សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ក្រុមហ៊ុន​ស្មា​ត​ផ្តល់​សេវា​អ៊ី​ធឺ​ណិ​ត​តាម​សាលារៀន និង​មន្ទីរពេទ្យ​

ព្រឹត្តិការណ៍ថ្មីៗ
0
216
​ កាលពីពេល​ថ្មីៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ក្រុមហ៊ុន​ស្មា​ត (Smart Axiata) ពិចារណា​ដាក់​អ៉ី​ន​ធើ​ណេ​ត​នៅតាម​សាលារៀន និង​មន្ទីរពេទ្យ​របស់​រដ្ឋ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​គ្រូបង្រៀន និង​សិស្ស ក៏ដូចជា​គ្រូពេទ្យ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​បញ្ហា​សង្គម​។ សម្ដេច ស្នើ​បែបនេះ នៅក្នុង​ជំនួប​លោក តាន់​ស្រ៊ី ចា​មា​លូ​ឌី​ន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធាន​ក្រុមហ៊ុន Axiata Group Berhad ជា​ក្រុមហ៊ុន​ទូរ​ស័​ព្វ​ចល័ត​ស្មា​ត (Smart ) ។​ ​ក្នុង​ឳ​កាស​នោះដែរ សម្តេច​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន ពិចារណា​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​ឲ្យ​គ្របដណ្ដប់​ទៅលើ​ទីជនបទ​ឲ្យ​បាន​ច្រើន​ទូលំទូលាយ ជាពិសេស​ពិនិត្យមើល​ប្រព័ន្ធ​ស្មា​ត​នៅក្រៅ​ប្រទេស (Roaming) ផងដែរ គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រព័ន្ធ​ស្មា​ត អាច​ដំណើរការ​ទៅបាន​ទាំង​ការហៅ​ចេញចូល និង​ប្រ​ព័​ន្ឋ Internet ឲ្យ​បានល្អ​នៅក្រៅ​ប្រទេស​អោយបាន​ច្រើន​។ ព្រោះ​ពេល​សម្តេច​តេ​ជោ អញ្ជើញ​ទៅ​បេសកកម្ម​ក្រៅប្រទេស គឺ​ប្រ​ព័​ន្ឋ​ស្មា​ត​មិនសូវមាន Roaming ដែល​លំបាក​ប្រើប្រាស់​។ ​ គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន​ស្មា​ត ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​កំពុងដំណើរការ​រក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ ១,៤០០​លាន​ដុល្លារ​។ ក្រុមហ៊ុន​កំពុង មាន​គម្រោង​បង្កើត​វិនិយោគ​ថែមទៀត ដោយ​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ថ្មី ទំនើប រួមទាំង​ប្រព័ន្ធ​ហ្វា​យ​ជី (5G) ផងដែរ​។​ ​បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួប​នេះ លោក តាន់​ស្រ៊ី បាន​លើកឡើងថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ស្មា​ត មិន​ត្រឹមតែ​ដើម្បី​រក​ផលចំណេញ​នោះទេ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និង​រួមចំណែក​ជួយ​ដល់​សង្គម​ផងដែរ​។​