ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​ឈ្មោះ Jebi នៅ​ជប៉ុន​ដែលមាន​ល្បឿន​ខ្យល់​ដល់​ទៅជិត ២២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បានធ្វើ​ឲ្យ​ពលរដ្ឋ​ជប៉ុន​ជាង ១​លាន​នាក់​ជម្លៀស​ខ្លួន​ទៅរក​ទីតាំង​មាន​សុវត្ថិភាព​

ព្រឹត្តិការណ៍ថ្មីៗ
0
309
​អាជ្ញាធរ​ជប៉ុន បានចេញ​សេចក្ដីប្រកាស​ស្ដីពី​ការជម្លៀស​ប្រជាជន​ច្រើនជាង​០១​លាន​នាក់ និង​បាន​លុប​ជើងហោះហើរ ជាច្រើន ខណៈ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​ឈ្មោះ Jebi បាន​វាយប្រហារ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស នៅ​ថ្ងៃ​អង្គារ​នេះ ដោយ ផ្ដាច់ជីវិត​មនុស្ស​យ៉ាងហោចណាស់​០៦​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​ ​ជាមួយនឹង​ល្បឿន​ខ្យល់​ដល់​ទៅជិត ២២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​នៅតាម​កន្លែង​ខ្លះ ព្យុះសង្ឃរា​ចេ​ប៊ី​ជា​ព្យុះ​លើក​ទី​២១ ប្រចាំ​រដូវ​ក្នុង​តំបន់​ដែល​បាន​បោកបក់​លើ​ទីក្រុង​តូ​គូ​ស្ហ៊ី​ម៉ា​នៃ​កោះ​ស្ហ៊ី​កូ​គូ​តំបន់​។ ទន្ទឹមគ្នានេះ និង​បើតាម​អ្នកទទួលខុសត្រូវ​នៃ​ទីភ្នាក់ងារ​ឧុ​តុ​និយម​ជាតិ ចេ​ប៊ី​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ជា​ខ្យល់ព្យុះ​ដ៏​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​គិត​តាំងពី​ឆ្នាំ ១៩៩៣​។ ក្រោយពី​បាន​បោកបក់​ខ្លាំង​លើ​ទីក្រុង​តូ​គូ​ស្ហ៊ី​ម៉ា ព្យុះ​ចេ​ប៊ី​ក៏បាន​បន្តដំណើរ​ទៅកាន់​ប៉ែក​ឦសាន​ក្នុង​ល្បឿន​ត្រឹម ៤៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង រួច​ឆ្លងកាត់​ដែនដី​មួយ​ភាគ​នៃ​កោះ​ហុង​ឈូ​។​ ​រដ្ឋអំណាច​បានបញ្ជាក់​ថា ដោយសារតែ​ព្យុះសង្ឃរា​ចេ​ប៊ី​បាន​នាំមក​នូវ​ទឹកភ្លៀង​យ៉ាង​សម្បើម ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អាច​លិច​ទឹក ឬ​តំបន់​ដែល​អាច​រង​ផលប៉ះពាល់​ដោយ​ផ្លូវទឹក​ផុ​ក​ហូរ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​រដ្ឋ​អំណាច​ពី​ការ​ត្រូវ​ជម្លៀស​ចេញពី​លំនៅដ្ឋាន​ជាយថាហេតុ​។ ចំណែក​លោក​ប្រមុខ​រដ្ឋាភិបាល​លោក​ស្ហ៊ី​ន​ហ្សូ អា​បេ​បាន​លប់ចោល​ភ្លាម​ដំណើរ​ទៅកាន់​ប៉ែក​ខាងកើត និង​បាន​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិនិត្យ​ស្ថានការណ៍ ពិសេស​បាន​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​ខ្លួន​។​ ​គួរ​បញ្ជាក់ថា បើតាម​អាជ្ញាធរ​ជប៉ុន ព្យុះ​ទី​ហ្វុ​ង Jebi គឺជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​វាយប្រហារ​លើ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល ២៥​ឆ្នាំ​មកនេះ ហើយ​វា​បានធ្វើឱ្យ​ប្រជាជន​១.៤៥​លាន​នាក់ កំពុង​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​ទីក្រុង​អូ​សា​កា និង​តំបន់​ស្ថិត នៅ​ជុំវិញ​៕