កាលពីម្សិលមិញ តុលាការកំពូលបានលើកពេលសវនាការសំណុំរឿងគ្រូពេទ្យ យ៉ែម ជ្រិន ដែលបានចម្លងមេរោគអេដស៍ទៅអ្នកភូមិក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងជិត ៣០០ នាក់ ខណៈជនរងគ្រោះបន្តស្លាប់ និងកំពុងរកជំនួយមនុស្សធម៌ជាសំណុំរឿងដែលតុលាការថ្នាក់ក្រោមផ្ដន្ទាទោសជាប់ពន្ធនាគារ ២៥ ឆ្នាំ។
ការលើកពេលនេះត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម ស៊ឹង បញ្ញាវុធ បានប្រាប់ថាដោយសារគ្មានមេធាវីតំណាង និងអវត្តមានជនជាប់ចោទដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
លោកបញ្ជាក់ថា៖ «ដោយសាររឿងនេះជារឿងឧក្រិដ្ឋដែលត្រូវការមេធាវី ហើយជនជាប់ចោទសុំពន្យារដើម្បីរកមេធាវី ដូច្នេះក្រុមប្រឹក្សាសូមជម្រាបដើមបណ្ដឹងរដ្ឋប្បវេណីថា សវនាការត្រូវលើកពេលទៅថ្ងៃក្រោយ»។
លោក យ៉ែម ជ្រិន ត្រូវបានតុលាការខេត្តបាត់ដំបងកាត់ទោសដាក់ពន្ធនាគារ ២៥ ឆ្នាំកាលពីឆ្នាំ ២០១៥ ពាក់ព័ន្ធនឹងការចម្លងមេរោគអេដស៍ដល់អ្នកភូមិរកា សរុប ២៩៦ នាក់ ហើយកាលពីឆ្នាំមុន សាលាឧទ្ធរណ៍ក៏បានតម្កល់សាលក្រមនេះផងដែរ។
ប៉ុន្តែការលើកពេលនេះ ធ្វើឱ្យតំណាងជនរងគ្រោះ សម្ដែងការខកចិត្ត ដោយទាមទារឲ្យតុលាការកំពូល រក្សាទោសលើគ្រូពេទ្យនោះដដែល។
លោក លឿម ឡោម វ័យ ៥៤ ឆ្នាំ តំណាងម្នាក់របស់ជនរងគ្រោះជាង២០០នាក់នោះ បានបង្ហាញការមិនសប្បាយចិត្តឡើយ ចំពោះការលើកពេលសវនាការនេះ។
លោកមានប្រសាសន៍នៅក្រៅតុលាការកំពូលថា៖ «ខ្ញុំអារម្មណ៍ខកចិត្ត ព្រោះអីឆ្ងាយ ខ្ញុំមកពីចម្ងាយមក ខ្ញុំអត់មានលុយ មានកាក់ផង ដូចគាត់និយាយម្នាក់មិញហ្នឹង យកប្រាក់ចងការគេមក មកចឹង អត់បានកាត់ទោស យ៉ែម ជ្រិនហ្នឹង ខ្ញុំមកវគ្គក្រោយទៀត ខ្ញុំអត់មានលុយ មានកាក់មកទេ»។
ចំណែកជនរងគ្រោះ១រូបទៀត លោក សំ ឡម វ័យ៨៤ឆ្នាំ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ដែរនោះ មានប្រសាសន៍នៅក្រៅសាលសវនាការក្នុងតុលាការកំពូលថា លោកមិនចង់ឃើញ តុលាការបន្ធូរបន្ថយទោសដល់លោក យ៉ែម ជ្រិន នោះទេ ព្រោះគ្រូពេទ្យប្រចាំភូមិរកានេះ បានបង្កការលំបាកដល់ ពលរដ្ឋពេញមួយឃុំរកា។
លោកថ្លែងក្នុងន័យដើមថា៖ «បន្ធូរបន្ថយយ៉ាងម៉េចកើត ព្រោះមិនមែនឆ្លងតែម្នាក់នេះ តែនេះមួយឃុំរកា»។ «មនុស្សឥឡូវរស់នៅ ដូចក្នុងចម្ការមីន យូរៗផ្ទុះមួយ»។
លោក សំ ឡម ចង់បញ្ជាក់ថា អ្នកភូមិរកា ត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍ ម្នាក់ម្តងៗ បន្ទាប់ពីពួកគេបានផ្ទុកមេរោគនេះ ជាច្រើនឆ្នាំ។
ស្ត្រីរងគ្រោះ មួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះ និងដែលបានមកបង្ហាញមុខនៅតុលាការកំពូលនាព្រឹកថ្ងៃពុធនេះដែរ បានពណ៌នាថា ជនរងគ្រោះនាពេលបច្ចុប្បន្ននេះ បានបាត់បង់ការគាំទ្រ ដោយមិនមានក្រុមថែទាំសុខភាពចុះទៅជួបពួកគេដូចមុនឡើយ។
អ្នកស្រីថា ជនរងគ្រោះខ្លះបានទទួលថ្នាំផឹកបន្ថយមេរោគគ្រប់គ្រាន់ ឯខ្លះទៀត កំពុងឈឺ ដេកលើកន្ទេល។ អ្នកស្រីបានស្ដីបន្ទោសលើលោក យ៉ែម ជ្រិន ថា បានធ្វើឲ្យគ្រួសារអ្នកស្រី មានការបែកបាក់ ដោយហេតុថា អ្នកស្រីត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគ តែបែរជាប្តីអ្នកស្រី មិនបានឆ្លងមេរោគនេះទៅវិញ។
អ្នកស្រីនិយាយថា៖ «ប៉ះពាល់ដល់អារម្មណ៍ខ្លាំងមែនទែន រហូតដល់ប្តីបែកចិត្ត និយាយតាមត្រង់»។
ក្រុមតំណាងជនរងគ្រោះទាំងបី និយាយថា ពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌ពេញលេញនៅឡើយ នៅពេលដែលជនជាប់ចោទបន្តប្ដឹងសារទុក្ខ ហើយសំណងខាងរដ្ឋប្បវេណី ក៏មិនទាន់ត្រូវបានផ្ដល់ជូនដល់ជនរងគ្រោះ។
សូមរំលឹកថា កាលពីថ្ងៃពុធម្សិលមិញ ជនរងគ្រោះបីនាក់ខាងលើ ដែលជាអ្នកតំណាងឲ្យជនរងគ្រោះជាច្រើនទៀតដែលបានឆ្លងមេរោគអេដស៍ក្នុងឃុំរកា ខេត្តបាត់ដំបង បានមកបង្ហាញខ្លួននៅតុលាការកំពូល ដែលបានគ្រោងបើកសវនាការលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ យ៉ែម ជ្រិន ដែលត្រូវបានកាត់ទោសពីបទបង្កការចម្លងមេរោគអេដស៍ក្នុងឃុំរកានោះ។ តែដោយជនជាប់ចោទ មិនមានមេធាវី ដើម្បីការពារខ្លួននោះ តុលាការកំពូល បានប្រកាសលើកពេលបើកសវនាការនាពេលក្រោយទៀត ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទ៕
ប្រភព៖ VOA News ប្រែសម្រួល៖ ណារ៉ូ


