សម្តេច ហ៊ុន សែន ៖ បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ប្រសិនបើ​នរណាម្នាក់​ស្លាប់​ដោយសារ​ការស្បថ​នេះ អាច​បញ្ជាក់​ពី​ការពិតហើយ​…

ព្រឹត្តិការណ៍ថ្មីៗ
0
432
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន បបួល​មេបក្ស​ប្រឆាំង​ស្បថ ដើម្បី​បង្ហាញ​ការពិត ថា​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៨២ ភាព​រយ​បាន​ទៅ​បោះឆ្នោត​ពិតប្រាកដ ដែល​បញ្ហា​នេះ​បក្សប្រឆាំង​លើកឡើងថា​ជាការ​បំប៉ោង​តួលេខ​និង​មាន ការ​គំរាម​គំហែង​និង​កៀបសង្កត់​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បបួល អតីត​មេបក្ស​ប្រឆាំង​ស្បថ​ឲ្យ​ងាប់​គ្រប់​ទម្រង់​ទាំង អស់ ដែល​អាច​ស្លាប់​ទៅបាន ដើម្បី​បញ្ជាក់ថា​ភាពស្មោះត្រង់​តែបើ​ពួក​ប្រឆាំង​មិន​ហាន​ស្បថ​ទេ​បានន័យថា​ការនិយាយ​របស់​ពួកគេ​គឺជា​ការ បោកប្រាស់​ប្រជាជន ហើយ​មានន័យ​ស្មើ​និង​គេ​ទទួលស្គាល់​ការពិត​ថា​មាន​ប្រជាជន​ទៅ​បោះឆ្នោត​ជាង ៨២ ភាគរយ​មែន ។​ ​ការ​ថ្លែង​ប្រតិកម្ម និង លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​លើ​ការចោទប្រកាន់​នេះ បានធ្វើ​ឡើង​ក្នុងពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ផ្តល់​ដំបូន្មាន​មួយចំនួន​ដល់​អត្ត​ព​លិ​ក កីឡាករ កីឡាក​រិ​នី គ្រូបង្វឹក និង​ប្រតិភូ​កីឡា​មុន​ចេញទៅ​ប្រកួត​កីឡា​ប្រចាំ​ទ្វីបអាស៊ី (Asian Games) លើក​ទី​១៨ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៦ ខែសីហា ឆ្នាំ​២០១៨​នេះ​។​ ​កាលពីពេល​កន្លងមក លោក​សម រង្ស៊ី វិញ តាមរយៈ​បណ្តាញ​ព័ត៌មាន និង​ហ្វេ​ស​ប៊ុ​ក​របស់លោក បាន​អះអាងថា អត្រា​អ្នកចូលរួម​បោះឆ្នោត​មាន​តិចជាង​៥០ ភាគរយ គឺ​មិនមែន​៨២ ភាគរយ​ដូច​ប្រមុខ​បក្ស​កាន់អំណាច​អះអាង​ឡើយ​។ មិនតែប៉ុណ្ណោះ លោក​សម រង្ស៊ី ថែមទាំង​ហ៊ាន​អះអាង​ទៀតថា អត្រា​អ្នកបោះឆ្នោត​មាន​ចំនួន​ច្រើន​បែបនេះ គឺ​កើតចេញពី​ការ​ក្លែងបន្លំ និង​រាប់​ខុស ធ្វើ​ឲ្យ​សន្លឹកឆ្នោត​មោ​ឃៈ​មួយចំនួនធំ​ក្លាយទៅជា​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ​សម្រាប់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន បើសិន​នេះ​ជាការ​ពិតមែន​នោះ លោក​សម រង្ស៊ី ត្រូវតែ​ហ៊ាន​ស្បថ​ដាក់​ជីវិត​ជាមួយ​រូប​សម្តេច​។ ស្បថ​ឲ្យ​ស្លាប់​ដោយ​រន្ទះបាញ់ ឡាន​បុក ធ្លាក់​យន្តហោះ ទេវតា​បរាមុខ ស្លាប់​តៃហោង​គ្មាន​ដី​កប់ និយាយ​ឲ្យ​ខ្លី​ឲ្យ​តែ​ស្លាប់​ខ្លួន គឺជា​សម្បថ​ដែល​សម្តេច ហ៊ុន សែន​ចង់​ឲ្យ​លោក​សម រង្ស៊ី មក​ស្បថ​តទល់​ជាមួយនឹង​សម្តេច ។ សម្តេច ថា លោក​សម រង្ស៊ី អាច​ស្បថ​ដោយ​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឬ​តាម​ណា​ក៏​បានដែរ​ឲ្យ​លោក​សម រង្ស៊ី​ហ៊ាន​។ សម្តេចនាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់ថា បើ​លោក​សម រង្ស៊ី​ហ៊ាន​ស្បថ​នោះ គឺថា​ប្រសិនបើ​នរណាម្នាក់​ស្លាប់​ដោយសារ​ការស្បថ​នេះ អាច​បញ្ជាក់​ពី​ការពិតហើយ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការស្បថ​នេះ​មិនមែនជា​រឿង​ផ្ចាញ់ផ្ចាល​ទេ ហើយក៏​មិនមែនជា​រឿង​ទាល់ច្រក​ដែរ ព្រោះថា ប្រពៃណី​ខ្មែរ ក៏ដូចជា​ប្រពៃណី​នៅលើ​ពិភពលោក ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី សមាជិកសភា ឬ​ព្រឹទ្ធសភា​មុន​ចូលកាន់​តំណែង​សុទ្ធតែ​ស្បថ​ទាំងអស់​៕