អាមេរិក​បញ្ជូន​នាវា​ពិឃាត​ធ្វើដំណើរ​ចូល​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បញ្ជូន​សារ​ព្រមាន​ទៅកាន់​ទីក្រុង​ប៉េកាំង ចំពេល​ដែល​ភាព​តានតឹង​បាន​ឡើងក​ម្តៅ​កាន់តែខ្លាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
402
​សារព័ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១ តុលា ២០១៨​នេះ​ដោយ​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ថា នាវាចម្បាំង​របស់​អាមេរិក​មួយគ្រឿង​បានធ្វើ​ដំណើរ​ទៅ​ក្បែរ​ប្រជុំ​កោះ​សិប្ប​និមិត្ត​ចំនួន ២​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃអាទិត្យ ខណៈដែល​ចិន​កំពុងតែ​វ៉ាងទី​ថា តំបន់​ទាំងនេះ​គឺជា​តំបន់​របស់ខ្លួន​ផ្តាច់មុខ និង​បាន​សាងសង់​មូលដ្ឋានទ័ព​របស់ខ្លួន បើទោះបី​ជាមាន​ការតវ៉ា​ពី​ប្រទេស​ដទៃ​ក៏ដោយ​។​ ​នាវា​ពិឃាត​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល USS Decatur (DDG73) បានធ្វើ​ប្រតិបត្តិការ​នាវាចរណ៍​ដោយ​សេរី នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បញ្ជាក់​អំពី​សិទ្ធ​សេរីភាព ក្នុង​ការធ្វើ​នាវាចរណ៍ ដោយ​អនុ​ឡោម​ទៅតាម​ច្បាប់​អន្តរជាតិ​។ ​នាវា Decatur បានធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ ២២​គីឡូម៉ែត្រ ពី​ថ្ម​ប៉ប្រះ​ទឹក Gaven and Johnson នៅ​ប្រជុំ​កោះ​ស្ព្រេ​ត​លី​។ នេះ​បើតាម​មន្ត្រី​អាមេរិក ដែល​បាន​និយាយ​ក្នុង​លក្ខ​ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​ ​ជាមួយនឹង​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​នេះ គេ​មិនទាន់​ដឹងថា ចិន​នឹង​បញ្ចេញ​ប្រតិកម្ម​បែបណា​នោះទេ ប៉ុន្តែ​កាលពីមុនៗ ចិន​តែងតែ​បញ្ជូន​ក្រុម​កងទ័ពជើងទឹក​រប​ស់​ខ្លួន ធ្វើដំណើរ​ដេញតាម​ពីក្រោយ​ក្រុម​កងទ័ព​អាមេរិក រួមទាំង​យន្តហោះ​ចម្បាំង​ផងដែរ​។​ ​ប្រតិបត្តិការ​យោធា​ចុងក្រោយបង្អស់​ដែល​មន្ទីរ​បញ្ច​កោណ​ហៅថា ជា​ទម្លាប់​នៃ​សិទ្ធ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ បាន​លេចឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ ចំ​ពេលដែល​ប្រទេស​មហាអំណាច​យោធា​អាមេរិក និង​ចិន កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង​។​ ​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​លើក​មុន នាវាចម្បាំង​អាមេរិក​បានធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ ២២​គីឡូម៉ែត្រ​ទៅជិត​ប្រជុំ​កោះ ដែល​ចិន​វ៉ាងទី ប៉ុន្តែ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដែនទឹក​អន្តរជាតិ កាលពី​ខែឧសភា​។​ ​កាលពី​សប្តាហ៍​មុន ប្រទេស​ចិន​បានប្រកាសថា​ខ្លួន​នឹងមិន​អនុញ្ញាតឱ្យ​ក្រុម​កងទ័ពជើងទឹក​អាមេរិក​ចូល​ចុះចត​នៅ​ទីក្រុង​កំពង់ផែ​ហុងកុង នៅ​ខែក្រោយ​នោះទេ​។ ក្រោយ​ការប្រកាស​នេះ កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្នាត​យក្ស B-52 របស់ខ្លួន ២​គ្រឿង​ទៅ​ហោះ​រំលង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ជាការ​ឆ្លើយតប ចិន​បាន​ហៅ​ទង្វើ​អាមេរិក​នេះ​ថា គឺជា​ការបង្ក​ហេតុ ទោះបីជា​អាមេរិក​បាន​ហោះ​នៅក្នុង​តំបន់​អន្តរជាតិ​ក៏ពិតមែន​។​ ​បន្ថែម​លើស​នេះ ភាព​តានតឹង​រវាង​ចិន និង​អាមេរិក​បាន​កើនឡើង​កាន់តែខ្លាំង ក្រោយ​ការប្រកាស​យកពន្ធ ២០០​ពាន់​លាន​ដុល្លារ​ពី​អាមេរិក​។ ចិន​អាច​តប​ទៅ​អាមេរិក​វិញ​ត្រឹមតែ ៦០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ អ្នកវិភាគ​មើលឃើញថា ចិន​មិនអាច​ប្រណាំង​ជាមួយ​អាមេរិក​បាន​នោះទេ​។ ប្រជាជន​ចិន ២​លាន​នាក់​នឹង​អត់​ការងារ​ធ្វើ​ដោយ​ការ​ប្រជែង​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។ មូល​ហេតុដែល​អាមេរិក​យកពន្ធ​លើ​ទំនិញ​ចិន ដោយសារតែ​ការរកស៊ី​របស់​ចិន មិនមាន​ភាពស្មោះត្រង់ និង​លួច​ចម្លង​កម្ម​សិទ្ធ​បញ្ញា​។ នេះ​បើតាម​លោក​ត្រាំ​។​ ​ពាក់ព័ន្ធ​ទៅនឹង​ការ​វ៉ាងទី​ពី​សំណាក់​ចិន លើ​ប្រជុំ​កោះ​ដែល​ចិន​បានដាក់​តម្លើង​មូលដ្ឋានទ័ព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នេះ មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វី​ក​ធ្លាប់បាន​គម្រាម​ចិន​ថា ដើម្បី​ឲ្យ​ចិន​ដក​មូលដ្ឋានទ័ព​ចេញពី​តំបន់​សមុទ្រ​ចិន​ខាងត្បូង​បាន មាន​សេនា​រី​យ៉ូ​តែមួយគត់ គឺ​ការប្រកាសសង្គ្រាម​ជាមួយ​ចិន​។​ ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា តំបន់​អន្តរជាតិ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ដែនទឹក​អន្តរជាតិ បច្ចុប្បន្ននេះ បាន​ធ្លាក់​នៅក្រោម​ការកាន់កាប់​របស់​ចិន​ទាំងស្រុង ដោយ​ប្រទេស​នេះ បានដាក់​តម្លើង​មូលដ្ឋានទ័ព គ្រាប់​មី​ស៊ី​ល​ស៊េរី​ទំនើប​ជាច្រើន​ប្រភេទ រនាំង​ការពារ​គ្រាប់ និង​លេនដ្ឋាន​យោធា​ជាច្រើន​។ តាមច្បាប់​អន្តរជាតិ គ្មាន​ប្រទេស​ណាមួយ​អាច​អះអាង​តំបន់​អន្តរជាតិ ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន​បាន​នោះទេ​។ ការ​វ៉ាងទី​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នេះ គឺ​ខុសច្បាប់ ១០០​ភាគរយ​៕DNT-NEWS