បុគ្គលិក​ផ្នែកអនាម័យ និង​សន្ដិសុខ​ម្នាក់ រៀបរាប់​អំពី​សកម្មភាព​ក្រុមចោរប្លន់ ធនាគារ អ​.​អេ​ច​.​ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank)​កាលពី​ម្សិលមិញ​នេះ

ព្រឹត្តិការណ៍ថ្មីៗ
0
421
​តាំងពី​ម្សិលមិញ​រហូតដល់​ថ្ងៃនេះ​ខាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជំនាញ​ហាក់​ពុំទាន់​មាន​តំរុយ​ថ្មី ជុំវិញ​ករណី​ក្រុមចោរប្លន់ ធនាគារ អ​.​អេ​ច​.​ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank) ដែលមាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​រាជធានី​ភ្នំពេញ កាលពីពេល​កន្លងទៅនេះ​ឡើយ ។​ ​ប៉ុន្តែ​យ៉ាងណាមិញ​មន្ដ្រីនគរបាល​ជាន់ខ្ពស់​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដឹងថា រហូតមកដល់​ពេលនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​សហការ​យ៉ាង​ស្វិតស្វាញ​ជាមួយ​នគរបាល​ទាំង​១២​ខណ្ឌ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ដើម្បី​បើក​ការស៊ើបអង្កេត​គ្រប់​ច្រកល្ហក់​តាម​ចាប់​ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនេះ ដែល​បានរៀបចំ​ផែនការ​យ៉ាង​ស្អាត ហើយ​ធ្វើ​សកម្មភាព​បានសម្រេច បើទោះបី​ពុំបាន​ប៉ះពាល់​ដល់​អាយុជីវិត​នរណាម្នាក់ ជាពិសេស​សន្ដិសុខ និង​បុគ្គលិក​ដែល​បម្រើ​ការងារ នៅក្នុង​ធនាគារ​របស់​ចិន​មួយ​នេះ​។​ ​មន្ដ្រីនគរបាល​ជាន់ខ្ពស់​រូបនេះ បាន​សន្និដ្ឋានថា ក្រុមចោរ​ប្រដាប់អាវុធ​មាន​គ្នា​ពី​៤ ទៅ​៥​នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ដោយមាន​កាំភ្លើង​ស្ទើរ​គ្រប់​ដៃ អាចមាន​បក្ខពួក​នៅ​ឃ្លាំមើល គឺជា​ក្រុម​ដែល​ជំនាញ និង​មានការ​រៀបចំ​ពី​មេ​កើយ​យ៉ាង​ច្បាស់លាស់​ទៀតផង​។ តែ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នឹង​បន្ដ​ខិតខំ​ខ្លាំង​ឡើង ដើម្បី​តាម​បង្ក្រាប​ក្រុមចោរ​ទាំងនេះ​ឲ្យ​ខាងតែបាន​។​ ​បើ​យោងទៅតាម វីដេអូ​កាមេរ៉ា​សុវត្ថិភាព​, ក្រុមចោរ​ប្រដាប់អាវុធ​ដែលមាន​គ្នីគ្នា​ពី​៤​នាក់ បាន​សម្រុក​ចូលទៅក្នុង​ធនាគារ នៅវេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ថ្ងៃត្រង់​។ ចោរ​ប្រដាប់អាវុធ​ម្នាក់ ភ្ជង់​សន្តិសុខ​ធនាគារ​ឲ្យ​អង្គុយ​នៅលើ​កៅអី នៅពេល​គ្នីគ្នា​របស់​ក្រុមចោរ​ដទៃទៀត ចូលទៅ​ប្រមូល​លុយ​របស់​ធនាគារ​ដាក់ចូល​ក្នុង​កាបូបស្ពាយ​។​ ​ដ្បិតតែ​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ធនាគារ​ថត​បាន​សកម្ម​ភាព​របស់​ក្រុមចោរ​ក៏ពិតមែន ប៉ុន្តែ​គេ​មិនអាច​កំណត់​អត្តសញ្ញាណ​របស់​ជនល្មើស​បានទេ ព្រោះ​នៅពេល​ធ្វើ​សកម្មភាព ក្រុមចោរប្លន់​ប្រដាប់អាវុធ បាន​ពាក់​ម៉ាស និង​មួក​ការពារ​សុវត្ថិភាព​បិទបាំង​ផ្ទៃមុខ​មិន​ឲ្យ​ឃើញ​ឡើយ​។ ​យោងតាម​ចម្លើយសារភាព​របស់លោក ឃុន ឃិន អាយុ​៥៤​ឆ្នាំ ជា​សន្ដិសុខ​របស់​ក្រុមហ៊ុន MPA នៅ​យាម​ធនាគារ និង​ត្រូវ​ចោរ​ភ្ជង់​អូស​ចូល​ខាងក្នុង​ធនាគារ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១១៖៤០​នាទី ពេលដែល​លោក​កំពុង​ឈរ​យាម​ដូច​រាល់​ដងនោះ ស្រាប់តែ​ឃើញ​ក្រុមចោរ​ចំនួន​៥​នាក់ ស្លៀកពាក់​ស៊ីវិល ដោយ​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា និង​ពាក់​កាក់​ខាងក្រៅ ដើរ​សម្ដៅ​ចូល​ធនាគារ ពេលនោះ​លោក​បាន​ស្រែក​ឲ្យ​ឈប់ ដើម្បី​ឲ្យ​ដោះ​មួក​ចេញ ប៉ុន្ដែ​គ្នា​វា​ម្នាក់​បានមក​ភ្ជង់​លោក ហើយ​ទាញ​ដៃ​ចូលទៅក្នុង​ធនាគារ​ឲ្យ​អង្គុយ​ចុះ រួច​ក៏​ធ្វើ​សកម្មភាព​ប្រមូលយក​ប្រាក់ មុននឹង​គេចខ្លួន​តែម្ដង​។​ ​បើតាម​សន្ដិសុខ​រូបនេះ ក្រុមចោរ​ខាងលើ គឺជា​ជនជាតិខ្មែរ ក៏​ព្រោះតែ​ពួកគេ​ស្រែក​គំរាម​ជា​ភាសា​ខ្មែរ មិនមែន​ជនជាតិ​ចិន ដូចដែល​មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យ​នោះទេ​។​ ​ដោយឡែក​អ្នកស្រី ពត ចាន់​ធួន អាយុ​៣៧​ឆ្នាំ ដែលជា​បុគ្គលិក​ផ្នែកអនាម័យ នៅក្នុង​ធនាគារ​ក៏បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ផងដែរ​ថា នៅវេលា​ម៉ោង​ប្រមាណ​១១៖៣០​នាទី អ្នកស្រី​កំពុង​ហូបបាយ​នៅ​បន្ទប់ទឹក ដោយមាន​គ្នា​៣​នាក់ ពេលនោះ​ក៏​ក្រុមចោរ​ចូលទៅ​ប្លន់ ដោយ​ប្រមូល​លុយ​ពី​ក្នុង​កិក​ដាក់ចូល​កាបូប មុន​បន្ដ​គេចខ្លួន​តែម្ដង​។ ​ជាការ​កត់សម្គាល់ ក្រៅតែពី​បាត់បង់​ប្រាក់ ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ មិនបាន​បង្ក​ឲ្យ​ជនណាម្នាក់​រងរបួស​ទេ​។ សមត្ថកិច្ច​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​ថវិកា​ដែល​បាត់បង់​នៅក្នុង​ហេតុការណ៍​ប្លន់​ធនាគារ​នេះ​នៅឡើយ ខណៈ​ព័ត៌មាន​ក្រៅផ្លូវការ​អះអាងថា ក្រុមចោរ​បាន​ប្រមូលយក​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ មុនពេល​គេចខ្លួន​តាម​ម៉ូតូ​ពីរ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​