លោក​ជែក​ម៉ា​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​ចិន អាមេរិក អាច​នាំទៅរក​ការផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​

ព្រឹត្តិការណ៍ថ្មីៗ
0
263
​ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា លោក ជែក ម៉ា បាន​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាមួយ​ចិន អាច​នាំទៅរក​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​ទាំងពីរ​។​ ​លោក​មហាសេដ្ឋី​ម៉ា​បាន​និយាយ​នៅឯ​វេទិការ​សាធ​រណា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែ​ល​ថា «​នៅពេលដែល​ពាណិជ្ជកម្ម​បាន​បញ្ឈប់ ពេលនោះ​សង្គ្រាម​នឹង​ចាប់ផ្តើម​ហើយ​»​។ លោក​បន្តថា «​ពាណិជ្ជកម្ម​គឺជា​ការកសាង​ទំនុកចិត្ត​។ ពាណិជ្ជកម្ម​មិនមែន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​នោះទេ​»​។ ជាមួយគ្នានេះ លោក​ក៏បាន​ស្នើ​ឲ្យ​ទីក្រុង​វ៉ា​ស៊ីន​ខិត​ទី​រក​ការ​សហការគ្នាជាមួយ​ទីក្រុង​ប៉េកាំង​ជាជាង​ការបង្កើន​នូវ​ភាព​តានតឹង​នឹង​គ្នា​។​ ​លោក​បាន​និយាយថា ខ្ញុំ​គិតថា ចិន និង​សហរដ្ឋអាមេរិក​គួរតែ​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុងតែ​ប្រជែង​គ្នា​នេះ បង្កើត​ការងារ ដោះស្រាយ​ភាពក្រីក្រ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ដើម្បី​ព្យាបាល​ជំងឺ និង​បរិស្ថាន​ជំនួស​ឲ្យ​សង្គ្រាម​នឹង​គ្នា​។ លោក​បាន​ព្រមាន​ថា «​វា​នឹង​បំផ្លាញ​មិន​ត្រឹមតែ​ពាណិជ្ជកម្ម​អាមេរិក​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ក្រុមហ៊ុន​តូចៗ​របស់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​»​។​ ​ការលើកឡើង​របស់លោក​ម៉ា​នេះ បានធ្វើ​ឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​រវាង​ចិន និង​អាមេរិក ដែល​កំពុង​បន្ត​កាន់តែខ្លាំង​។ កាលពី​ខែ​មុន សហរដ្ឋអាមេរិក​បាន​យកពន្ធ ២០០​ពាន់​លាន​ដុល្លារ រីឯ​ចិន​អាច​តប​ទៅ​អាមេរិក​វិញ​ត្រឹមតែ ៦០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ឡើងក​ម្តៅ ក្រោយ​អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ២​គ្រឿង​ទៅ​ហោះ​រំលង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ក្រោយមក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត​មួយគ្រឿង​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។ ភ្លាមនោះ ចិន​បាន​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន ដេញតាម​នាវា​របស់​អា​មេ​រិ​ក ដែល​បានធ្វើ​ដំណើរ​ចូល​ដែនទឹក​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​វ៉ាងទី​៕DNT-NEWS