លោកយាយ​អាយុ​១០២​ឆ្នាំ​ម្នាក់​ក្លាយជា​អ្នក​លោត​ពីលើ​អាកា​សមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក

ព្រឹត្តិការណ៍ថ្មីៗ
0
349

​លោកយាយ​អ៊ី​រ៉េ​ណេ អូ​ស៊ី ទើបតែ​ចាប់ផ្តើម​រៀន​លោត​ពីលើ​អាកាស​កាលពី​រយៈពេល​២​ឆ្នាំមុន ពេលដែល​លោកស្រី​មាន​អាយុ​១០០​ឆ្នាំ ប៉ុន្តែ​លោកយាយ​មិនបាន​បង្ហាញ​សញ្ញា​ណាមួយ​នៃ​ការឈប់​ត្រឹមហ្នឹង​នោះទេ​។​
លោកយាយ​ទួត​អាយុ​១០២​ឆ្នាំ​ម្នាក់នេះ បាន​ប៉ុនប៉ង​១១​លើក​រួចមកហើយ​ក្នុងការ​បំបែក​កំណត់ត្រា​សម្រាប់​អ្នក​លោត​ពីលើ​អាកា​សមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ក្រោយ​ពេលដែល​លោកយាយ​បាន​លោត​ពីលើ​យន្តហោះ​នៅ​រដ្ឋ South Australia ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃអាទិត្យ​។ លោកយាយ​អូ​ស៊ី បានបញ្ចប់​ការ​លោត​ពីលើ​អាកាស​ជា​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​រក​ថវិកា​សម្រាប់​អង្គការ​មិន​រក​កម្រៃ MNDSA ដែល​គាំទ្រ​អ្នក​កើត​ជំងឺសរសៃប្រសាទ​ខួរក្បាល​។​


​យោងតាម​ចុះផ្សាយ​របស់​កាសែត The Advertiser បាន​ឲ្យ​ដឹងថា លោកយាយ​អូ​ស៊ី ដែល​កូនស្រី​របស់គាត់ បាន​ស្លាប់​ដោយសារតែ​ជំងឺសរសៃប្រសាទ​ខួរក្បាល នៅ​អាយុ​៦៧​ឆ្នាំ​នោះ រក​ថវិកា​បាន​១២.០០០​ដុល្លារ​សម្រាប់​អង្គការ MNDSA ។​
SA Skydiving គឺជា​ក្រុមហ៊ុន​លោត​ពីលើ​អាកាស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វែ​ល​លីង​តុ​ន បាន​ជួយ​លោកស្រី​អូ​ស៊ី លោត​ពីលើ​អាកាស​កាលពី​ថ្ងៃអាទិត្យ​។ ការ​លោត​ពីលើ​អាកាស​របស់​លោកយាយ​វ័យ​១០២​ឆ្នាំ​ម្នាក់នេះ បាន​បំបែក​កំណត់ត្រា​លើក​មុន​បង្កើតឡើង​ដោយ​លោក​ខេន​នី ម៉េ​យើ​ស គឺជា​លោកតា​ម្នាក់​មកពី​រដ្ឋ​ញូ​វ​ជើ​ស៊ី ដែល​បាន​បង្កើត​កំណត់ត្រា​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៧ ក្រោយពី​បញ្ចប់​ការ​លោត​ពីលើ​អាកាស​របស់លោក​នៅ​ស្រុក​ស៊ូ​សេក​។​


​កាសែត The Advertiser បាន​រាយការណ៍​ថា ពេលដែល​លោកយាយ បំបែក​កំណត់ត្រា​កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោកយាយ​អូ​ស៊ី មាន​អាយុ​ចាស់​ជាង​លោកតា​ម៉េ​យើ​ស ចំនួន​២១​ថ្ងៃ ពេលដែល​លោកតា​បាន​បង្កើត​កំណត់ត្រា​កាលពី​ឆ្នាំ​២០១៧​។​
​នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​លោកយាយ​អូ​ស៊ី បាន​លោត​ពីលើ​អាកាស​ជាមួយ​ក្រុមហ៊ុន SA Skydiving ។ លោកយាយ​បានបញ្ចប់​ការ​លោត​ពីលើ​អាកាស​លើកដំបូង​របស់លោក​យាយ​ជាមួយ​ក្រុមហ៊ុន​នេះ កាលពី​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ខួបកំណើត​លើក​ទី​១០០​របស់​លោកយាយ​។ លោកយាយ​បាន​វិលត្រឡប់​មក​លោត​ពីលើ​អាកាស​ម្តងទៀត កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​លោកយាយ​ប្រើប្រាស់​ការ​លោត​ពីលើ​អ​កាស​នេះ ដើម្បី​រក​មូលនិធិ​សម្រាប់​អង្គការ MND South Australia ។​


​លោក​ម៉ាត់ ធី​ហ្គឺ គឺជា​ប្រធាន​ក្រុមហ៊ុន SA Skydiving បាន​និយាយថា ក្រុមហ៊ុន​របស់លោក បានដាក់​សំណើរ​មួយ​ទៅកាន់​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records​ដើម្បី​ឲ្យ​ពួកគេ​ពិចារណា​លើ​ការទទួលស្គាល់​កំណត់ត្រា​របស់លោក​យាយ​អូ​ស៊ី​។ លោក​បន្តថា វា​គឺជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​មួយ​បង្កើតឡើង​ដោយ​ស្ត្រី​វ័យ​ចំណាស់​ដ៏​អស្ចារ្យ​ម្នាក់​។​
​ដោយឡែក លោកយាយ​អូ​ស៊ី បាន​និយាយប្រាប់​កាសែត The Advertiser ផងដែរ​ថា ប្រហែលជា​គាត់​អាច​នឹង​លោត​ពីលើ​អាកាស​ម្តងទៀត​នៅ​ឆ្នាំក្រោយ ហើយ​បើសិនជា​គាត់​នៅមាន​ជីវិត គាត់​នឹង​លោត​ពីលើ​អាកាស​ម្តងទៀត​នៅ​វ័យ​១០៥៕​