រុស្ស៊ី​បញ្ជូន​ក្រុម​នាវាចម្បាំង​ជាច្រើន​បន្ថែមទៀត ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ត្រៀមប្រយុទ្ធ​ជាមួយ​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
323
​សារព័ត៌មាន​របស់​ស​ហ​រដ្ឋ​អាមេរិក Business Insider បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ សីហា​នេះ​ថា រុស្ស៊ី​បាន​បញ្ជូន​ក្រុម​នាវាចម្បាំង​របស់ខ្លួន​ជាច្រើន​បន្ថែមទៀត​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រយុទ្ធ​ទប់ទល់​ទៅនឹង​សហរដ្ឋអាមេរិក ដែល​នឹង​បើក​ការវាយប្រហារ​មកលើ​ស​ម្ព័​ន្ធ​មិត្ត​របស់ខ្លួន ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ​ការត្រៀមខ្លួន​វាយ​ប្រយុទ្ធ​ទប់​ទប់​ទៅនឹង​ការវាយប្រហារ​ពី​សំណាក់​អាមេរិក​មកលើ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នេះ បានធ្វើ​ឡើង​ក្រោយ​ការព្រមាន​ពី​សំណាក់​ទីប្រឹក្សា​សន្តិ​ជាតិ​អាមេរិក ដែល​បាន​គម្រាមថា អាមេរិក​នឹងធ្វើ​ការឆ្លើយតប​ទៅនឹង​ការប្រើ​ការ​វុ​ធ​គីមី​របស់​អាសាដ នៅ​ខេត្ត​អ៊ី​ត​លី​ប​ឲ្យ​កាន់តែខ្លាំង​ជាង​ការវាយប្រហារ​លើក​មុន​ទៅទៀត​។ កាលពី ២​ថ្ងៃ​មុននេះ រុស្ស៊ី​បាន​បញ្ជូន​នាវា​ពិឃាត​របស់ខ្លួន​ចំនួន ២​គ្រឿង​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ឆ្ពោះទៅកាន់​ប្រទេស​ស៊ី​រី​។​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី លោក Igor Konashenkov បាន​និយាយ​កាលពី​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​បាន​ពង្រឹងកម្លាំង​ទ័ពជើងទឹក​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​កំពុងតែ​ត្រៀម​បង្កហេតុ​ដោយ​ប្រើ​អាវុធ​គីមី ដើម្បី​ធ្វើជា​លេស​បើក​ការវាយប្រហារ​មកលើ​ស៊ី​រី​ហើយ​។​ ​ផ្ទុយ​ពី​ការចោទប្រកាន់​បែបនេះ សារព័ត៌មាន CNN បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ចំពោះ​ការពង្រឹង​កម្លាំង​ទ័ពជើងទឹក​នៅក្នុង​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដោយបាន​និយាយថា គ្មានអ្វី​ក្រៅតែពី​ការឃោសនា​របស់​រុស្ស៊ី​នោះទេ​។​ ​ក្រុម​អ្នកឃ្លាំមើល​បាន​លើកឡើងថា រុស្ស៊ី​អាចមាន​នាវាចម្បាំង​រហូតដល់​ទៅ ១៣​គ្រឿង​ឯណោះ រួមទាំង​នាវាមុជទឹក​របស់ខ្លួន​ផង ដែល​កំពុងតែ​ធ្វើដំណើរ​ទៅ​ជួយ​ស៊ី​រី​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ​បាន​ភ្ជាប់​រដ្ឋាភិបាល​ស៊ី​រី​ទៅនឹង​ការវាយប្រហារ​គីមី​ជាង ១០០​ដង ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាមស៊ីវិល​របស់​ស៊ី​រី​មក