សម្តេច ហ៊ុន សែន​៖ ទោស​ក្បត់ជាតិ​របស់លោក កឹម សុខា គឺជា​ទោស​មួយ​ធ្ងន់ធ្ងរ​មិនអាច​លើកលែង​បាន​នោះឡើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
291
​កាលពី​ព្រឹក​មិញ​នេះ​សម្តេច ហ៊ុន សែន បានប្រកាសថា នឹង​គ្មាន​ការដោះលែង​លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​ស្អែក​នេះនោះ​ឡើយ​។ ការបញ្ជាក់​របស់​សម្តេច ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​សង្ស័យ និង​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​ថា អាច​នឹងមាន​ការដោះលែង​លោក កឹម សុខា នៅ​ថ្ងៃស្អែក​នេះ​។​ ​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បកស្រាយ​ថា លោក កឹម សុខា មិនទាន់​ត្រូវបាន​កាត់ក្តី​ឲ្យ​ក្លាយជា​អ្នកទោស (​ទណ្ឌិត​) នោះទេ ដូច្នេះ​ពុំ​អាចមាន​ការស្នើ​ឲ្យ​លើកលែងទោស​ឡើយ​។ ចំណែក​ការដក​បទ​ចោទ​ចេញពី​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ក៏​សម្តេច អះអាងថា មិនអាច​ទៅរួច​ដែរ ព្រោះ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។ ​សម្តេច​បាន​សង្កត់ធ្ងន់​ទៀតថា ទោស​ក្បត់ជាតិ​របស់លោក កឹម សុខា គឺជា​ទោស​មួយ​ធ្ងន់ធ្ងរ​មិនអាច​លើកលែង​បាន​នោះឡើយ​។ «​នរណា​ដោះលែង​? នរណា​ដោះលែង​? បើ​គេ​មិនទាន់​កាត់ទោស​ផង មានទោស​ឯណា​សម្រាប់​លើក​ឲ្យ​វា​។ ឯ​លើកលែង​ការចោទប្រកាន់​អត់​ទេ នរណា​ជា​អ្នក​លើកលែង​? រឿងនេះ​ក្តីក្តាំ​ក្នុង​ទោស​ក្បត់ជាតិ នរណា​លើកលែង​? ក្នុងឋានៈ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល ខ្ញុំ​នៅតែ​បន្ត​ប្តឹង​ដាច់ខាត​»​។​ ​ទន្ទឹមនឹង​ការបញ្ជា​ក់ថា គ្មាន​ការដោះលែង​លោក កឹម សុខា ហើយ​នោះ សម្តេច ហ៊ុន សែន ក៏បាន​បញ្ជា​ទៅ​កងកម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឲ្យ​ចាត់វិធានការ​លើ​ឈ្មោះ ណុប ប៊ុន​ហូរ ផងដែរ​។ ជននេះ​ត្រូវបាន​សម្តេច​តេ​ជោ អះអាងថា ជា​មេ​ចលនា​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​រង់ចាំ​ទទួល​លោក កឹម សុខា ពី​ពន្ធនាគារ​។​ ​សូមបញ្ជាក់ថា លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អញ្ជើញលោក ផែង ហេង ដែលជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា ចូលរួម​ក្នុង​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំខ្លួន​បណ្តោះអាសន្ន​ពី​ដំណើររឿង​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ ស្អែក​នេះ នៅ​បន្ទប់​សាកសួរ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ "​ម​៣ ខេត្ត​ត្បូងឃ្មុំ​" (​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​)៕