យានអវកាស​ជប៉ុន​បាន​ទម្លាក់​ឧបករណ៍​តាមដាន​ទៅលើ​អាចម៍ផ្កាយ​ដោយ​សុវត្ថិភាព​

បច្ចេកវិទ្យា
0
324
(​ទីក្រុង​តូ​ក្យូ​)៖ សារព័ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ តុលា ២០១៨​នេះ​ថា ឧបករណ៍​សង្កេត​រប​ស់​បារាំង អាល្លឺម៉ង់​បាន​ចុះចត​នៅលើ​អាចម៍ផ្កាយ​មួយ នៅ​ថ្ងៃ​ពុធ​នេះ​ប្រកបដោយ​ជោគជ័យ បន្ទាប់ពី​យានអវកាស​ជប៉ុន​បាន​បញ្ចេញ​នូវ​ឧបករណ៍​នោះ ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ដែល​អាច​ស្វែងរក​នូវ​តម្រុយ​នៃ​ប្រភព​ប្រព័ន្ធ​សូ​ឡា​។​ ​ភ្នាក់ងារ​រុករក​អវកាស​ជប៉ុន​បាន​និយាយថា ឧ​បករ​សង្កេត​នៅលើ​អាចម៍ផ្កាយ ដែល​ហៅថា Mobile Asteroid Surface Scout ឬ​ហៅថា MASCOT ត្រូវបាន​បញ្ចេញ​ពី​យានអវកាស​គ្មាន​មនុស្ស​បើក Hayabussa2 ហើយ​បាន​ចុះចត​ប្រកបដោយ​ជោគជ័យ​នៅលើ​អាចម៍ផ្កាយ Ryugu​។​ ​យានអវកាស​នេះ​បាន​ហោះ​យ៉ាង​ជិត​ប្រហែល ៥០​ម៉ែត្រ​ទៅលើ​ផ្ទៃ​អាចម៍ផ្កាយ ដើម្បី​បញ្ចេញ​ប្រអប់​ដែល​គេ​ស្គាល់​ថា ជា​ឧបករណ៍​សង្កេត​។ យាន Hayabusa2 បាននិងកំពុង​តែ​ស្ថិតនៅ​ជិត​អាចម៍ផ្កាយ​នេះ ចាត់​តាំងពី​ខែមិថុនា បន្ទាប់ពី​បានធ្វើ​ដំណើរ ២៨០​លាន​គីឡូម៉ែត្រ​ចេញពី​ភពផែនដី​។​ ​ទីភ្នាក់ងារ​អវកាស​ជប៉ុន JAXA បាន​និយាយថា ប្រហែល​ត្រឹមតែ ១​ម៉ោង​តែប៉ុណ្ណោះ ខ្លួន​បានទទួល​សញ្ញា​ពី MASCOT អំពី​ការ​ចុះចត​នៅលើ​អាចម៍ផ្កាយ​ដោយ​សុវត្ថិភាព​។​ ​ការដាក់​ពង្រាយ​នៃ​ឧបករណ៍​សង្កេត​នេះ បាន​កើតឡើង​បន្ទាប់ពី​ការចុះ​ចត​ជា​លើក​ទី ២ កាលពី​ខែ​មុន​នៃ​ឧបករណ៍​សង្កេត MINERVA-II1 ដែល​បាន​បញ្ជូន​កម្រង​រូបភាព​ដែល​បង្ហាញ​ពី​ផ្ទៃ​ថ្ម​របស់​អាចម៍ផ្កាយ​។​ JAXA បាន​និយាយថា យាន Hayabusa2 បាន​ទម្លាក់​ឧបករណ៍​សង្កេត MASCOT នៅ​អឌ្ឍគោល​ផ្ទុយគ្នា ពី​ឧបករណ៍​ដែល​បានដាក់​ពង្រាយ​កាលពី​លើក​មុន ដើម្បី​កុំ​ឲ្យ​ពួកវា ជ្រៀតជ្រែក​កិច្ច​គ្នា​។ ដើម្បី​ឈាន​ជើង​ទៅដល់​អាចម៍ផ្កាយ​នេះ គេ​ត្រូវ​ចំណាយពេល ៣​ឆ្នាំ ដើម្បី​អាចដាក់​ពង្រាយ​នូវ​ឧបករណ៍​សង្កេត​នេះ​បាន​៕DNT-NEWS