ស៊ី​រី​ត្រៀម ប្រព័ន្ធ​ការពារ​មី​ស៊ី​ល និង​តម្រង់​ការ​ណុង​ត្រៀម​ស្ទាក់ចាប់​រួចជាស្រេច ក្នុងករណី​មានការ​វាយប្រហារ​ពី​សំណាក់​អាមេរិក​មកលើ​ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
319
​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ សីហា ២០១៨​នេះ​ថា កងទ័ព​ការពារ​អាកាស​របស់​អា​សាដ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ការពារ​ដែន​អាកាស​របស់ខ្លួន​ពី​ការវាយប្រហារ​របស់​ស​ហ​រដ្ឋ​អាមេរិក​។ ​ការត្រៀម​កាណុង​មី​ស៊ី​ល​ប្រឆាំង​ទៅនឹង​មី​ស៊ី​ល​អាមេរិក​នេះ បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​ការព្រមាន​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក លោក John Bolton ដែល​បាន​គម្រាមថា អាមេរិក​នឹងធ្វើ​ការចាត់វិធានការ​ណ៍​ក្តៅ​ទៅនឹង​ការប្រើ​អាវុធ​គីមី​របស់​រដ្ឋាភិបាល​អាសាដ​។ លោក​បុល​ថុ​ន​ក៏បាន​និយាយ​ផងដែរ​ថា វិធានការណ៍​ក្តៅ​របស់​អាមេរិក​នាពេល​នេះ នឹងត្រូវ​ធ្វើឡើង​ក្នុង​រូបភាព​ខ្លាំង​ជាង​លើក​មុន​ទៅទៀត​។​ ​ក្រោយ​ការប្រកាស​នេះ មេបញ្ជាការ​កងទ័ពអាកាស​ស៊ី​រី​បានប្រកាស​ឲ្យ​កងទ័ព​របស់ខ្លួន​ប្រុង​ជើងការ ពី​ការវាយប្រហារ​របស់​អា​មេ​រិ​ក​មកលើ​ខ្លួន​។ យោងតាម​ប្រភព​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី Mezzeh បាន​ឲ្យ​ដឹងថា កងទ័ព​ដែល​កំពុងតែ​ឈរជើង​នៅក្នុង​មូលដ្ឋាន​ទាំង​ប៉ុន្មាន ត្រូវបាន​ប្រកាស​ឲ្យ​ប្រុង​ជើងការ​ហើយ​។ ប្រភព​បន្ថែមថា ក្នុងពេល​បន្តិចទៀតនេះ អាមេរិក​នឹង​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ មកលើ​កងទ័ព​ស៊ី​រី​ហើយ​។​ ​ក្រសួងការពារជាតិ​បាន​កត់សម្គាល់ថា សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​កំពុងតែបន្ត​សាងសង់​នូវ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក ដែល​អាច​បាញ់​គ្រាប់​មី​ស៊ី​ល​បន្ថែមទៀត នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី នាវា​ពិឃាត​បាញ់​គ្រាប់​មី​ស៊ី​ល​របស់​អាមេរិក អាចធ្វើ​ការវាយប្រហារ​បាន​គ្រប់ផ្នែក​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល​។​ ​នៅក្នុង​សន្ទរកថា​មួយ​ក្រោយ​ការប្រកាស​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាមៗ​ផងដែរ ដោយបាន​ប្រកាសថា បារាំង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​ករណី​ប្រើ​អាវុធ​គីមី ក្នុងពេល​ឆាប់ៗ​នេះហើយ​។​ ​សូម​រំ​ឮ​កថា កាលពី​ឆ្នាំ ២០១៧ ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ប្រើ​អាវុធ​គីមី​នេះដែរ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត បាន​បាញ់​គ្រាប់​មី​ស៊ី​ល​តូ​ម៉ា​ហក​ចំនួន ៥៩​គ្រាប់ ហើយ​នៅ​ថ្ងៃទី​១៤ ខែមេសា អាមេរិក​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​តូ​ម៉ា​ហក​ចំនួន​ជាង ១០០​គ្រាប់​ទៅលើ​ទីតាំង​យោធា​របស់​អាសាដ ប៉ុន្តែ​ក្នុងនោះ​មី​ស៊ី​ល​អាសាដ​ស្ទាក់​ចាប់បាន ៧០​គ្រាប់​។ យ៉ាងណា​ក៏ដោយចុះ មូល​ដ្ឋា​អាសាដ​បានទទួល​ជាង ៣០​គ្រាប់​យ៉ាង​ល្វីងមុខ និង​រង​ការខូចខាត​យ៉ាងដំណំ​៕DNT-NEWS