តៃវ៉ាន់ កំពុងតែ​ផ្គុំ​កាណុង​គ្រាប់​មី​ស៊ី​ល​តម្រង់​ទៅរក​មហា​យក្ស​ចិន !

ព្រឹត្តិការណ៍ថ្មីៗ
0
303
​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ សីហា ២០១៨ ដោយបាន​សរសេរ​ចំណង​ធំ​នៅ​ទំព័រមុខ​របស់ខ្លួន​ថា « Taiwan Positions Land-Attack Cruise Missile Toward Mainland China» តៃវ៉ាន់​កំពុងតែ​ដាក់​បញ្ឈរ​គ្រាប់​មី​ស៊ី​ល​តម្រង់​ទៅរក​ចិន​ដី​ដីគោក​។​ ​រូបភាព​ពី​ផ្កាយរណប​ដែល​បានចេញ​ផ្សាយ​ដោយ​ទស្សនា​វ​ត្តី Kanwa Defense Review បាន​បង្ហាញថា កោះ​តៃវ៉ាន់​បានដាក់​បញ្ឈរ​គ្រាប់​មី​ស៊ី​ល​សម្រាប់ធ្វើ​ការវាយប្រហា​រ តម្រង់​កាណុង​ទៅរក​ចិន ដែល​គ្រាប់​មី​ស៊ី​ល​ទាំងនេះ មាន​សមត្ថភាព​អាចធ្វើ​ការវាយប្រហារ​ទៅលើ​ទីក្រុង​ជាច្រើន​របស់​ចិន នៅតាម​ឆ្នេរ​និរតី​នៃ​ប្រទេស​មហា​យក្ស​ចិន​។​ ​រូបភាព​នេះ​បានបង្ហាញ​ពី​មី​ស៊ី​លបាញ់​មី​ស៊ី​ល Hsiung Feng IIE របស់​កោះ​តៃវ៉ាន់ ដែល​ត្រូវ​បានដាក់​បញ្ឈរ​នៅឯ​មូលដ្ឋាន នៅក្នុង​ទីក្រុង Taoyuan ដែលមាន​ចម្ងាយ​តិចជាង ៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង Fuzhou ដែលជា​ក្រុង​មួយ​នៅក្នុង​ខេត្ត Fujian ចិន​។ នេះ​បើតាម​កាសែត The South China Morning Post ដែល​បាន​រាយការណ៍​។ ​យោងតាម​ទស្សនា​វ​ត្តី Kanwa បានឱ្យដឹងថា​គ្រាប់​មី​ស៊ី​ល​វាយប្រហារ​របស់​តៃវ៉ាន់​ប្រភេទ​នេះ មាន​សមត្ថភាព​អាច​បាញ់​បាន ១​ពាន់​គីឡូម៉ែត្រ ទៅដល់​ជិត ២​ពាន់​គីឡូម៉ែត្រ ដែល​ល្មម​អាច​វាយ​ទៅដល់​ចិនដីគោក​បាន ដូចជា​ទីក្រុង និង​ខេត្ត​មួយចំនួន​រួមមាន ហុងកុង សៀង​ហៃ ខ្វាង​ដុង ហ្ស៊ី​ជាំ​ង​។ បើសិនជា​ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់​កាន់តែ​កើនឡើង​កាន់តែខ្លាំង តៃវ៉ាន់​ទំនងជា​នឹង​បាញ់​គ្រាប់​មី​ស៊ី​ល​ទាំងនេះ ទៅ​ទម្លាក់​ទៅលើ​ចិនដីគោក​តែម្តង​។​ ​លោក Andrei Chang និពន្ធ​នាយក​ទស្សនា​វ​ត្តី Kanwa បាន​និយាយថា «​ការដាក់​ពង្រាយ​នេះ​បានចាប់ផ្តើម​កាលពី​ខែមីនា ដែល​មានន័យថា កងទ័ព​តៃវ៉ាន់​អាចធ្វើ​ការវាយប្រហារ​ជា​យុទ្ធសាស្ត្រ​យ៉ាង​ស៊ីជម្រៅ ប្រឆាំងនឹង​ប្រទេស​ចិន​»​។​ ​លោក​បន្តថា «​ផ្អែកលើ​រយៈ​ចម្ងាយ​របស់​វា រោងចក្រ​ថាមពលនុយក្លេអ៊ែ​រទាំង​អស់ នៅ​ជិ​ខេត្ត ទីក្រុង Zhoushan ផ្លូវ​រថភ្លើង Kowloon នៅ​ទីក្រុង​ប៉េកាំង និង​រថភ្លើង​ក្រោម​ដី​ល្បឿន​លឿន​ទាំងអស់ នឹងត្រូវ​តម្រង់​គោលដៅ​សម្រាប់ធ្វើ​ការវាយប្រហារ​»​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា លោក Chen Chung-chi អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា តៃវ៉ាន់​មាន​ទំនុកចិត្ត​ពេញលេញ ហើយ​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​នៅក្នុង​ការការពារ​ខ្លួន​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​ទាំងឡាយ​ពី​សំណាក់​ទីក្រុង​ប៉េកាំង​។​ ​មិនមែន​មានតែ​ទស្សនា​វ​ត្តី Kanwa តែឯង​ទេ ដែល​បាន​រាយការណ៍​អំពី​សមត្ថភាព​របស់​គ្រាប់​មី​ស៊ី​ល​តៃវ៉ាន់​។ កាសែត Asia Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​គ្រាប់​មី​ស៊ី​ល​របស់​តៃវ៉ាន់ Wan Chien ដែល​បាញ់​ពី​អាកាស​ទៅលើ​ដី​អាចធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​ពេញលេញ និយាយ​ឲ្យ​ចំ​ទៅ គឺ​តៃវ៉ាន់​អាចធ្វើ​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​កងទ័ពអាកាស​របស់​ចិន​បាន​។​ ​របាយការណ៍​តៃវ៉ាន់​ជាច្រើន​បាន​និយាយថា «​គ្រប់​យន្តហោះ​ចម្បាំង​របស់​កោះ​តៃវ៉ាន់​ទាំងអស់ ជាពិសេស​យន្តហោះ​ដែល​ផលិតឡើង​ដោយ​តៃវ៉ាន់ Ching-kuo ត្រូវបាន​គេ​ធ្វើ​ទំនើបកម្ម​រួចរាល់​ហើយ ដើម្បី​បំពាក់​គ្រាប់​មី​ស៊ី​ល ត្រៀម​វាយកម្ទេច​មូលដ្ឋានទ័ព​អាកាស​របស់​ចិន តំបន់​ប្រមូលផ្តុំ និង​ទីតាំង​ឈរជើង​របស់​ចិន​។​ ​គួរ​កត់សម្គាល់ថា កាលពីដើម​សប្តាហ៍​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រកាសថា លោកស្រី​កំពុង​ព្យាយាម​បង្កើន​ថវិកា​យោធា​សម្រាប់​ឆ្នាំ ២០១៩ ៥,៦ ភាគរយ ស្មើនឹង​ទឹកប្រាក់ ១១,៣​ពាន់​លាន​ដុល្លារ ចំពេល​ដែល​ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់​បាន​កើនឡើង​កាន់តែខ្លាំង​។ មួយរយៈ​ចុងក្រោយ​នេះ ចិន​បានធ្វើ​សមយុទ្ធ​ជា​ញឹកញាប់ ដើម្បី​ត្រៀម​ប្រើ​កម្លាំងយោធា​ទៅលើ​កោះ​តៃវ៉ាន់​។ ចិន​គម្រាមថា បើ​តៃវ៉ាន់​ព្រហើន​ប្រកាស​ឯករាជ្យ តៃវ៉ាន់​នឹង​ជួប​ជាមួយនឹង​កណ្តាប់ដៃ​ដែក​របស់​ទីក្រុង​ប៉េកាំង​។ យ៉ាងណាក៏ដោយ នៅ​ចំពោះមុខ​នៃ​ភាព​តានតឹង​ជាមួយ​ចិន ខណៈដែល​ចិន​ធ្វើ​សមយុទ្ធ តែ​វ៉ាន់​ក៏​អត់​ព្រឺ​ចិន​ឡើយ ដោយ​តៃវ៉ាន់​ជា​ញឹកញាប់​តែ​បាន​ផ្គុំ​កម្លាំង​កងទ័ព​របស់ខ្លួន​ធ្វើ​សមយុទ្ធ​ស​ទ្រឺ​ចិន​វិញ ទោះ​មិនទាន់​បានប្រកាស​ឯករាជ្យ​ក៏ដោយ​៕DNT-NEWS ​