រលក​យក្ស​ស៊ូណាមិ ដែលមាន​កម្ពស់ ២​ម៉ែត្រ បាន​វាយប្រហារ​ទៅលើ​ក្រុង Palu និង Donggala ដែល​ជាប់​សមុទ្រ ប្រទេស​ឥណ្ឌូណេស៊ី

ព្រឹត្តិការណ៍ថ្មីៗ
0
365
​កាលពីពេល​កន្លងទៅនេះ រលក​យក្ស​ស៊ូណាមិ ដែលមាន​កម្ពស់ ២​ម៉ែត្រ បាន​វាយប្រហារ​ទៅលើ​ក្រុង Palu និង Donggala ដែល​ជាប់​សមុទ្រ ប្រទេស​ឥណ្ឌូណេស៊ី បណ្ដាល​ឲ្យ​រលំ​ផ្ទះ កាត់ផ្តាច់​អគ្គិសនី និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​មួយចំនួន​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​សារព័ត៌មាន mirror ។​ ​បើ​យោងតាម​មន្ត្រី​ជំនាញ ឧ​ត្តុ​និយម ឥណ្ឌូណេស៊ី បាន​ឲ្យ​ដឹងថា​រលក​យក្ស​ស៊ូណាមិ​នេះ បង្កឡើង​ដោយ​ការរញ្ជួយ​ដី​កម្រិត ៧,៥ រ៉ិ​ច​ទ័​រ ដែលមាន​ចម្ងាយ​ប្រមាណ ២៧​គីឡូម៉ែត្រ ពី​ក្រុង​ដែល​ទទួលផល​ប៉ះពាល់ ពីរ​លក​ដ៏​ធំ​កម្ពស់​ប្រហែល​ពីរ​ម៉ែត្រ បាន​បោកបក់​សង្គ្រប់​ទៅលើ​ឆ្នេរ​នៃ​ទីក្រុង Palu បន្ទាប់ពី​មាន​ហេតុការណ៍​រញ្ជួយ​ដី​យ៉ាង​កក្រើក​។ ជាមួយគ្នា​នោះដែរ​ចំនួន​អ្នកស្លាប់​មិនទាន់​ត្រូវ​បានដឹង​នៅឡើយ ប៉ុន្តែ​របាយការណ៍​បឋម​បង្ហាញថា មាន​អ្នកស្លាប់​ដោយសារ​ការ​រលំ​បាក់​អគារ​មួយចំនួន ។ ​គួរ​បញ្ជាក់ដែរថា ករណីនេះ​មិនមែនជា​លើកទីមួយ​ឡើយ​សំរាប់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ជាង ១២​ឆ្នាំមុន​ពោលគឺ​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០០៤ គ្រោះ​រញ្ជួយ​ដី​ដ៏​មហិមា​កំរិត ៩.១៥ រិច​ទ័​រ ដោយ​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​វាយប្រហារ​មកលើ​តំបន់​មហាសមុទ្ទ​ឥណ្ឌា ក្នុងនោះ​មាន​ប្រទេស ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា និង ស្រីលង្កា បានទទួល​រងគ្រោះ​ខ្លាំងជាងគេ​។ ជាក់ស្ដែង​គ្រោះមហន្តរាយធម្មជាតិ ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​នេះ បាន​ផ្ដាច់​យក​ជីវិត​មនុស្ស ៥,៣៩៥​នាក់​ក្នុងនោះ ២,០០០​នាក់ ជា​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅក្នុង​ប្រទេស​ថៃ​។ គ្រោះមហន្តរាយ​រលក​យក្ស​ស៊ូណាមិ​កាលពី​ឆ្នាំ​២០០៤ បានសម្លាប់​មនុស្ស​សរុប ២២៦,០០០​នាក់ ដែល​ភាគច្រើនបំផុត​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​៕