរយៈពេល៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយជិត២គ្រាប់ ដែលហោះបានចម្ងាយ៦៩០គ.ម និង៤៣០គ.ម។
ការបាញ់មីស៊ីលនេះដែរ បានកើតឡើងក្រោយពេលទីក្រុងព្យុងយ៉ាង បង្ហាញពីការខឹងសម្បាររបស់ពួកគេចំពោះសមយុទ្ធយោធារួមគ្នាតាមការគ្រោងទុករវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺជាសមយុទ្ធមួយដែលប្រទេសសម្ព័ន្ធមិត្តបដិសេធន៍មិនលប់ចោល ប៉ុន្តែគ្រាន់តែយល់ព្រមកាត់បន្ថយទំហំនៃការសមយុទ្ធប៉ុណ្ណោះ។
អ្នកវិភាគមួយរូប បាននិយាយថា ការបាញ់មីស៊ីលនេះ ទំនងជាចង់បន្តប្រតិកម្មរបស់ពួកគេចំពោះសមយុទ្ធយោធានេះ។
លោក Harry Kazianis មកពីមន្ទីរអត្ថប្រយោជន៍ជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន បាននិយាយថា កូរ៉េខាងជើងបន្តបញ្ចេញកំហឹងរបស់ពួកគេ តាមរយៈការធ្វើបាញ់មីស៊ីលទាំងនេះ គឺនៅរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែលសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមឡើងនៅដើមខែសីហានេះ៕
Home ព្រឹត្តិការណ៍ថ្មីៗ កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ទៀតដើម្បីជះកំហឹងលើគម្រោងសមយទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង