មិន​ជឿ​មិនបាន ភី​យ៉ា និង រុន ណា​កូ វិញ្ញាណ​សណ្ឋិត​ព្រម​គ្នា

សិល្បៈកម្សាន្ត
0
400
​នាពេល​កន្លងមក តារា​សម្ដែង​កញ្ញា ភី​យ៉ា ឬ លី ឌី​ណា ធ្លាប់​ត្រូវបាន​វិញ្ញាណ​ចូល​សណ្ឋិត​ម្ដង​ជា​២​ដង​មកហើយ នៅពេលដែល​នាង​គ្រង​ឈុត​បុរាណ ខណៈដែល​លោក​រុន ណា​កូ ម្ចាស់​ពាន​តារា​លេចធ្លោ​ផ្នែក​គ្រង​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ឯណេះ​វិញ ក៏​ធ្លាប់មាន​អា​ការៈចម្លែក​កើតឡើង ក្នុងពេល​គ្រង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី​២ កាលពីពេល​ឈ្នះ​ពាន​ផងដែរ​។ ​យ៉ាងណាមិញ កាលពី​ថ្ងៃទី​២៨ សីហា មុននេះ អ្នក​ទាំងពីរ​ត្រូវបាន​វិញ្ញាណ​មក​រំខាន​ព្រម​គ្នា បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​អ្នករៀបចំ​កម្មវិធី Star Award អោយ​គ្រង​ឈុត​បុរាណ​ទន្ទឹមគ្នា​។ កញ្ញា ភី​យ៉ា បាន​អះអាងថា គ្រាន់តែ​នាង​គ្រង​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី​ហើយ​ភ្លាម រូបនាង​ចេះតែមាន​អ្វី​ម្យ៉ាង​មក​បញ្ជា​រាងកាយ​នាង​អោយធ្វើ​សកម្មភាព​ប្លែកៗ និង​អោយ​រាំ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​បណ្ដាលមកពី​នាង​ចេះតែ​បន់ និង​ចេះតែ​ប្រឹង​ទប់​អារម្មណ៍ ទើប​អាកា​រៈ​នោះ​មិន​ធ្វើ​ឲ្យ​ឆោ​រ​ឡោ​ក្នុងពេល​ដំបូងៗ​។ យ៉ាងណាមិញ នៅពេលដែល​នាង​រៀប​ចូល​ថត ហើយ​កំពុង​សេ​រេ​ជាយសំពត់​ស្រាប់តែ​វិញ្ញាណ​ចម្លែក​ធ្វើអោយ​នាង​បង្វិលខ្លួន​រាំរែក​ទាល់តែ​បាន ដោយ​នាង​មិនអាច​បញ្ជា​រាងកាយ​របស់ខ្លួន​មិនបាន​តែម្ដង​។ ​នាង​ត្រូវគេ​ឃើញ​បង្ហាញ​ទឹកមុខ​ស្លេកស្លាំង និង​ភ័យ​យ៉ាងខ្លាំង បន្ទាប់ពី​អ្នករៀបចំ​កម្មវិធី និង​ក្រុមការងារ​ចាប់ដៃ​ចាប់ជើង និង​ជួយ​បន់​អោយ​នាង​បានដឹង​ស្មារតី​ឡើងវិញ​។ នាង​ថា​ខ្លួន​តែងតែ​ភ័យ​អោយតែ​គ្រង​ឈុត​បុរាណ តែ​សម្រាប់​សភាព​លើក​នេះ គឺ​នាង​មាន​អារម្មណ៍​ភិតភ័យ​ជាង​មុន ដោយសារតែ​តាំងពី​តែង​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី​ហើយ​ភ្លាម ក៏​ចង់តែ​អោយ​នាង​លើកដៃ​រាំ​ដូច​អប្សរា ដល់​ថ្នាក់​នាង​ខំ​ទប់​ស្មារតី មិន​ហ៊ាន​ទាំង​ផឹកទឹក និង​ញាំ​អី ដើម្បី​កុំអោយ​ភ្លេចខ្លួន ហើយ​បណ្ដោយ​វិញ្ញាណ​ដែល​សណ្ឋិត​បញ្ជា​ខ្លួន​បាន​។ ​នាង​ថា​ក្រោយពេល​គេ​ចាប់​អោយដឹង​ស្មារតី រូបនាង​ភ័យ​ចង់​ស្លន់​តែម្ដង ដោយសារតែ​នាង​ខ្លាច​មាន​អាកា​រៈ​បែបនេះ ហើយ​ថត​មិនកើត​។ ក្រឡេក​ទៅ លោក​រុន ណា​កូ ឯណោះ​វិញ ក៏​លោក​កើតមាន​អាកា​រៈ​ស្រដៀង​គ្នា​ផងដែរ ដោយ​លោក​គ្រាន់តែ​គ្រង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី​២ ហើយ​ភ្លាម ក៏មាន​មាន​វិញ្ញាណ​ចូល​សណ្ឋិត បណ្ដាលអោយ​លោក​បែកញើស​ធ្ងន់​ក្បាល និយាយ​ពាក្យ​ប្លែកៗ និង​មាន​សភាព​លោត​ញាក់​នូវ​សាច់ដុំ​លើ​រាងកាយ ដែល​មិន​ខុសពី​មាន​អ្វីមួយ​រត់​ចុះ​រត់ឡើង​ពេញ​ក្នុង​សាច់​។ ​លោក​ត្រូវបានធ្វើ​ស្រាល​ក្រោយ​អុជ​ធូប​បន់ស្រន់ តែ​ក៏​ចំណាយពេល​ច្រើន​ដែរ ទម្រាំ​បាត់​អា​ការៈឈឺ​ក្បាល ថប់ដង្ហើម និង​ញាក់សាច់​សព្វកន្លែង ដែល​សូម្បីតែ​អ្នកឃើញ​ផ្ទាល់​ក៏​ចង់​ភ័យ​ជំនួស​។ យ៉ាងណាមិញ លោក​ថា មិនមែនជា​លើក​ទី​២​នោះទេ ដ្បិត​កាលពី​ពេលដែល​លោក គ្រង​ឈុត​មួយ​នេះ ប្រលង​ក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពាន​របស់​គ្រួសារ​តារា​កម្ពុជា ក៏មាន​អាកា​រៈ​បែបនេះ​ម្ដង​ដែរ ដោយ​គ្រាន់តែ​សភាព​ម្ដងនេះ​រាង​ធ្វើអោយ​លោក​ភិតភ័យ​ជាង​មុន ដោយសារតែ​លោក​មានការ​និយាយ​ប្លែកៗ និង​មាន​អ្វី​ម្យ៉ាង​រត់​ពេញ​ក្នុង​សាច់ ធ្វើអោយ​សាច់​របស់លោក​លោត​គ្រប់កន្លែង គ្រាន់តែ​គិត​ក៏​ព្រឺ​ខ្លួន​៕