ក្រុម​បះបោរ​នៅ​ស៊ី​រី​មិន​ចាញ់​សង្គ្រាម​ដោយ​ងាយៗ​ទេ ខណៈដែល​តួ​ក​គី​កំពុងតែ​បញ្ជូន​អាវុធ​ធុន​ធ្ងន់ និង​កងទ័ព​ដ៏​សម្បើម​បន្ថែមទៀត ទៅ​ជួយ​ក្រុម​បះបោរ​

ព្រឹត្តិការណ៍ថ្មីៗ
0
292
​សារព័ត៌មាន​អាល់​ចា​ហ្ស៊ី​រ៉ា​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ កញ្ញា ២០១៨​នេះ​ថា នៅថ្ងៃនេះ​តួ​ក​គី​បាន​បន្ត​ដាក់ពង្រាយ​កងទ័ព​រប​ស់​ខ្លួន និង​បាន​បញ្ជូន​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​យ៉ាង​សម្បើម​ទៅកាន់​ជួរ​សមរភូមិ​ប្រយុទ្ធ នៅ​ភាគ​និរតី​ជាប់​ព្រំដែន​ស៊ី​រី ដើម្បី​ត្រៀមប្រយុទ្ធ​ទប់ទល់​ទៅនឹង​រដ្ឋាភិបាល​ស៊ី​រី ដែល​នឹង​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដណ្តើមយក​ខេត្ត​មួយ​នេះ​មកវិញ​។​ ​ក្បួន​យោធា​ដ៏​សម្បើម​របស់​តួ​ក​គី​នេះ បាន​ទៅដល់​ទីបញ្ជាការ​តួ​ក​គី​នៅ​ជិត​ទីប្រជុំជន Morek នៅ​ភាគ​ខាងជើង​ខេត្ត​ហា​ម៉ា​ប្រទេស​ស៊ី​រី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​ ​សារព័ត៌មាន​អាល់​ចា​ហ្ស៊ី​រ៉ា​ក៏បាន​សង្កេតឃើញ​ពី​ការមកដល់​នៃ​យន្តហោះ​យោធា​របស់​តួ​ក​គី ដែល​ផ្ទុក​កងកម្លាំង​តួ​ក​គី​រាប់សិប​នាក់ នៅឯ​អាកាសយានដ្ឋាន​ស៊ីវិល​មួយកន្លែង ក្នុង​ខេត្ត​ហេ​តា​យ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​ស៊ី​រី​តួ​ក​គី​។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​កងទ័ព​របស់​តួ​ក​គី​នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ឬ​យ៉ាងណា​នោះទេ​។​ ​តាមពិតទៅ តួ​ក​គី​បានទទួល​ស្វាគមន៍​ជនភៀសខ្លួន​ស៊ី​រី ៣​លាន​កន្លះ​រួចហើយ ប៉ុន្តែ​បច្ចុប្បន្នេះ តួ​ក​គី​មានការ​ភ័យខ្លាច​អំពី​លំហូរ​ចូល​ដ៏​ធំ​នៃ​ជនភៀសខ្លួន​ដ៏ទៃទៀត​មកកាន់​ប្រទេស​របស់ខ្លួន ប្រសិនបើ​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ស៊ី​រី​បើក​ការវាយលុក​ទៅលើ​មូលដ្ឋានទ័ព​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។​ ​យោងតាម​លោក Metin Gurcan អ្នកជំនាញ​ខាង​សន្តិសុខ​តួ​ក​គី​បានឱ្យដឹងថា ការពង្រឹង​ព្រំដែន​នេះ គឺជា​វិធានការ​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។ លោក​បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា ប្រសិនបើ​អ្នក​ក្រឡេកមើល​ទៅលើ​ប្រភេទ​នៃ​ប្រព័ន្ធ​អាវុធ​ទាំងនោះ ខ្ញុំ​នឹង​និយាយថា ពួកគេ​ទាំងអស់​សុទ្ធតែជា​គោលដៅ​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​មិន​គិតថា ប្រទេស​តួ​ក​គី​មាន​ចេតនា​បើក​ការវាយលុក និង​មាន​សមត្ថភាព​ចូល​អន្តរាគមន៍​ទៅលើ​ស្ថានភាព​ដ៏​លំបាក​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​នោះទេ​។​ ​មន្ត្រី​តួ​ក​គី​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ប្រឆាំង​ទៅនឹង​ការបើក​ការវាយប្រហារ​ទៅលើ​ខេត្ត​អ៊ី​ដ​លី​ប ពី​សំណាក់​រុស្ស៊ី និង​ស៊ី​រី​ទៅលើ​ខេត្ត​អ៊ី​ដ​លី​ប ដោយបាន​លើកឡើង​ពី​គ្រោះមហន្តរាយ​ទ្រង់ទ្រាយ​ធំ ដែល​អាច​នាំ​ឲ្យ​មាន​លំហូរ​នៃ​ជនភៀសខ្លួន​រាប់លាន​នាក់​ទៅកាន់​ប្រទេស​របស់ខ្លួន​។​ ​ទោះបីជា​មានការ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​បែបនេះ​ក៏ដោយ ក៏​លោក Gurcan បាន​និយាយថា កងទ័ព​តួ​ក​គី និង​ស៊ី​រី​នឹងមិន​ទំនងជា​កើតឡើង​នោះទេ​។ លោក​ថា រុស្ស៊ី​បាន​ពង្រឹង​ដែនអាកាស​ស៊ី​រី ហើយ​តួ​ក​គី​ក៏​មិន​ធ្វើ​រុស្ស៊ី​មានការ​ខឹងសម្បា​រដែរ​។ យ៉ាងណាក៏ដោយ តួ​ក​គី​ក៏​នឹងមិន​ដក​កងទ័ព​របស់ខ្លួន​ចេញពី​តំបន់​នេះដែរ ប្រសិនបើ​សង្គ្រាម​នៅតែ​បន្ត​។ យោងតាម​លោក Gurkan រុស្ស៊ី​ក៏​ចង់​កំណត់​ឥទ្ធិពល​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី និង​រារាំង​មិនឱ្យ​វា​រីក​រាលដាល​ទៅលើ​ខេត្ត​អ៊ី​ដ​លី​ប​ផងដែរ​៕DNT-NEWS