ប្រព័ន្ធ​មី​ស៊ី​ល S-300 របស់​រុស្ស៊ី​ពេលនេះ បាន​ទៅដល់​ទឹកដី​ស៊ី​រី​ហើយ ខណៈដែល​អាមេរិក និង​អ៊ីស្រាអែល​ថា គឺជា​ការបង្កើន​ភាព​តានតឹង​

ព្រឹត្តិការណ៍ថ្មីៗ
0
312
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បាន​និយាយថា យាន​ផ្ទុក​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល S-300 ចំនួន ៤​គ្រឿង​បាន​ទៅដល់​ទឹកដី​ស៊ី​រី​ហើយ បន្ទាប់ពី​រុស្ស៊ី​បាន​សន្យាថា​នឹង​បញ្ជូន​គ្រាប់​មី​ស៊ី​ល​នេះ ទៅ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន បន្ទាប់ពី​យន្តហោះ​យោធា​របស់​ប្រទេស​នេះ ត្រូវបាន​បាញ់​ទម្លាក់ ដោយមាន​កងកម្លាំង ១៥​នាក់​បាត់បង់​អាយុជីវិត​។​ ​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា ការបញ្ជូន​គ្រាប់​មី​ស៊ី​ល​ទាំងនេះ​រួមមាន​ទាំង​ឧបករណ៍​យោធា​ចំនួន ៤៩​មុខ​ផ្សេងទៀត ដូចជា​រ៉ា​ដា យាន​គ្រប់គ្រង និង​យាន​បាញ់​គ្រាប់​មី​ស៊ី​ល ៤​គ្រឿង​ផងដែរ​។ លោក​បន្តថា កងកម្លាំង​ស៊ី​រី​ត្រូវ​ចំណាយពេល ៣​ខែ ដើម្បី​រៀបចំ​ប្រតិបត្តិការ​វា​បាន​។​ ​កាលពី​ខែ​មុន អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​បើក​ការវាយប្រហារ​ជាង ២០០​ដង​ទៅលើ​មូល​ដ្នា​ទ័ព​អ៊ីរ៉ង់​នៅ​ប្រទេស​ស៊ី​រី​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​នឹង​បន្ត​បើក​ការវាយប្រហារ​របស់ខ្លួន​នៅ​ប្រទេស​ស៊ី​រី​បន្តទៀត ទោះបីជា​រុស្ស៊ី​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ស៊េរី​ទំនើប​ទៅកាន់​ប្រទេស​ស៊ី​រី​ក៏ដោយ​។ ខែល​ស៊េរី​ចាស់ និង​យន្តហោះ​ចម្បាំង​ស៊ី​រី​ចាស់​ដូចគ្នា អ៊ីស្រាអែល​បើក​ការវាយប្រហារ ២០០​ដង​ទើបតែ​លឺថា ខែល​រុស្ស៊ី​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ម្តង​។ អ្នកជំនាញ​យោធា​បានផ្តល់​ជា​អនុសាសន៍​ទៅ​អ៊ីស្រាអែល​ថា ស្ថានការណ៍​នេះ អ៊ីស្រាអែល​ត្រូវតែ​ប្រើ​យន្តហោះ​ច​ម្ពាំ​ង​ស៊េរី​ខ្ពស់ ដើម្បី​បំបាំងកាយ​ពី​រ៉ា​ដា​ស៊ី​រី​បាន​។ ពេលនោះ​នឹង​ដឹង​គ្នា​ថា យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប ដែល​អ៊ីស្រាអែល​ទិញ​ពី​អាមេរិក ជាមួយនឹង​ខែល​ស៊ី​រី​ទិញ​ពី​រុស្ស៊ី​មួយណា​ខ្លាំង​ជាង​។​ ​ជាមួយនឹង​ការបញ្ជូន​ខែល​រុស្ស៊ី​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​ច​ន បុល​ថុ​ន​បាន​លើកឡើងថា ការបញ្ជូន​នេះ គឺជា​ការបង្កើន​នូវ​ភាព​តានតឹង​កាន់តែខ្លាំង​បន្ថែមទៀត​។ មែនទែនទៅ ការលើកឡើង​របស់​អា​មេ​រិ​ក​នេះ គឺជា​ការលើកឡើង​អំពី​ក្តី​ព្រួយបារម្ភ​របស់ខ្លួន​តែប៉ុណ្ណោះ មិនមែនជា​ការលើកឡើង​ដោយ​ខ្លាច​ប្រព័ន្ធ​ការពារ​រុស្ស៊ី​នោះទេ​។ នេះ​បើតាម​សម្តី​អ្នកវិភាគ​ម្នាក់​។ អ្នកវិភាគ​និយាយថា ខែល​ការពារ​របស់​រុស្ស៊ី​គ្មាន​ប្រយោជន៍​នោះទេ ដោយសារតែ​ប្រព័ន្ធ​ការពារ​ទាំងនោះ មិនអាច​ចាប់​រលកសញ្ញា​យន្តហោះ​ចម្បាំង​អាមេរិក​បាន​នោះទេ​។ កុំថាឡើយ S-300 ចង់​បញ្ជូន S-500 ទៅ​ស៊ី​រី​ក៏​អាមេរិក​អត់​ព្រឺ​ដែរ​។ ប៉ុន្តែ​សំខាន់ អាមេរិក​គ្រាន់តែ​មិន​ចង់​ឲ្យ​សង្គ្រាម​រីក​កាន់តែខ្លាំង ដែល​អាច​បង្ក​ជា​សង្គ្រាមលោក​តែប៉ុណ្ណោះ​។ ​បើ​ផ្ទុះ​សង្គ្រាម​រវាង​ទ័ព​អាមេរិក និង​រុស្ស៊ី​នៅ​ស៊ី​រី កងទ័ពជើងទឹក​រុស្ស៊ី​ដែលមាន​ត្រឹមតែ​បន្តិចបន្តួច នឹងត្រូវ​អាមេរិក​វាយកម្ទេច​ឲ្យ​ក្លាយជា​ផេះ ក្នុងពេល​ត្រឹម​តែមួយ​ប៉ព្រិចភ្នែក​។ នេះ​បើតាម​សម្តី​អ្នកវិភាគ​ប្រចាំ​នៅ​អាស៊ី លោក Lam Ranny ដែល​បាន​ប្រាប់​សារព័ត៌មាន Bussiness Insider របស់​អាមេរិក​៕DNT-NEWS