អាជ្ញាធរខេត្ត​ព្រះសីហនុ ៖ ចំពោះ​ករណី​ចែក​ខិត្តប័ណ្ណ​កន្លែង​រកស៊ី​ផ្លូវភេទ​នេះ ពិតជា​កើត​មាននៅ​ខេត្ត​ព្រះសីហនុ ពិតប្រាកដ​មែន​…..

ព្រឹត្តិការណ៍ថ្មីៗ
0
437
​មួយរយ​:​ពេល​ចុង​ក្រោយនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការចែករំលែក​យ៉ាង​ព្រោងព្រាត នូវ​ខិត្តប័ណ្ណ​រូប​ស្ត្រី​ចិន​ស្រស់ស្អាត​ស្រាត​ននល​គោក និង​មាន​សរសេរ​អក្សរ​ចិន​អម​ជាមួយ រួមទាំង​ដាក់​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង ត្រូវបាន​ចែកចាយ​ពេញ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ។​ ​ជុំវិញ​បញ្ហា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ចំពោះ​ករណី​ចែក​ខិត្តប័ណ្ណ​កន្លែង​រកស៊ី​ផ្លូវភេទ​នេះ ពិតជា​កើត​មាននៅ​ខេត្ត​ព្រះសីហនុ ពិតប្រាកដ​មែន ហើយ​លោក​បាន​បញ្ជា​ឲ្យ​ខាង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ហើយ​។​ ​គួរ​បញ្ជាក់ដែរថា មានមតិ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ទី​នោះបាន​លើកឡើងថា លំហូរ​ចូល​យ៉ាងគំហុក​នៃ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​មិន​ត្រឹមតែ​សណ្តាប់ធ្នាប់ សន្តិសុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​បង្ក​ឲ្យ​មាន​វិវាទ​ក្នុង​អាជីវកម្ម​ជាមួយ​អ្នក​នៅក្នុង​ស្រុក​ផងដែរ​។​ ​ជន​ជាតិចិន​ត្រូវបាន​គេ​មើលឃើញថា​កំពុង​ក្រសោប​អាជីវកម្ម​នៅក្នុង​ខេត្ត​ឆ្នេរ​ដ៏​ល្បីល្បាញ​របស់​កម្ពុ​ជាមួយ​នេះ​រាប់​ចាប់តាំងពី​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់​មុខរបរ​តូចតាច​ដូចជា​ហាង​កាត់សក់ និង​ការលក់​មីឆា​តាមផ្លូវ​ជាដើម​។ ប៉ុន្តែ​យ៉ាងណាមិញ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​លើកឡើងថា មិន​ថា​កម្ពុជា ឬ​ប្រទេស​ណា​នោះឡើយ គឺ​ស្វាគមន៍​ចំពោះ​ជនបរទេស​មក​វិនិយោគ​ច្រើន មិន​ថា​ជន​ជាតិចិន អាមេរិក ឬ​បារាំង​ឡើយ គឺ​ស្វាគមន៍​ទាំងអស់​ឲ្យ​តែមាន​បំណង​មក​កម្ពុជា ប៉ុន្តែ​ទន្ទឹមនឹងនេះ អាជ្ញាធរ​ត្រូវមាន​វិធានការ​អនុវត្តន៍​ច្បាប់ ឲ្យ​បាន​តឹងរឹង​ចំពោះ​ជនបរទេស​ទាំងនោះ​ផងដែរ ដោយ​គោរព​ទៅតាម​ច្បាប់​របស់​កម្ពុជា​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews កាលពីពេល​កន្លងមក ។​ ​លោក យន្ត មីន បាន​លើកឡើងថា ចំពោះ​ជនបរទេស ដែល​រស់នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរខេត្ត រួមទាំង​កម្លាំង​សមត្ថកិច្ច បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ជនបរទេស​ទាំង​នោះ​៕