វៀតណាម បង្ហាញ​ជំហរ​របស់ខ្លួន​ក្នុង​ការធ្វើ​នាវាចរណ៍​ដោយ​សេរី នៅ​សមុទ្រ​ចិន​ខាងកើត បន្ទាប់ពី​អង់គ្លេស និង​ជប៉ុន​បានធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
311
​វៀតណាម​បានបង្ហាញ​នូវ​ជំហរ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​របស់ខ្លួន​ប​ន្ត​ទៀត នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​គោរព​ទៅតាម​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ ដោយ​អនុ​ឡោម​ទៅតាម​ច្បាប់​អន្តរជាតិ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី ឡេ​ធី ធូ​យ​ហាង ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​លោកស្រី​ធូ​យ​ហាង​បាន​និយាយថា «​វៀតណាម​នៅតែ​គោរព​ទៅតាម​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ជើងហោះហើរ​របស់​ប្រទេស​ដទៃទៀត នៅ​តំបន់​សមុទ្រ​ខាងកើត ដោយ​អនុ​ឡោម​ទៅតាម​ច្បាប់​អន្តរជាតិ ជាពិសេស​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៨២»​។​ ​លោកស្រី​ហាង​ក៏បាន​អះអាង​សាជាថ្មី​ថា វៀតណាម​មាន​មូលដ្ឋាន​ច្បាប់​ពេញលេញ និង​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​ដើម្បី​អះអាង​អធិបតេយ្យភាព​របស់ខ្លួន ចំពោះ​ប្រជុំ​កោះ Paracel ឬ (Hoang Sa) ជា​ភាសា​វៀតណាម និង​ប្រជុំ​កោះ Spratly (Truong Sa) ជា​ភាសា​វៀតណាម ស្របតាម​ច្បាប់​អន្តរជាតិ​។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ផ្សេងទៀត​ចូលរួម​អនុវត្តន៍ និង​ទទួលខុសត្រូវ ចំពោះ​ការថែរក្សា​សណ្តាប់ធ្នាប់​សន្តិភាព និង​នីតិរដ្ឋ​នៅ​សមុទ្រ​ខាងកើត​។​ ​ជំហរ​របស់​លោកស្រី​ហាង​នេះ ក៏បាន​ធ្វើឡើង​បន្ទាប់ពី​ថ្មីៗ​នេះ ចក្រភព​អង់គ្លេស និង​ជប៉ុន​បានធ្វើ​សមយុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​ ​ថ្មីៗ​នេះ នាវាចម្បាំង HMS Albion បានធ្វើ​ដំណើរ​ទៅជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល ដើម្បី​ឆ្ពោះទៅកាន់​ទីក្រុង​ហូជីមិញ សម្រាប់​ដំណើរ​ទស្សនកិច្ច នៅ​ថ្ងៃទី​៣ កញ្ញា​កន្លងទៅ ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការធ្វើ​នាវាចរណ៍​ដោយ​សេរី នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​។​ ​ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ ជប៉ុន​បានធ្វើ​សមយុទ្ធ​នាវាមុជទឹករ​បស់​ខ្លួន នៅក្នុង​តំបន់ស​មុទ​ញរ​ចិន​ខាងត្បូង​ផងដែរ មុន​នាវា​នោះបាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ​។​ ​វា​គឺជា​លើកទីមួយ​ហើយ​សម្រាប់​ជប៉ុន ដែល​បានធ្វើ​សមយុទ្ធ​បង្ហាញ​នូវ​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​បែបនេះ ចាប់តាំងពី​ចិន​បាន និង​កំពុងតែ​វ៉ាងទី​លើ​ភាពជា​កម្ម​សិទ្ធ​នៅ​តំបន់ស​មុទ​ញរ​ចិន​ខាងត្បូង​។ បច្ចុប្បន្ននេះ អាមេរិកាំង បារាំង អង់គ្លេស វៀតណាម ជប៉ុន និង​អូស្ត្រាលី សុទ្ធ​ជា​ប្រទេស​មាន​គោលដៅ​តែមួយ ដែល​បង្ហាញ​ពី​សេរីភាព ក្នុង​ការធ្វើ​នាវាចរណ៍​ប្រឆាំង​ទៅនឹង​ទីក្រុង​ប៉េកាំង ដែល​កំពុងតែ​វ៉ាងទី​តែម្នាក់ឯង​។ ការ​វ៉ាងទី​ដោយ​ឯក​ភាគី​នេះ បានធ្វើ​ឲ្យ​តំបន់​ដែនទឹក​អន្តរជាតិ នៅ​ប្រជុំ​កោះ​នៃ​តំបន់​សមុទ្រ​ខាងត្បូង កាន់តែ​ឡើងក​ម្តៅ​។ បើតាម​ច្បាប់​អន្តរជាតិ គ្មាន​ប្រទេស​ណាមួយ​អាច​អះអាង​លើ​ភាពជា​កម្ម​សិទ្ធ ក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​នោះទេ​។ ទង្វើ​នៃ​ការ​វ៉ាងទី​របស់​ចិន គឺ​ខុស​ច្បាស់​ទាំងស្រុង​។​ ​យោងតាម​សំណេរ​អត្ថបទ​របស់​សារព័ត៌មាន Vietnam Express បានសរសេរថា ចិន​បាន​ដណ្ដើមយក​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​លពី​វៀតណាម​ខាងត្បូង ដោយ​ប្រើ​កម្លាំង​ក្នុង​ឆ្នាំ ១៩៧៤ ហើយ​តាំងពី​ពេល​នោះមក​ចិន​បាន​កាន់កាប់​ប្រជុំ​កោះ​ដោយ​ខុសច្បាប់​។ តំបន់​ដែល​ចិន​បាន​កាន់​កាន់​នោះ គឺ​ស្ថិតនៅ​ជិត​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​៕DNT-NEWS