ក្រុមមន្ត្រី​និយាយថា សិស្សសាលា ៧៩​នាក់​ត្រូវបាន​ចាប់ពង្រត់​ពី​សាលារៀន​មួយកន្លែង​នៅក្នុង​ប្រទេស​កា​មេ​រូ​ន​

ព្រឹត្តិការណ៍ថ្មីៗ
0
307
​យោងតាម​សារព័ត៌មាន CNN នៅ​ថ្ងៃទី​៦ វិច្ឆិកា ២០១៨​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ប្រដាប់​ដោយ​អាវុធ​ប្រុសៗ​ជាច្រើន​បាន​ចាប់ពង្រត់​សិស្សសាលា​ចំនួន ៧៩​នាក់ ពី​សាលារៀន​មួយកន្លែង​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កា​មេ​រូ​ន​។ នេះ​បើតាម​មន្ត្រី​ក្នុងស្រុក​ដែល​បាន​និយាយ​។​ ​លោក Louis Marie Begne អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កា​មេ​រ៉ូ​ន បាន​និយាយថា បុរស​ប្រដាប់​ដោយ​អាវុធ​ទាំងនោះ បាន​ចូលទៅ​កាន់​វិទ្យាល័យ Presbyterian នៅក្នុង​តំបន់ Bamenda ច្រាន​កងកម្លាំង​ការពារ និង​បាន​ចូល​យក​ក្មេងៗ ដែល​កំពុង​ដេកលក់​។​ ​បុរស​ទាំង​នោះបាន​នាំយក​ក្មេងៗ​ប្រុសៗ រួមទាំង​ក្មេងស្រីៗ​ចំនួន ៧៩​នាក់ ហើយ​បាន​បើករថយន្ត​សាលា​ដឹក​ពួកគេ​ចេញទៅ​។ ជាមួយគ្នានេះដែរ ក្រុម​ប៉ូលីស និង​កងកម្លាំងប្រដាប់អាវុធ​ក៏បាន​ស្វែងរក​ក្មេងៗ​ទាំងនោះ​ផងដែរ​។ កង​វរ​សេនា​អន្តរាគមន៍​រហ័ស ដែលជា​កង​អង្គភាព​យោធា​ដ៏​សំខាន់​មួយ បាន​បញ្ជូន​កងកម្លាំង​តាម​ឧទ្ធម្ភាគចក្រ ដើម្បី​ស្វែងរក​ក្រុម​ក្មេងៗ ដែល​ត្រូវបាន​ចាប់ពង្រត់​ទាំងនោះ​។​ ​អ្នកនាំពាក្យ លោក Begne បាន​និយាយថា នាយក​សាលា​ត្រូវបាន​ចាប់ពង្រត់ ហើយ​ទើបត្រូវ​បានអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​បង្រៀន​វិញ​កាលពី ៣​ថ្ងៃមុន ប៉ុន្តែ​លោក​ក៏ត្រូវ​បាន​គេ​ប្រាប់​មិន​ឲ្យ​ទៅ​សាលា​វិញ​ផងដែរ​។ អ្នកនាំពាក្យ​រូបនោះ​មិន​ច្បាស់​ថា ក្រុម​ណាមួយ​ជា​អ្នក​ចាប់ពង្រត់​នោះទេ ។​ ​ក្រុម​អ្នក​ប្រយុទ្ធ​បំបែក​ខ្លួន​និយាយ​ភាសា​អង់គ្លេស​របស់​កា​មេ​រូ​ន ដែល​បាន​ស្នើសុំ​ឯករាជ្យភាព​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល​កា​មេ​រូ​ន ដែល​និយាយ​ភាសា​បារាំង ត្រូវបាន​ចោទប្រកាន់ថា​បាន​ចាប់ពង្រត់​កូនសិស្ស​នៅ​ភាគ​ខាងជើង និង​ភាគ​និរតី​នៃ​ប្រទេស​ប្រទេស​កា​មេ​រូ​ន​។​ ​កាលពី​ខែកញ្ញា កូនសិស្ស ៧​នាក់ និង​គ្រូបង្រៀន​ម្នាក់​ត្រូវបាន​ចាប់ពង្រត់​ដោយ​ក្រុម​បំបែក​ខ្លួន​ប្រដាប់អាវុធ​ពី​សាលារៀន​របស់​ពួកគេ នៅក្នុង​ទីក្រុង Bafut នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​នេះ​។ នេះ​បើ​យោងតាម​អង្គការ​លើកលែងទោស​អន្តរជាតិ​។​ ​ក្រុម​សិ​ទិ្ធ​មនុស្ស​បាន​អះអាងថា ចំណាប់ខ្មាំង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម ដោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ក្រុម​នេះ មុន​សិស្ស និង​គ្រូ​ត្រូវបាន​ដោះលែង​។ ក្រុម​សិទ្ធមនុស្ស​ក៏បាន​និយាយ​ផងដែរ​ថា ក្រុម​បំបែក​ខ្លួន​ទាំងនេះ​បានបង្ហាញ​នូវ​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​កងកម្លាំង នៅក្នុង​ទីក្រុង Buea នៅ​ភាគ​និរតី​នៃ​ប្រទេស​កា​មេ​រូ​ន នៅក្នុង​ខែ​តែមួយ​នេះ​៕