ហើយ​ប្រទេស​រុស្ស៊ី​បានធ្វើការ​ប្រឌិត​អំពី​ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​ពី​សំណាក់​កងកម្លាំង​អាសាដ​។​ ​លោក Omar Lamrani អ្នកវិភាគ​យោធា​នៅ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ភូមិសាស្ត្រ​នយោបាយ Stratfor បាន​ប្រាប់​សារព័ត៌មាន Business Insider របស់​អាមេរិក​ថា ទោះបីជា​រុស្ស៊ី​បាន​បញ្ជូន​ក្រុម​កង​នាវាចម្បាំង​យ៉ាង​សម្បើម​ទៅ​កា​ពារ​រដ្ឋាភិបាល​អាសាដ​យ៉ាងណាក៏ដោយ ក៏​រុស្ស៊ី​មិនអាច​បញ្ឈប់​ការវាយប្រហារ​របស់​អា​មេ​រិ​កបាន​នោះដែរ​។​ ​លោក Lamrani បាន​និយាយថា «​តាម​រូបសណ្ឋាន រុស្ស៊ី​ពិតជា​មិនអាច​ធ្វើ​អ្វី​បាន ដើម្បី​បញ្ឈប់​ការវាយប្រហារ​នោះបានទេ​។ បើសិនជា​សហរដ្ឋអាមេរិក​ចូលមក ហើយ​បាញ់​គ្រាប់​មី​ស៊ី​ល​ដូច​ការវាយប្រហារ​លើក​មុន ៗ រុស្ស៊ី​ត្រូវតែ​ធ្វើការ​ការពារ​ខ្លួន ប៉ុន្តែ​នៅតែ​មិនអាច​បាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​ទាំង​នោះបាន​ទាំងអស់​នោះទេ ហើយនឹង​ប្រឈម​នឹង​គ្រោះ​ហានិភ័យ​ជាមួយ​អាមេរិក ដែល​អាច​នឹងធ្វើ​ឲ្យ​អាមេរិក​បើក​ការវាយប្រហារ​ទៅលើ​ពួកគេ​តែម្តង​»​។​ ​លោក Lamrani បាន​និយាយថា នៅក្នុង​ការវាយប្រហារ​មុន ៗ របស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ស៊ី​រី អាមេរិក​ព្យាយាម​វាយប្រហារ ដោយ​មិន​ឲ្យ​ប៉ះពាល់​ទៅលើ​កងទ័ព​រុស្ស៊ី គឺ​ដើម្បី​កុំ​ឲ្យ​ជម្លោះ​រាលដាល​កាន់តែ​ធំ មិនមែន​ដោយសារតែ​អាមេរិក​មិនអាច​កម្ទេច​នាវាចម្បាំង​របស់​រុស្ស៊ី​នោះទេ​។ ពួកគេ​អាច​កម្ទេច​នាវាចម្បាំង​រុស្ស៊ី​បាន ប្រសិនបើ​ពួកគេ​ចង់ ប៉ុន្តែ​អាមេរិក​មិន​ឲ្យ​សង្គ្រាមលោកលើកទី​៣ ផ្ទុះឡើង​ដោយសារតែ​រឿង​ស៊ី​រី​នោះទេ​។ លោក​បន្តថា «​និយាយ​ដោយស្មោះ​ទៅ អាមេរិក​ពិតជា​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៅក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ រុស្ស៊ី​មិនមាន​អ្វី​ជា​ដុំកំភួន​នោះទេ​»​។​ ​លោក​និយាយថា «​ប្រសិនបើ​នាវាចម្បាំង​របស់​រុស្ស៊ី​ផ្ទុះ​សង្គ្រាម​ជាមួយ​អាមេរិក នោះ​អាមេរិក​នឹង​ប្រើ​កម្លាំង​ទ័ពអាកាស​ដ៏​ខ្លាំងក្លា​បំផុត កាច់​បំបាក់​រុស្ស៊ី​នៅក្នុង​តំបន់​នេះ​តែម្តង ហើយ​កង​នាវាចម្បាំង​របស់​រុស្ស៊ី​ដែលមាន​ចំនួន​បន្តិចបន្តួច​នឹង​ក្លាយទៅជា​ផេះ ក្នុងពេល​តែមួយ​ប៉ព្រិចភ្នែក​»​។​ ​ដើម្បី​សម្រួល​ដល់​ស្ថានការណ៍​ដ៏​ក្តៅគគុក​នេះ ទោះជា​យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​ទំនងជា​នឹង​ជៀសវាង​ការវាយប្រហារ​ទៅលើ​គោលដៅ​សំខាន់បំផុត ជាពិសេស​នោះ​គឺ​វត្តមាន​ទ័ព​រុស្ស៊ី​នេះឯង​៕DNT-NEWS