អ៊ីរ៉ង់​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ក្រោយ​ការប្រកាស​គម្រាម​វាយ​បំបាត់​អ៊ីស្រាអែល​ឲ្យ​ដាច់​ពូជ​

ព្រឹត្តិការណ៍ថ្មីៗ
0
246
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សារព័ត៌មាន News Week ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ មករា​នេះ​ថា អ៊ីរ៉ង់​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ ក្រោយ​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទៅលើ​កងកម្លាំង​តំណាង​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​។​ ​កងទ័ព​អ៊ីរ៉ង់​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ Eqtedar 97 របស់ខ្លួន​កាលពី​ថ្ងៃ​សុ​ក្ស​ម្សិលមិញ​នៅ​ជិត​ទីក្រុង Nasrabad នៅ​ចំ​កណ្តាល​ខេត្ត Isfahan ដោយមាន​ការចូលរួម​ពី​អង្គភាព​ចំនួន ១២ ០០០ និង​កងទ័ពអាកាស​អ៊ីរ៉ង់​យ៉ាង​សន្ធឹកសន្ធាប់​។ ​លំ​ហាត់​សមយុទ្ធ​នេះ​មាន​គោលដៅ​វាយតម្លៃ​ការប្រែប្រួល​ថ្មី​នៃ​រចនាសម្ព័ន្ធ​កងកម្លាំង​ថ្មើរជើង​អ៊ីរ៉ង់ ហើយនឹង​ធ្វើការ​អនុវត្ត​ន៍​ជាក់ស្តែង​នូវ​អង្គភាព​រថពាសដែក កង​វរ​សេនា​កាំភ្លើង​ធំ កងកម្លាំង​ប្រតិកម្ម​រហ័ស កងកម្លាំង​ថ្មើ​ជើង​បំពាក់​ដោយ​កាំភ្លើង​ម៉ាស៊ីន អង្គភាព​ទ័ពអាកាស​ប្រឆាំង​វិស្វកម្ម និង​យុទ្ធសាស្ត្រ​ទំនើបកម្ម​នៃ​ទំនាក់ទំនង និង​ដ្រូ​ន​។ នេះ​បើតាម​ការិយាល័យ​ទំនាក់ទំនង​សាធ​រណ​របស់​កងកម្លាំង ដែល​បាន​ឲ្យ​ដឹង​។​ ​សមយុទ្ធ​ពហុ​ដំណាក់កាល​នេះ​បានចាប់ផ្តើម​ខណៈដែល​ដ្រូ​ន Mohajer និង​ឧ​ទ្ធ​ម្ភា​ចក្រ R-4 បានធ្វើ​បេសកកម្ម​ឈ្លបយកការណ៍ មុន​កងកម្លាំង​ទ័ពអាកាស​លេខ ៥៥ និង​ក្រុម​អង្គភាព​ប្រតិកម្ម​រហ័ស​ទី​២៥ ត្រូវបាន​ទម្លាក់ខ្លួន​ពី​អាកាស​ដោយ​ឧ​ទ្ធ​ម្ភា​ចក្រ Belol 214 និង CH-47 Chinook ។ ​ជា​ញឹកញាប់ អ៊ីរ៉ង់​បានធ្វើ​សមយុទ្ធ​ដើម្បី​បង្វឹក​បង្ហាត់​ដល់​កងទ័ព​របស់ខ្លួន ដើម្បី​បង្ហាញ​កម្លាំង​កម្លា​ដល់​សហរដ្ឋអាមេរិក​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីស្រាអែល​។ កាលពី​ដើមខែ​នេះ អ៊ីរ៉ង់​បានធ្វើ​សមយុទ្ធ Fadayeeyan Harim Velayat 8 ដែល​រួមមាន​យន្តហោះ​ចម្បាំង​ជាច្រើន​ប្រភេទ​។ កាលពី​ប៉ុន្មាន​ខែ​មុន អ៊ីរ៉ង់​បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​កន្លះ​លាន​គីឡូ​ម៉ែត្រការ៉េ ដើម្បី​បញ្ជូន​សារ​ទៅកាន​សហរដ្ឋអាមេរិក ក្រោយ​ការបិទ​ការនាំចេញ​ប្រេង​របស់​ប្រទេស​នេះ​។​ ​កងកម្លាំង​យោធា​អ៊ីរ៉ង់​ត្រូវ​ចែកចេញជា​ពីរ​ធំៗ​៖​ទីមួយ​គឺ​កងកម្លាំង​ធម្មតា ដែល​ពាក់ព័ន្ធ​ទៅនឹង​សមយុទ្ធ​អ៊ី​ស​ហ្វា​ហាន ដែល​ធ្វើឡើង​ថ្មីៗ​នេះ និង​មួយទៀត គឺ​កងកម្លាំង​ឆ្មាំ​បដិវត្ត​ជាន់ខ្ពស់ ដែល​ឆ្លើយ​ទៅនឹង​ភាពជា​អ្នកដឹកនាំ​សាសនា​របស់​ប្រទេស​នេះ ដឹកនាំ​ដោយ​លោក​អា​យ៉ា​តុលា អា​លី​ខា​មី​ណេ​។​ ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែល​អ៊ីរ៉ង់​ធ្វើឡើង​ចុងក្រោយ​នេះ គឺជា​ការបញ្ជូនសារ​មួយ​ទៅ​អ៊ីស្រាអែល​។ កាលពីពេល​ថ្មីៗ​នេះ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅលើ​មូលដ្ឋានទ័ព​អ៊ីរ៉ង់​នៅ​ស៊ី​រី ដោយបាន​សម្លាប់​ទាហាន​អ៊ីរ៉ង់ ១២​នាក់​។ ក្រោយ​ការវាយប្រហារ​នេះ អ៊ីរ៉ង់​បាន​គម្រាម​វាយ​បំបាត់​អ៊ីស្រាអែល​ចេញពី​ផែនដី​នេះ​។ ដោយឡែក អ៊ីស្រាអែល​ប្តេជ្ញា​បន្ត​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់​បន្តទៀត ប្រសិនបើ​ប្រទេស​នេះ​មិន​ដក​កម្លាំង​ពី​ប្រទេស​ស៊ី​រី​នោះទេ​៕