មនុស្ស​ជាង ១​ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​បាតុកម្ម​ដែល​ប្រឆាំង​ទៅនឹង​ការបង្កើន​អាយុ​ចូលនិវត្តន៍​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​មនុស្ស​ជាង ១​ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​បាតុកម្ម​មួយ​ដែល​ប្រឆាំង​ទៅនឹង​ការបង្កើន​អាយុ​ចូលនិវត្តន៍​។ រូបភាព​បាន​បង្ហាញថា មន្ត្រី​កងកម្លាំង​ប៉ូលិស​បាន​ប្រើ​កម្លាំង​វាយ​បំបែក​ការប្រមូលផ្តុំ​រប​ស់​ក្រុមបាតុករ​តាម​រូបភាព​វាយ​នឹង​ខែល និង​ការអូសទាញ​ក្រុមបាតុករ​ទាំងនោះ​។ យ៉ាងហោចណាស់​មាន​មនុស្ស ១​ពាន់ ១៨​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បាតុកម្ម​មួយ​កាលពី​ថ្ងៃអាទិត្យ​។ ​យោងតាម​សារព័ត៌មាន Business Insider បាន​ឲ្យ​ដឹងថា ការតវ៉ា​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​រុស្ស៊ី ដែល​ញ៉ាំង​ឲ្យ​មានការ​រិះគន់ និង​ការផ្ទុះ​កំហឹង​យ៉ាងខ្លាំង​។ នៅ​ឆ្នាំក្រោយ អាយុ​ចូលនិវត្តន៍​នឹងត្រូវ​បង្កើន​បន្ថែមទៀត ហើយ​នៅ​ឆ្នាំ ២០៣៦ មន្ត្រី​ភេទ​ប្រុស​នឹងត្រូវ​បង្កើន​អាយុ​ពី​៦០ ទៅ ៦៥ ចំណែក​ស្ត្រី​ត្រូវ​បង្កើន​ពី ៥៥ ទៅ ៦០​ឆ្នាំ​។​ ​ជាមួយនឹង​ការចាប់ខ្លួន​នេះ អ្នកនាំពាក្យ​របស់លោក Vladimir Putin គឺ​លោក Dmitry Peskov បាន​និយាយថា ប៉ូលីស​បានធ្វើ​សកម្មភាព​ស្របទៅតាម​ច្បាប់​ដើម្បី​ឆ្លើយតប​នឹង​ការតវ៉ា ដោយ​គ្មាន​ការអនុញ្ញាត​។​ ​ការធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​រុស្ស៊ី បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូចធំ​ជាង ៨០ ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ​មេដឹកនាំ​គណបក្សប្រឆាំង លោក Alexei Navalny និង​អ្នកគាំទ្រ​របស់លោក​។​ ​លោក Navalny មានបំណង​ដឹកនាំ​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​កាលពី​ខែ​មុន តុលាការ​បាន​កាត់ទោស​លោក​ពីបទ​រំលោភច្បាប់ និង​ត្រូវបាន​ដាក់ពន្ធនាគារ​រ​យៈ​ពេល ៣០​ថ្ងៃ​។ លោក​បាន​ពិ​ពណ​នា​ទង្វើ​នេះ​ថា​គឺជា​ទង្វើ​មួយ​ដែល​ធ្វើឡើង​ដើម្បី​រារាំង​ដល់​ការធ្វើ​បាតុកម្ម​។​ ​នៅ​ប្រទេស​រុស្ស៊ី អាយុ​រំពឹង​រស់​ជា​មធ្យម គឺ​អាយុ ៦៦​ឆ្នាំ​សម្រាប់​បុរស រី​ស្ត្រី​វិញ​អាយុ​រំពឹង​រស់​ជា​មធ្យម គឺ ៧៧​ឆ្នាំ​។ សំណើ​នេះ​បានធ្វើ​ឲ្យ​ជនជាតិ​រុស្ស៊ី​ដែលមាន​វ័យ​ចំណាស់​មានការ​ធុញទ្រាន់ ដោយសារតែ​ពួកគេ​មានការ​ភ័យខ្លាច​ថា ពួកគេ​មិន​គេ​រស់​បានយូរ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នេះ​ទេ​។ ចំណែក​យុវជន​ជំនាន់​ក្រោយ​វិញ មានការ​ព្រួយបារម្ភ​ថា ការរក្សា​មន្ត្រី​វ័យ​ចំណាស់​ក្នុងតួនាទី​ការងារ​រយៈពេល​យូរ​បែបនេះ ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​គ្មាន​ការងារ​ធ្វើ​៕