ខឹងបញ្ឈប់ការងារ ចាប់មនុស្សក្នុងផ្សារទំនើប ធ្វើចំណាប់ខ្មាំង

ព័ត៌មានអន្តរជាតិ
0
929
អតីតសន្ដិសុខផ្សារទំនើប​មួយ​កន្លែងនៅក្នុងទីក្រុងម៉ានីល បានខឹងសម្បានឹងការបញ្ឈប់ពីការងារ ទើបបំផ្ទុះ​អាវុធ និងចាប់អ្នក​នៅក្នុងផ្សារ​ធ្វើជា​ចំណាប់​ខ្មាំង រហូតកងកម្លាំងប៉ូលិស​ហ្វីលីពីន ចុះទៅឡោមព័ទ្ធ​ទីនោះ​រាប់​ម៉ោង ទម្រាំគេប្រគល់ខ្លួនឲ្យប៉ូលិស និងដោះលែងចំណាប់ខ្មាំង។ ហេតុការណ៍នេះ បានកើតឡើង កាលពី​ថ្ងៃទី២ ខែមីនា នៅក្នុងផ្សារទំនើប V-mall ស្ថិតក្នុង​សង្កាត់ San Juan ទីក្រុងម៉ានីល។

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងតំបន់ ​បានបញ្ជាក់ថា អតីត​ឆ្មាំសន្តិសុខម្នាក់​ នៃអគារផ្សារទំនើបនោះ បានចាប់​បុគ្គលិក​ជា​ច្រើននាក់ ​នៅផ្សារទំនើប V-mall  ធ្វើជាចំណាប់ខ្មាំង។ នៅពេលនោះ​ មនុស្សប្រហែល​៣០នាក់​ ត្រូវបានខ្មាន់​កាំភ្លើង​ចាប់​ជា​ចំណាប់ខ្មាំង។

ស្នងការប៉ូលិសក្នុងតំបន់បញ្ជាក់ថា មនុស្ស​ម្នាក់​រងការបាញ់ប្រហារ ​ហើយកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ​ក្នុងតំបន់។ ប៉ូលិសហ្វីលីពីន​បានជម្លៀស​មនុស្ស​ជាបន្តបន្ទាប់ ចេញពី​អគារផ្សារទំនើប V-Mall ក្រោយ​អន្តរាគមន៍​​​​ដល់កន្លែងកើតហេតុ។

លោក Francis Zamora​ អភិបាលស្រុក San Juan បានប្រាប់ទូរទស្សន៍ ANC ថា ខ្មាន់កាំភ្លើង ឈ្មោះ Archie Paray អាយុ៣១ឆ្នាំ ។ ជននេះ ជាអតីតសន្ដិសុខផ្សារទំនើបខាងលើ ហើយករណីនេះ ក៏ដោយសារតែគេខឹងមួ
ម៉ៅនឹងការបាត់បងការងារធ្វើ។ ជនសង័្សយ បានបាញ់បណ្ដាលឲ្យមនុស្សម្នាក់រងរបួស។





លោកអភិបាលស្រុក បានបន្ដថា ក្រោយពេលមានអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ច ចំណាប់ខ្មាំងចំនួន៧០នាក់ ត្រូវដោះលែង។ រីឯចំណាប់ខ្មាំងទាំងអស់ មិនមានអ្នកណាម្នាក់រងរបួសនោះទេ លើកលែងតែម្នាក់ ដែលត្រូវ​ខ្មាន់កាំភ្លើងបាញ់ប្រហារមុនដំបូង។​  ក្រោយមកខ្មាន់កាំភ្លើងបានព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច៕