មេដឹកនាំ​បំបែក​ខ្លួន​អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឃាត​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង

ព្រឹត្តិការណ៍ថ្មីៗ
0
350
​​យោងតាម​វិទ្យុ​អ៊ឺរ៉ុប​សេរី ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១ កញ្ញា ២០១៨​នេះ​បាន​ឲ្យ​ដឹងថា មេដឹកនាំ​ក្រុម​បំបែក​ខ្លួន​អ៊ុយ​ក្រែ​ន ដែលមាន​រុស្ស៊ី​នៅ​ពី​ក្រោយខ្នង ត្រូវបាន​ធ្វើឃាត​នៅក្នុង​ហាង មួយកន្លែង ដោយ​ការ​បំផ្ទុះ​គ្រាប់បែក ខណៈដែល​ហាង​កាហ្វេ​មួយ​នេះ ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​ផ្តល់​កិត្តិយស​ដល់​ក្រុម​ផ្តាច់ខ្លួន​។​ ​មរណភាព​របស់លោក Aleksandr Zakharchenko ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​៣១ សីហា នៅ​ភោជនីយដ្ឋាន Separ បាន​ញ៉ាំង​ឲ្យ​ក្រុមប្រឹក្សា​របស់​ក្រុម​បះបោរ​កោះប្រជុំ​បន្ទាន់​មួយ និង​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​ទៅនឹង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​។​ ​ការសម្លាប់​លើ​លោក Zakharchenko នេះ គឺជា​មរណភាព​អំពើហិង្សា​ចុង​ក្រោង​បង្អស់​របស់​ក្រុមមន្ត្រី​ផ្តាច់ខ្លួន និង​មេបញ្ជាការ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ក្រុម​ផ្តាច់ខ្លួន​មាន​រុស្ស៊ី​នៅ​ពីក្រោយ​ខ្នង​នេះ បាននិងកំពុង​តែ​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គាវ​អ៊ុយ​ក្រែ​ន​។ សង្គ្រាម​រវាង​ក្រុម​ផ្តាច់ខ្លួន នៅ​ឧបទ្វីប​គ្រី​មៀ​បានសម្លាប់​មនុស្ស ១​ម៉ឺន ៣​ពាន់​នាក់​។​ ​ទីភ្នាក់ងារ​ព័ត៌មាន Donetsk បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅលើ​គេហទំព័រ​របស់ខ្លួន​ថា​លោក Zakharchenko អាយុ ៤២ ឆ្នាំ​ត្រូវបាន​សម្លាប់​នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​មួយ នៅ​ភាគ​កណ្តាល​តំបន់ Donetsk ជាមួយនឹង​ឥស្សរជន​ផ្តាច់ខ្លួន​ផ្សេងទៀត​រងរបួស​ធ្ងន់ គឺ​លោក Aleksandr Timofeyev​។​ ​អ្នកយកព័ត៌មាន​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​កន្លែងកើតហេតុ​បាន​និយាយថា ប៉ូលិស​បានធ្វើ​ការបិទ​ទីតាំង ដែល​បាន​បំផ្ទុះ​គ្រាប់បែក​នេះ​។ មន្ត្រី​ក្នុងស្រុក​បាន​និយាយថា ចរ​ចរណ៍​ចេញចូល​ក្នុង​តំបន់ Donetsk នេះ​ត្រូវបាន​ផ្អាក​ការធ្វើដំណើរ ដោយសារតែ​ករណី​វាយប្រហារ​នេះ​។​ ​សារព័ត៌មាន Interfax របស់​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា លោក Dmitry Trapeznikov ដែលជា​ឧបនាយករដ្ឋមន្ត្រី​ទីមួយ ត្រូវបាន​ដាក់បញ្ចូល​ឈ្មោះ​ជា​មេដឹកនាំ​ស្តីទី​។ សារព័ត៌មាន Reuters បាន​ដកស្រង់​សម្តី​ប្រភព​មួយ​ដែល​និយាយថា លោក Denis Pushilin ដែលជា​ប្រធានសភា​នីតិប្បញ្ញត្តិ​របស់​ក្រុម​បះបោរ នឹងត្រូវ​បានតែងតាំង​ជា​មេដឹកនាំ​បណ្តោះអាសន្ន​។​ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​បន្ទោស​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នេះ​ដោយ​និយាយថា ទីក្រុង​គាវ​គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​នៃ​ការវាយប្រហារ​នេះ​។​ ​វិមាន​ក្រិ​ម​ឡាំង​ក្រោយមក​បាន​និយាយថា លោកពូ​ទីន​បាន​សម្តែង​នូវ​ការអាណិតអាសូរ​របស់​លោក​ជុំវិញ​ករណី​ឃាតកម្ម​នេះ និង​បាន​លើកឡើងថា គណកម្មការ​ស៊ើបអង្កេត​រដ្ឋ​រុស្ស៊ី បានចាត់ទុក​ការសម្លាប់​នេះ​ជា​ទង្វើ​មួយ​នៃ​អំពើ​ភេរវកម្ម​អន្តរជាតិ​។​ ​ផ្ទុយ​ពី​ការចោទប្រកាន់​របស់​វិមាន​ក្រឹម​ឡាំង​នេះ សេវា​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​ជឿថា​ការវាយប្រហារ​នេះ គឺជា​លទ្ធផល​នៃ​ការប៉ះទង្គិច​គ្នា​រវាង ក្រុម​ភេរ​វករ និង​អ្នក​ឧបត្ថម្ភ​របស់​ពួកគេ គឺ​រុស្ស៊ី​នេះឯង​។ ​ចលនា​បំបែក​រដ្ឋ​ត្រូវបាន​ញាំញី​ដោយ​ការប៉ះទង្គិច​គ្នា នៅ​ផ្ទៃក្នុង ដោយ​មេដឹកនាំ​របស់​ក្រុម​នេះ​ជាច្រើន​បានធ្វើការ​ភៀសខ្លួន​ចេញពី​តំបន់​នេះ ក្រោយពី​បាន​និយាយថា ពួកគេ​បាន​ទទួលរង​នូវ​ការ​គម្រាមកំហែង​ពី​អតីត​សម​មិត្ត​របស់ខ្លួន​។ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៧ មេបញ្ជាការ​ក្រុម​បំបែក​ខ្លួន Mikhail Tolstykh អាយុ ៣៦​ឆ្នាំ ត្រូវបានធ្វើ​ឃា​តុ​ដូចគ្នានេះដែរ នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​មួយ ក្នុង​ការិយាល័យ​របស់​លោក នៅក្នុង​តំបន់ ដូ​ណេ​ត​។​ ​ត្រង់ចំណុច​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់ លោក Zakharchenko បានប្រកាស​អំពី​គម្រោង​ក្នុង​ការបង្កើត​ប្រទេសមួយ ដែលមាន​ឈ្មោះថា Malorossia ឬ​ម៉ា​ឡូ​រ៉ូ​ស៊ី ដែល​យក​តំបន់​ដូ​ណេ​ត​ធ្វើជា​រដ្ឋធានី​។ ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​ខែសីហា ឆ្នាំ ២០១៧ លោក​ឆេន​កូ​បាន​លុបចោល​នូវ​គម្រោង​នោះ ដោយសារតែ​មជ្ឈដ្ឋាន​ជាច្រើន​បានធ្វើ​ការបដិសេធ​ទៅនឹង​គម្រោង​នេះ​។ ទីក្រុង​គាវ និង​ប្រទេស​លោកខាងលិច​ធ្វើការ​រិះគន់​យ៉ាងខ្លាំង ហើ​គម្រោង​នេះ​ថែមទាំង​មិន​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​មេ​កើយ ដែល​គាំទ្រ​ដល់​ក្រុម​ភេរវ​ករ​ផ្តាច់​ទឹកដី គឺ​រុស្ស៊ី​ថែម​ទៀង​ផង​៕DNT-NEWS