ចិន នឹង​ចាប់​ផ្តើម​ស្ថានីយ៍​អវកាស Tinagong នៅ​ឆ្នាំ ២០២២

បច្ចេកវិទ្យា
0
336
​ស្ថានីយ៍​អវកាស​របស់​ចិន Tiangong ឬ​ហៅថា Heavenly Palace (​វិមាន​ឋានសួគ៌​) គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២២​ខាងមុខ​។ ស្ថានីយ​ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​យក​ស្តង់ដា​តាម​ស្ថានីយ៍​ដែលមាន​លក្ខណ​ស្រដៀង​គ្នា ដូចជា​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) នឹងត្រូវ​បើក​ទៅកាន់​ក្រុម​អវកាសយានិក​បរទេស​។​ ​មាន​ទំហំ​ធំ​ជាង​ស្ថានីយ៍​អវកាស​រុស្ស៊ី Mir ទម្ងន់ ១៤០​តោន ស្ថានីយ៍​អវកាស Tiangong មាន​ម៉ូ​ឌូ​ល​ស្នូល​និង​បន្ទប់ពិសោធន៍​ពីរ​ដែលមាន​ទំហំ​ធំ​ល្មម​អាច​ផ្ទុក​អាកាសយានិក​ចន្លោះ​ពី ៣ ទៅ ៦​នាក់​។ ទាំង​ស្ថានីយ៍​អវកាស​អន្តរជាតិ និង​ស្ថានីយ៍​អវកាស Mir បានទទួល​ស្វាគមន៍​ក្រុម​អវកាសយានិក​អន្តរជាតិ​ទាំងអស់​។​ ​លោក Zhang Baoxin អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​និង​យោធា​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បាន​និយាយប្រាប់​សារព័ត៌មាន Global Times កាលពី​ខែឧសភា​ថា «​មានតែ​ប្រទេស​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែលមាន​សមត្ថភាព​បញ្ជូន​ស្ថានីយ៍​អវកាស​ឡើងទៅ​ក្នុង​តារាវិថី​បាន​។ វា​គឺជា​កម្មវិធី​ដ៏​ធំ​មួយ​ដែល​បង្ហាញ​ពី​សមត្ថភាព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​»​។​ ​ស្ថានីយ៍​អវកាស​នេះ​ក៏​នឹង​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​កែវ​យឺត​ស្ទង់​ដែល​អាច​មើលឃើញ​ក្នុង​កម្រិត​ឆ្ងាយ ឬ​មាន​កម្រិត​ខ្ពស់​ស្មើ​ទៅនឹង​កែវយឹត​អវកាស Hubble​របស់​អង្គការ​ណា​សា​។ ​លោក Zhang បាន​ប្រាប់​កាសែត Global Times កាលពី​ខែឧសភា​ថា ការរួមបញ្ចូល​គ្នា​នៃ​កែវយឹត Aperture Spherical Radio Telescope ដែលមាន​ទំហំ ៥០០​ម៉ែត្រ នឹងធ្វើ​ឲ្យ​ចិន​កាន់តែ​បោះជំហាន​បាន​កាន់តែ​ប្រសើរ នៅក្នុង​វិស័យនេះ​។ ស្ថានីយ៍ Tiangong ក៏​នឹង​រួមបញ្ចូល​នូវ​ម៉ូ​ឌូ​ល​កាប៊ីន​នៃ​ទីពិសោធន៍​ជាមួយនឹង​បរិស្ថាន​ដែល​រង​សម្ពាធ ដើម្បី​ធ្វើការ​ពិសោធ​មីក្រូ​ទំនាញ និង​ទម្លាក់​សេរី​៕DNT-NEWS ​