តានតឹង​កាន់តែខ្លាំង​! រុស្ស៊ី​បង្ហាញ​ផែន​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ហាក់ដូច​កំពុង​រៀបចំ​ធ្វើសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក

ព្រឹត្តិការណ៍ថ្មីៗ
0
309

​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ កញ្ញា ២០១៨​នេះ​ថា រុស្ស៊ី​បានបង្ហាញ​ផែន​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​សមយុទ្ធ​មហា​សម្បើម​របស់​មហា​យ​ក្ស​នុយក្លេអ៊ែរ​មួយ​នេះ នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ ខណៈដែល​រុស្ស៊ី​កំពុង​តែមាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក ជាពិសេស​ក្នុង​សំណុំរឿង​ស៊ី​រី ដែល​ប្រទេស​នេះ​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​អាមេរិក​។​

​នៅក្នុង​អំឡុងពេល​សន្និសីទ​មួយ​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយថា ដំណាក់កាល​សកម្ម​នៃ​សមយុទ្ធ​រួម Vostok (​ខាងកើត​) ឆ្នាំ ២០១៨ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៧ ខែកញ្ញា នៅលើ​តំបន់​សាកល្បង​ចំនួន​ប្រាំបី និង​សមុទ្រ​បី​។

លោក​បាន​និយាយថា ការពិនិត្យ​មើល​ការត្រៀម​លក្ខណៈ​បានចាប់ផ្តើម​រួចរាល់​ហើយ​សម្រាប់​ស្រុក​យោធា​ខាងកើត យោធា​កណ្តាល និង​កង​នាវាចម្បាំង​នៅ​ភាគ​ខាងជើង កងទ័ពអាកាស និង​យន្តហោះ​ដឹកជញ្ជូន​យោធា​ដ៏​ធំ នឹង​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​ដ៏​ធំ​មិន​ធ្លាប់មាន​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី Tass បាន​ស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Shoigu ដោយបាន​និយាយថា «​ការចូលរួម​ក្នុងការ​ធ្វើ​សមយុទ្ធ​នោះ នឹងមាន​កងទ័ព​ប្រហែល ៣០​ម៉ឺន​នាក់ យន្តហោះ​ជាង ១​ពាន់​គ្រឿង ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​យ៉ាង​សម្បើម នាវាចម្បាំង ៨០​គ្រឿង និង​នាវា​ផ្ទុក​យាន​ចម្បាំង​ចម្បាំង និង​គ្រឿង​សព្វាវុធ​ជាច្រើន​ផ្សេងទៀត​»​។ កងទ័ព​រុស្ស៊ី​នឹងត្រូវ​ចូលរួម​ដោយ​កងកម្លាំង​ចិន និង​ម៉ុង​ហ្គោល ដើម្បី​បង្ហាញថា ទីក្រុង​មូ​ស្គូ​មិនមែន​មានតែ​ម្នាក់ឯង​នោះទេ​។

​ថ្មីៗ​កន្លងទៅនេះ រុស្ស៊ី​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ផ្ទួន​រួចទៅហើយ ស្របពេល​ដែលមាន​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​។ កាលពី​សប្តាហ៍​មុន​សារព័ត៌មាន​ញូ​ស៍​វី​បាន​ផ្សាយ​ថា រុស្ស៊ី​បាន​ដឹកនាំ​ក្បួន​សមយុទ្ធ​ជាមួយ​ចិន និង​មុន​ហ្គោល​យ៉ាង​សម្បើម ប៉ុន្តែ​មិនត្រូវ​បានបង្ហាញ​ចំនួន​ជាក់លាក់​នោះទេ​។ ដោយឡែក នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​វិញ ស្របពេល​ដែលមាន​ភាព​តានតឹង ក្រោយ​ការព្រមាន​ពីស​ណាក់​សហរដ្ឋអាមេរិក​ថា ខ្លួន​នឹង​បើក​ការវាយប្រហារ រុស្ស៊ី​បាន​ដឹកនាំ​កង​នាវាចម្បាំង​របស់ខ្លួន​យ៉ាង​ឱឡារិក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​៕DNT-NEWS