មនុស្ស ៦​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​មាន​យន្តហោះ​ដ្រូ​ន​ប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​ម៉ា​ឌូ​រ៉ូ​

ព្រឹត្តិការណ៍ថ្មីៗ
0
299
(​ទីក្រុង​កា​រ៉ា​កាស​)៖ កាលពី​ថ្ងៃ​សៅរ៍ មាន​ករណី​បំផ្ទុះ​មួយ​បាន​កើតឡើង ក្នុងកំឡុងពេល​សន្ទរកថា​របស់លោក​ម៉ា​ឌូ​រ៉ូ នៅក្នុង​ក្បួន​សមយុទ្ធ​យោធា​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស់​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Jorge Rodriguez បាន​និយាយ​បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ​ថា លោក​ម៉ា​ឌូ​រ៉ូ​បាន​រួចខ្លួន​ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​បំពាក់​ដោយ​គ្រឿងផ្ទុះ ប៉ុនប៉ង​ធ្វើឃាត​លោក​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Nestor Reverol បាន​រាយការណ៍​ថា មនុស្ស ៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​ករណី​បំផ្ទុះ​គ្រាប់បែក ដែល​បំពាក់​នៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក​។​ ​យោងតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ផ្សេងទៀត ត្រូវបាន​ចោទ​ពីបទ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​មួយកន្លែង​កាលពី​ឆ្នាំ ២០១៧ រីឯ​ជនសង្ស័យ​ផ្សេងទៀត​ធ្លាប់​ត្រូវបាន​ឃុំខ្លួន​ម្តង​រួចមកហើយ ពី​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការតវ៉ា​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​។​ ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃនោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក Jorge Rodriguez បាន​ប្រាប់​សារព័ត៌មាន Sputnik ថា​ក្រុម​អ្នក​វាយប្រហារ​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​ប្រឆាំងនឹង​ប្រធានាធិបតី​នី​កូ​ឡា​ម៉ា​ឌូ​រ៉ូ បានរៀបចំ​ប្រតិបត្តិការ​នេះ​យ៉ាងហោចណាស់​អស់​រយៈពេល ៦​ខែ​មកហើយ​។​   ​លោក Rodriguez បាន​និយាយថា «​ប្រតិកម្ម​រហ័ស​របស់​សេវា​សន្តិសុខ​របស់លោក​ម៉ា​ឌូ​រ៉ូ មិន​ត្រឹមតែ​ជម្លៀស​ខ្លួន​ប្រធានាធិបតី​ចេញ​ទេ ប៉ុន្តែ​ថែមទាំង​បានដឹង​អំពី​ទីតាំង​របស់​ក្រុម​ឧក្រិដ្ឋជន​ថែមទៀត​ផង​។ ឥឡូវនេះ​ពួកគេ​បានផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​លម្អិត​នៃប្រតិបត្តិ​ការ​នេះហើយ ដែល​ពួកគេ​បានរៀបចំ​យ៉ាងហោចណាស់​កាលពី ៦​ខែ​មុន​»​។​ ​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា លោក​ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់​ដោយ​គ្រឿងផ្ទុះ​ជាច្រើន ក្នុងកំឡុងពេល​នៃ​ថ្លែង​សន្ទរកថា​របស់លោក នៅឯ​ព្រឹត្តិការណ៍​មួយ នៅក្នុង​ទីក្រុង​កា​រ៉ា​កាស់​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី និង​ក្រុមមន្ត្រី​មិនបាន​រងគ្រោះថ្នាក់​ពី​ការវាយប្រហារ​នោះទេ ប៉ុន្តែ​កងកម្លាំង​ការពារ​ចំនួន ៧​នាក់​ជា​អ្នករងគ្រោះ​នៅក្នុង​ការវាយប្រហារ​នេះ​។ នេះ​បើតាម​មន្ត្រី​ក្រសួង​ព័ត៌មាន លោក Jorge Rodrigues​។ ការវាយប្រហារ​នេះ ត្រូវបាន​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ហៅថា ជាការ​ប៉ុនប៉ង​ធ្វើឃាត​ប្រ​ធា​ធិបតី​ដោយ​ក្រុម​បក្សប្រឆាំង និង​ផ្សំគំនិត​ពី​បរទេស​៕DNT-NEWS ​