វាមានរយៈពេល១៤៧លានឆ្នាំមកហើយ ចាប់តាំងពីដាយណូស័រ បានវិវឌ្ឍន៍ទៅជាបក្សីយក្ស។
ហ្វូស៊ីលនៃបក្សីយក្ស Archaeopteryx ដែលជាបក្សីបានវិវត្តន៍មកពីដាយណូស័រនោះ នឹងត្រូវនាំយកទៅកាន់ប្រទេសជប៉ុនសម្រាប់តាំងពិព័រណ៍ ។ ហ្វូស៊ីលនេះ នឹងនាំយកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ស្ថិតនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ហ្វូស៊ីលដែលសល់តាំងពីចុងយុគថ្មីរំលីង(១៤៥លានឆ្នាំមុន)នេះ ត្រូវបានស្រោបនៅក្នុងថ្មកំបោរ អស់រយៈកាលរាប់លានឆ្នាំ ហើយវាតំណាងឲ្យពេលវេលាដ៏សំខាន់នៃការវិវត្តន៍របស់ដាយណូស័រ ពេលដែលចាប់ផ្តើមមានស្លាប និងរោមដូចបក្សី ប៉ុន្តែនៅមានធ្មេញ និងក្រញ៉ាំជើងដូចជាដាយណូស័រនៅឡើយ។
ហ្វូស៊ីលមួយនេះ គ្មាននរណាម្នាក់ទៅរំខានវាអស់រយៈពេលរាប់រយលានឆ្នាំមកហើយ រហូតដល់មានកំណាយប្រវត្តិសាស្ត្រនៅអាល្លឺម៉ង់ក្នុងឆ្នាំ១៨៦១។
ចាប់តាំងពីពេលនោះមក វាត្រូវបានបញ្ជូនទៅកាន់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរបស់អង់គ្លេស។
ក្រុមអ្នកវិទ្យាសាស្ត្រ មិនបានដឹងនោះឡើយពីសំណាកបក្សីដ៏ទៃទៀតដែលមានអាយុកាលប្រហាក់ប្រហែលគ្នានេះ។
លោក Charles Darwin(១៨០៩-១៨៨២) គឺជាជីវវិទូ ភូគព្ភវិទូ និងធម្មជាតិវិទូសញ្ជាតិអង់គ្លេស ដែលល្បីល្បាញសម្រាប់ការចែករំលែកបដិវឌ្ឍន៍វិទ្យាសាស្ត្ររបស់លោកនោះ និងអ្នកបុរាណវិទូជាច្រើនរូបទៀត បានបញ្ជាក់ពីការវិវត្តន៍មួយនេះ ហើយពួកគេបានអះអាងថា ហ្វូស៊ីលបក្សីយក្ស បានក្លាយជាចំណុចផ្លាស់ប្តូរដ៏ធំមួយនៃការមានជីវិតនៅលើផែនដី។
លោកសាស្ត្រាចារ្យ Paul Barrett មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិបាននិយាយប្រាប់ BBCថា កេរតំណែលរបស់បក្សីយក្ស Archaeopteryx ធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។ លោកបន្តថា បក្សី Archaeopteryx ពិតជាសំខាន់ខ្លាំងណាស់ ដោយសារវាគឺជាហ្វូស៊ីលនៅល្អផ្ទុកដោយព័ត៌មានយ៉ាងច្រើន ហើយវាត្រូវបានគេទទួលស្គាល់ថាជាបក្សីដំបូងគេបំផុតលើផែនដី៕

