យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ខុស​បច្ចេកទេស និង​សាបសូន្យ​នៅ​ចុងឆ្នាំ​២០១៩​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
254
​ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បិទ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ខុស​បច្ចេកទេស និង​ខុសច្បាប់​នៅ​ទូទាំងប្រទេស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំង ២០១៩ នេះ​ព្រោះ​យានយន្ត​ទាំងនោះ​តែងតែ​បង្ក​គ្រោះថ្នាក់ និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​។​ ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​មានប្រសាសន៍ថា អាជ្ញាធរ​ដែនដី​តាម​រាជធានី ខេត្ដ​នីមួយៗ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​លុបបំបាត់​យានដ្ឋាន ជួសជុល និង​យានដ្ឋាន​កែច្នៃ​យានយន្ដ​ដែល​មិនមាន​ច្បាប់​ត្រឹមត្រូវ ដែល​កន្លែង​ទាំងអស់នេះ បើ​យានដ្ឋាន​ជួសជុល និង​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នឹង​បង្ក​គ្រោះថ្នាក់ និង​ផលប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​ផងដែរ​។ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ គួរតែ​គិតគូរ​បិទ​កន្លែង​យានដ្ឋាន​ជួសជុល និង​កែច្នៃ​យានយន្ដ​ឱ្យអស់​តែម្ដង​នៅក្នុង​ឆ្នាំនេះ ខណៈ​ឆ្នាំ​២០២០ នៅតែមាន​របាយការណ៍ ឬ​រាយការណ៍​មក​ថា នៅតែ​បន្ដ​មាន​យានដ្ឋាន​ជួសជុល ឬ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​អត់​ច្បាប់​កើតមានឡើង​តែ​ដដែល​នោះ​។ ជាមួយគ្នានេះ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ក៏​ចង់​ឃើញថា ដល់​ឆ្នាំ​២០២០ គ្រប់​យានដ្ឋាន​ជួសជុល ឬ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​ទាំងអស់ គឺមាន​ច្បាប់​ត្រឹមត្រូវ​។ ​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​រាជធានី ខេត្ដ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ដ ត្រូវ​រួមគ្នា​ដោះស្រាយ​ឱ្យ​រួចរាល់​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩​នេះ ដើម្បី​ឱ្យបាន​រួចរាល់​ចំពោះ​កន្លែង​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​អត់​មានច្បាប់​នៅតាម​មូលដ្ឋាន​រាជធានី ខេត្ដ​នីមួយៗ​។​ ​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានឱ្យដឹងថា បច្ចុប្បន្ន យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​សរុប​ចំនួន​៣.៥៥៦​កន្លែង មានច្បាប់​អនុញ្ញាត​ចំនួន​២.៧៩៥ និង​អត់​ច្បាប់​អនុញ្ញាត​ចំនួន​៧៦១ ហើយ​ក្នុងនោះ យានដ្ឋាន​ជួសជុល​មាន​ចំនួន​៣.២៨១ មានច្បាប់​អនុញ្ញាត​ចំនួន​២.៥៤១ និង​អត់​ច្បាប់​អនុញ្ញាត​ចំនួន​៧៤០​។ ចំពោះ​យានដ្ឋាន​កែច្នៃ​ដំឡើង​មាន​ចំនួន​២៧៥ មានច្បាប់​អនុញ្ញាត​ចំនួន​២៥៤ អត់​ច្បាប់​អនុញ្ញាត​ចំនួន​២១៕AKP