សហរដ្ឋអាមេរិក​ឯក​ភាព​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់ ៣៣០​លាន​ដុល្លារ ចំពេល​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ចិន និង​តៃវ៉ាន់​

ព្រឹត្តិការណ៍ថ្មីៗ
0
278
​សារព័ត៌មាន the Financial Times បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា សហរដ្ឋអាមេរិក​បាន​ឯកភាព​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់ ៣៣០​លាន​ដុល្លារ ដែល​ធ្វើឡើង​ទៅតាម​ការចុះហត្ថលេខា​មួយ ដែល​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​ដល់​កោះ​តៃវ៉ាន់ ខណៈដែល​ទីក្រុង​ប៉េកាំង​កំពុងតែ​បង្កើន​សម្ពាធ​របស់ខ្លួន​ទៅលើ​តៃវ៉ាន់​។​ ​កិច្ចព្រមព្រៀង​ដែល​បានស្នើ​ឡើង​នេះ នឹង​រួមចំណែក​ក្នុងការ​ចែករំលែក​នូវ​យន្តហោះ​ចម្បាំង F-16; C-130 ; F-5 ប្រភេទ​យន្តហោះ​ចម្បាំង​ក្នុងស្រុក និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដទៃ​ទៀត ដែល​ធ្វើឡើង​ចំ​ពេលដែល​អាមេរិក និង​ចិន​កំពុង​មើលមុខ​គ្នា​មិន​ចំ​រឿង​សង្គ្រាម​ពាណិជ្ជកម្ម និង​ក៏​ពេលដែល​តៃវ៉ាន់​កំពុង​តែមាន​ភាព​តានតឹង​ជាមួយ​ចិន​ខ្លាំង​ផងដែរ​។​ ​ការលក់​នេះ​នឹង​រួមចំណែក​ដល់​សន្តិសុខ​ជាតិ​អាមេរិក​តាមរយៈ​ការបង្កើន​សមត្ថភាព​ការពារជាតិ​តៃវ៉ាន់​។ នេះ​បើតាម​ទីភ្នាក់ងារ​ប្រតិបត្តិការ​សន្តិសុខ​ការពារជាតិ​របស់​មន្ទី​រ​ប៉ង់​តា​ហ្គោ​ន ដែល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​។ សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា តៃវ៉ាន់​នឹង​បន្ត​ក្លាយជា​កងកម្លាំង​ដ៏​មាន​សារសំខាន់​សម្រាប់​ស្ថេរភាព​នយោបាយ តុល្យភាព​យោធា និង​ការវិវត្តន៍​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។​ ​កិច្ចព្រមព្រៀង​លក់​អាវុធ​នេះ គឺជា​សញ្ញា​ចុងក្រោយ​បំផុត​នៃ​ទំនាក់ទំនង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តៃប៉ិ​។ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​តៃវ៉ាន់​បាន​និយាយថា ការគាំទ្រ​របស់​សហរ​ដ្ឋ​អាមេរិក​នេះ នឹង​បង្កើន​នូវ​ទំនុកចិត្ត​ដល់​តៃវ៉ាន់ ខណៈដែល​តៃវ៉ាន់​កំពុងតែ​ប្រឈម​នឹង​ការ​ប្រជែង​ផ្នែក​សន្តិសុខ​យ៉ាងខ្លាំង​។​ ​ការលក់​នេះ គឺជា​កិច្ចព្រមព្រៀង​អាវុធ​ទី​ពីរ​របស់​អាមេរិក​ជាមួយនឹង​តៃវ៉ាន់ ចាប់តាំងពី​លោក​ត្រាំ​បាន​ចូលកាន់​តំណែង​។ នៅ​ខែមិថុនា ឆ្នាំ ២០១៧ សហរដ្ឋអាមេរិក​ធ្លាប់បាន​ឯកភាព​លក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់ ១,៤​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​ផងដែរ ដែល​កាលនោះ​ចិន​បានបង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​ទៅនឹង​ទង្វើ​របស់​អាមេរិក​នេះ​៕