កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​២​គ្រាប់​ទៀត​ដើម្បី​ជះ​កំហឹង​លើ​គម្រោង​សម​យ​ទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​

ព្រឹត្តិការណ៍ថ្មីៗ
0
281
​យោធា​កូរ៉េខាងត្បូង បាន​អះអាងថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​២​គ្រាប់​បន្ថែមទៀត​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត ដែលជា​ការបាញ់​មី​ស៊ី​ល​ជា​លើក​ទី​២​ក្នុង​រយៈពេល​១​សប្តាហ៍ ដើម្បី​បន្ត​ជះ​កំហឹង​លើ​គម្រោង​សម​យ​ទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​នា​ខែសីហា​ខាងមុខនេះ​។​ ​មី​ស៊ី​ល​២​គ្រាប់​នេះ ត្រូវបាន​បាញ់​ចេញពី​តំបន់​ជិត​ទីក្រុង​វ៉ុ​ន​សាន កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​ ​ការបាញ់​មី​ស៊ី​ល​កាលពី​សប្តាហ៍​មុន បានក្លាយ​ជាការ​បាញ់​មី​ស៊ី​ល​លើកដំបូង ចាប់តាំងពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ជួបគ្នា កាលពី​ខែមិថុនា កន្លងទៅ តំបន់​តំបន់​ព្រំដែន​រវាង​បងប្អូន​កូរ៉េ​ទាំង​២​។​ ​កូរ៉េខាងជើង បានចាត់ទុក​ការបាញ់​មី​ស៊ី​ល​នោះ​គឺជា​ការព្រមាន​តែមួយគត់​មកលើ​ទីក្រុង​សេ​អ៊ូ​ល ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​របស់​ពួកគេ​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​។​ ​កាលពីមុន​ពួកគេ​បានបង្ហាញ​ពី​ការខឹង​សម្បារ​ចំពោះ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំនេះ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែសីហា​ខាងមុខ គឺជា​ទង្វើរ​មួយ​ដែល​កូរ៉េខាងជើង ចាត់ទុកថា​ជាការ​ត្រៀម​ធ្វើសង្គ្រាម​។​ ​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​០៦​នាទី និង​ម៉ោង​៥ និង​២៧​នាទី ម៉ោង​ក្នុងស្រុក ចេញពី​តំបន់​កាល់​ម៉ា ស្ថិតនៅ​ជិត​ទីក្រុង​កំពុងផែ​វ៉ុ​ន​សាន​។​ ​មី​ស៊ី​ល​២​គ្រាប់​នេះ ហោះ​បាន​ចម្ងាយ​២៥០​គ​.​ម ហើយ​ឡើងដល់​រយៈកម្ពស់​៣០​គ​.​ម មុនពេល​វា​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ជប៉ុន ដែល​គេ​ស្គាល់​ថា​ជា​សមុទ្រ​ខាងកើត​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក​ចុង ក្យុ​ង​ដូ បាន​និយាយថា មី​ស៊ី​ល​២​គ្រាប់​នេះ ត្រូវបាន​គេ​បញ្ជាក់ថា ជា​ប្រភេទ​មី​ស៊ី​ល​ខុសប្លែក​ពី​មី​ស៊ី​ល​លើក​មុន​។​ ​ដោយឡែក នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្ស៊ី​ន​ហ្សូ អា​បេ បាន​អះអាងថា គ្មាន​ផលប៉ះពាល់​ណាមួយ​នោះទេ​មកលើ​សន្តិសុខ​ជាតិ​ជប៉ុន ក្រោយ​ការបាញ់​មី​ស៊ី​ល​លើកចុងក្រោយ​នេះ​។​ ​វា​បាន​កើតឡើង​រយៈពេល​៦​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​២​គ្រាប់ ដែល​ហោះ​បាន​ចម្ងាយ​៦៩០​គ​.​ម និង​៤៣០​គ​.​ម​។​ ​ការបាញ់​មី​ស៊ី​ល​នេះដែរ បាន​កើតឡើង​ក្រោយពេល​ទីក្រុង​ព្យុងយ៉ាង បង្ហាញ​ពី​ការខឹង​សម្បារ​របស់​ពួកគេ​ចំពោះ​សមយុទ្ធ​យោធា​រួមគ្នា​តាម​ការគ្រោងទុក​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក គឺជា​សមយុទ្ធ​មួយ​ដែល​ប្រទេស​សម្ព័ន្ធមិត្ត​បដិសេធន៍​មិន​លប់ចោល ប៉ុន្តែ​គ្រាន់តែ​យល់ព្រម​កាត់បន្ថយ​ទំហំ​នៃ​ការ​សមយុទ្ធ​ប៉ុណ្ណោះ​។​ ​អ្នកវិភាគ​មួយរូប បាន​និយាយថា ការបាញ់​មី​ស៊ី​ល​នេះ ទំនងជា​ចង់​បន្ត​ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​សមយុទ្ធ​យោធា​នេះ​។​ ​លោក Harry Kazianis មកពី​មន្ទីរ​អត្ថប្រយោជន៍​ជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​និយាយថា កូរ៉េខាងជើង​បន្ត​បញ្ចេញ​កំហឹង​របស់​ពួកគេ តាមរយៈ​ការធ្វើ​បាញ់​មី​ស៊ី​ល​ទាំងនេះ គឺ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេលដែល​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង គ្រោង​នឹង​ចាប់ផ្តើម​ឡើង​នៅ​ដើមខែ​សីហា​នេះ​៕​