អគ្គនាយក​អាកាសចរណ៍ ស៊ីវិល​កម្ពុជា​បដិសេធ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា​ជើងហោះហើរ MH370 របស់​ម៉ាឡេស៊ី អាច​ធ្លាក់​នៅក្នុង​ព្រៃ​ជ្រៅ​មួយកន្លែង​របស់​ប្រទេស​កម្ពុជា

ព្រឹត្តិការណ៍ថ្មីៗ
0
245

​កាលពីពេល​កន្លងទៅនេះ សារព័ត៌មាន Daily Star របស់​ចក្រភព​អង់គ្លេស បាន​ចុះផ្សាយ​ថា ជើងហោះហើរ MH370 អាច​ធ្លាក់​នៅក្នុង​ព្រៃ​ជ្រៅ​មួយកន្លែង​របស់​ប្រទេស​កម្ពុជា ដែលនាំឱ្យ​ប្រជាជន​ខ្មែរ​មួយចំនួន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ការចុះផ្សាយ​បែបនេះ គឺ​ដកស្រង់​សម្ដី​ពី​បុរស​ម្នាក់​ឈ្មោះ Ian Wilson ដែលជា​អ្នកជំនាញ​បច្ចេកវិទ្យា ដោយសារ​លោក​ប្រើ​បច្ចេកវិទ្យា Google Maps និង Google Earth​។​

​ជុំវិញ​បញ្ហា​នេះ​លោក កែវ ស៊ី​វន អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បានធ្វើ​ការបដិសេធ​ចំពោះ​ការលើកឡើង​មួយ​ដែលថា នៅលើ Google Maps មាន​ឃើញ​យន្តហោះ MH370 របស់​ម៉ាឡេស៊ី ដែល​ផ្ទុក​មនុស្ស​២៣៩​នាក់ បាន​ធ្លាក់​ចូលទៅ​ក្នុងព្រៃ​ជ្រៅ​មួយ​ក្នុងប្រទេស​កម្ពុជា គឺជា​ព័​ត៍​មាន​មិន​ពិត​នោះទេ​។ ប្រសិនបើ​នេះ​ជា​រឿង​ពិត ទោះ MH370 ធ្លាក់​នៅ​កន្លែង​ណាក៏ដោយ​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា នោះ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​នឹង​រុករក​ឃើញ​មិន​ខាន​។ ប៉ុន្តែ​យ៉ាងណាមិញ វា​គ្រាន់តែ​ជា​ព័ត៌មាន​ប្រឌិត​តែប៉ុណ្ណោះ​។ “​អត់​មាន​ទេ តាម Google Maps ចេះតែ​ថា ព្រៃ​ស្រុក​ខ្មែរ​កន្លែង​ណា​ដែល​មនុស្ស​អត់​ទៅដល់ យន្តហោះ​ធំ​ប៉ុណ្ណា​ប៉ុ​ណ្ណី ដូច​អត់​មាន​ទទួល​ព័​ត៍​មាន​នេះ​ទេ បើសិន​ជាមាន​យន្តហោះ​យើង​ហោះ​ពេញ​ទឹក​ពេញ​ដី ហើយ​វា​មិនដែល​មានព្រៃ​ណា​ដែល​យើង​ទៅ​អត់​ដល់​”​។

​ ​គួរបញ្ជាក់​កាលពីពេល​កន្លងទៅនេះ បើតាម​សារព័ត៌មាន​ដែលមាន​ប្រភព​នៅ​អង់គ្លេស Daily Star បាន​ចុះផ្សាយ​តាម​សម្ដី​របស់លោក Ian Wilson ថា បំណែក​យន្តហោះ​ដែល​សង្ស័យថា​ជា​របស់ MH370 ត្រូវបាន​គេ​ប្រើ​បច្ចេកវិទ្យា Google Maps និង Google Earth រកឃើញ​នៅលើ​តំបន់​ព្រៃ​ជ្រៅ​មួយ ស្ថិតក្នុង​ប្រទេស​កម្ពុជា​។

​លោក Ian Wilson ថែមទាំង​បញ្ជាក់ទៀតថា បំណែក​នោះ​មាន​ប្រវែង​ប្រហែល 70​ម៉ែត្រ ស្រប​ពេលដែល MH370 មាន​ប្រវែង​ត្រឹម 63,5​ម៉ែត្រ​ប៉ុណ្ណោះ​។​ទោះ​មាន​ប្រវែង​លើស​បែបនេះ​ក្ដី លោក Ian Wilson បាន​លើកឡើងថា វា​អាចជា​បំណែក​ដែល​បែកបាក់​ពូ​តួខ្លួន និង​កន្ទុយ​របស់​យន្ត​ហោះ​។ ការចុះផ្សាយ​ព័ត៌មាន​ដ៏​កក្រើក​ជាថ្មី​នេះ មាន​ទាំង​រូបភាព​ពី​ការថត​ដោយ Google Maps និង Google Earth មកជា​មួយ​ផង​។ បន្ទាប់ពី​មានការ​ចុះផ្សាយ​ខាងលើ ប្រជាជន​ខ្មែរ​មួយចំនួន ដែល​បានឃើញ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​យន្តហោះ​នេះ​បាត់​ខ្លួន​អស់​ច្រើន​ឆ្នាំ​មកហើយ​៕DNT-NEWS