ក្រសួងមហាផ្ទៃ បានធ្វើ​ការបដិសេធ​ជុំវិញ​ព័ត៌មាន​ចចាមអារ៉ាម​នៃ​ការបង្កើត​ខេត្ត​ថ្មី ចំនួន ៧ ទៀត

ព្រឹត្តិការណ៍ថ្មីៗ
0
507

​កាលពីពេល​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ បានធ្វើការ​បដិសេធថា ក្រសួង​ពុំបាន​សិក្សា​បង្កើត​ខេត្ត​ថ្មី ដល់​ទៅ​៧​បន្ថែមទៀត​ដូច​ពាក្យ​ចចាមអារ៉ាម និង​ព័ត៌មាន​ដែល​បាន​ចែកចាយ ព្រមទាំង​ផ្សាយ​បន្ត​គ្នា តាម​បណ្ដាញ​សង្គម​នោះទេ​។ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​៤ ខែកញ្ញា​នេះ​ថា ព័ត៌មាន​ដែលថា មាន​បង្កើត​ខេត្ត​ថ្មី​ដល់​ទៅ​៧​បន្ថែមទៀត​នោះ ជា​ព័ត៌មាន​មិន​ពិត ជា​ព័ត៌មាន​បំប៉ោង​ធ្វើ​ឲ្យ​សាធារណៈជន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ រាជរដ្ឋាភិបាល​។​

​លោក ប្រាក់ សំអឿន បាន​សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ បានស្នើ​សុំ​គោល​ការអនុញ្ញាត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ចំនួន​ពីរ​ប៉ុណ្ណោះ​។​ ​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​យល់ព្រម​តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ ដែល​បានស្នើ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី ចំនួន​២ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ខេត្ត​ថ្មី​ទីមួយ គឺ​បំបែក​ចេញពី​ខេត្តកណ្ដាល ចំណែក​ខេត្ត​ថ្មី​ទី​ពីរ គឺ​ដោយ​ពិនិត្យ​លើក​ត្ដា​ភូមិសាស្ត្រ និង​ប្រជាសាស្ដ្រ​របស់​ស្រុក​កោះ​ញែក នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្តរតនគិរី​៕