មន្ទីរ​ប៉ង់​តា​ហ្គោ​ន ផ្អាក​សមយុទ្ធ​យោធា​របស់លោក​ត្រាំ ដែល​បាន​គ្រោងទុក​ក្នុង​ខែវិច្ឆិការ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដោយសារ​មាន​ហេតុផល​បែបនេះ !?

ព្រឹត្តិការណ៍ថ្មីៗ
0
322
ក្បួន​សមយុទ្ធ​យោធា ត្រូវ​បានគ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ដែលជា​ទិវា​រំឭក​នូវ​ការបញ្ចប់​សង្គ្រាមលោកលើកទី​មួយ​។ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ ណ​ល​ត្រាំ​បានស្នើ​ឲ្យ​មាន​ក្បួន​សមយុទ្ធ​នេះ​ឡើង បន្ទាប់ពី​លោក​មានការ​ចាប់អារម្មណ៍​ទៅនឹង​ទិវា​Bastille Day ក្នុងកំឡុងពេល​នៃ​ដំណើរ​ទស្ស​កិច្ច​របស់លោក​ទៅកាន់​ប្រទេស​បារាំង នៅក្នុង​ខែកក្កដា ឆ្នាំ ២០១៧​។​ ​ប៉ុន្តែ​ថ្មីៗ​នេះ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្បួន​សមយុទ្ធ​យោធា ដែល​ត្រូវបាន​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី​ត្រាំ គ្រោង​នឹងធ្វើ​ឡើង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវបាន​ព្យួរ​វិញ​ហើយ ហើយ​វា​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំក្រោយ​ឯណោះ​។​ ​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក Rob Manning បាន​និយាយថា «​ក្រសួងការពារជាតិ និង​សេត​វិមាន​បាន​ព្យួរ​ក្បួន​សមយុទ្ធ​យោធា ដែល​ផ្តល់​កិត្តិយស​ដល់​ទាហាន​ជើងចាស់ និង​ដើម្បី​រឭក​នូវ​ខួប ១០០​ឆ្នាំ​នៃ​សង្គ្រាមលោក​លើកទីមួយ​»​។ លោក​ថា «​យើង​តម្រង់​គោល​ទិសដៅ​ទៅរក​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី​១០ វិច្ឆិកា ២០១៨ ប៉ុន្តែ​នឹង​ស្វែងរក​ឱកាស​នេះ នៅ​ឆ្នាំ ២០១៩​វិញ​»​។​ ​មន្ត្រី​ក្រសួងការពារជាតិ​ដែល​ដឹង​ដោយផ្ទាល់​អំពី​ការវាយតម្លៃ ដែល​ធ្វើឡើង​ដោយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន និង​ដៃគូ​អន្តរការី​របស់ខ្លួន​បាន​ប្រាប់​សារព័ត៌មាន CNBC កាលពីមុន​ថា ក្បួន​សមយុទ្ធ​យោធា​នេះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹង​ចំណាយ​យ៉ាងហោចណាស់ ៩២​លាន​ដុល្លារ​។​ ​សារព័ត៌មាន ABC បាន​និយាយថា ក្បួន​សមយុទ្ធ​នេះ អាច​ត្រូវបាន​ចូលរួម​ដោយ​កងទ័ព​ប្រមាណ ៥​ពាន់ ទៅ ៧​ពាន់​នាក់ ដើម្បី​រំឭក​ខួប ១០០​ឆ្នាំ នៃ​សង្គ្រាមលោក​លើកទីមួយ​៕DNT-NEWS