ផ្ទុះ​ករណី​ឆ្លង​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​វៀតណាម​ម្តង​ទៀតហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
327
​កាលពីពេល​ថ្មីៗ​នេះ ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក (African Swine Fever) ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​ក្នុង​សត្វ​ជ្រូក​នៅ​កសិដ្ឋាន​ចំនួន​បី​ក្នុងប្រទេស​វៀតណាម​។ តាម​មន្ត្រី​មូលដ្ឋាន​នៅ​ប្រទេស វៀតណាម​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ជ្រូក​ចំនួន​ជាង ៥០​ក្បាល​នៅក្នុង​ស្រុក May Xuyen​ខេត្ត សុក​ត្រាង Soc Trang ត្រូវបាន​ពេទ្យ​ជំនាញ​រកឃើញថា មាន​ផ្ទុក​ទៅដោយ​វីរុស ASF ដូច្នេះហើយ​ខេត្ត​ភាគខាងត្បូង មួយ​នេះ​បាន​ក្លាយជា​ខេត្ត​ចុងក្រោយ​គេ​នៅ​វៀតណាម ដែលមាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​។​ ​តែ​ជា​ទោះយ៉ាងណា​ក៏ដោយ​មន្ត្រី​វៀតណាម បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​របស់ខ្លួន​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ព្រោះថា​ជំងឺ​នេះ​មិន​ឆ្លងទៅ​មនុស្ស​នោះទេ​។ អាជ្ញាធរ​ប្រទេស​នេះ ក៏បាន​លើកឡើង​ផងដែរ​ថា ប្រជាពលរដ្ឋ​នៅតែ​អាច​បរិភោគ​សាច់ជ្រូក​បាន ហើយ​មិនគួរ​ធ្វើពហិការ​ផលិតផល​សាច់ជ្រូក​នោះទេ​។​   ​អាជ្ញាធរ​វៀតណាម បាន​ឲ្យ​ដឹងផង​ដែរ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ ដោយសារ​តែមាន​ការរត់​ពន្ធ​សត្វ​តាម​បណ្ដោយ​ព្រំដែន និង​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​ប្រទេស​នេះ​។ ​ប្រជាជន​វៀតណាម ប្រហែល​៣០​លាន​នាក់​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​សម្រាប់​លក់ និង​ទទួលទាន​ក្នុងស្រុក​។ សាច់ជ្រូក ជា​ប្រភេទ​សាច់​ដែល​ជនជាតិ​វៀតណាម​ចូលចិត្ត​បរិភោគ​ជាងគេ ដែលមាន​ប្រហែល​៧៥​ភាគរយ​នៃ​ផលិត​សាច់​សរុប​ក្នុងប្រទេស​នេះ​។