កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​ប្រកាស​ពី​ការរកឃើញ​បំណែក​នាវាមុជទឹក​រប​ស់​ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
497
​សារព័ត៌មាន BBC បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ថា កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​បាន​និយាយថា​បំណែក​នៃ​នាវាមុជទឹក​របស់ខ្លួន ដែល​បាន​បាត់​ខ្លួន ដោយ​នាវិក​ចំនួន ៤៤​នាក់ កាលពី​ឆ្នាំមុន ត្រូវបាន​រកឃើញ​។​ ​នាវាមុជទឹក ARA San Juan បាន​បាត់​ខ្លួន​ក្នុង​ចម្ងាយ ៤៣០​គីឡូម៉ែត្រ ពី​ឆ្នេរ​អា​ហ្ស​ង់​ទីន នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧​។​ ​អា​ហ្ស​ង់​ទីន​បាន​ខិតខំ​ស្វែងរក​នាវាមុជទឹក​មួយ​គ្រឿង​នេះ អស់​រយៈពេល ២​សប្តាហ៍​មុននឹង​សម្រេចចិត្ត​បញ្ឈប់​បេស​ស​សក​កម្ម​ស្វែងរក​របស់ខ្លួន​។ ទោះបីជា​អស់​ស​ង្ឈឹ​ម​ក្នុងការ​ស្វែងរក​នូវ​ការរុករក​នេះ​ក៏ដោយចុះ មួយឆ្នាំ មួយថ្ងៃ​កន្លងផុតទៅ កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​ទើបបាន​ប្រកាស​អំពី​ការរកឃើញ​នៃ​នាវាមុជទឹក​មួយគ្រឿង​នេះ កាលពី​ពីរ​ថ្ងៃមុន​។ ការប្រកាស​នោះបាន​និយាយថា នាវាមុជទឹក​មួយគ្រឿង​នោះ​ត្រូវបាន​រកឃើញ ក្នុង​ជម្រៅ ៨០០​ម៉ែត្រ​ពី​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិច​។​ ​យោងតាម​បណ្តាញ​ធ្វី​ត​តឺ​នៃ​កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​បាន​និយាយថា នាវាមុជទឹក ARA San Juan ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​វិជ្ជមាន ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​រុករក​សហរដ្ឋអាមេរិក Ocean Infinity​។ ការរកឃើញ​នៃ​បំណែក​នាវាមុជទឹក​នេះ គឺជា​ការធ្វើ​ឡើងទៅ​តាម​ការសន្យា​របស់​ប្រធានាធិបតី Mauricio Macri ដែល​បាន​សន្យាថា​នឹង​ស្វែងរក​នាវាមុជទឹក​នោះ​ឲ្យ​ឃើញ​។​ ​សូម​រំឭកថា នាវា​អា​ហ្ស​ង់​ទីន​ដែល​បាន​បាត់​ខ្លួន​នេះ បានធ្វើ​ដំណើរ​វិលត្រឡប់​មកពី​បេស​សក​កម្ម​ទៅកាន់​ទីក្រុង​កំពង់ផែ Ushuaia នៅ​ជិត​ភាគខាងត្បូង​នៃ​ប្រទេស​អាមេរិក​ខាងត្បូង ចំពេល​ដែលមាន​ការរាយការណ៍​អំពី​ការ​បែកធ្លាយ​ចរន្តអគ្គិសនី​។​ ​ក្រោយ​ការរាយការណ៍​នោះ នាវា​នោះ​ត្រូវបាន​បញ្ជារ​ឲ្យ​វិលត្រឡប់​ចូល​មូលដ្ឋាន​ទ័ពជើងទឹក Mae Del Plata ជាបន្ទាន់​។ ប៉ុន្តែ​ជា​អកុសល នាវាមុជទឹក​នោះ បាន​បាត់​ការទាក់ទង​នៅវេលា​ម៉ោង ៧​កន្លះ​ព្រឹក នៅ​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ ២០១៧​។ ៨​ថ្ងៃក្រោយ​ការបាត់​ខ្លួន​នាវា​នេះ អង្គការ​សន្ធិសញ្ញា​ហាមឃាត់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉េ​ណា​បាន​និយាយថា ខ្លួន​ចាប់បាន​សម្លេង​នាវា​មួយ​នេះ ក្រោយ​ការទាក់ទង​ចុងក្រោយ​ជាមួយ​នាវា​នេះ នៅវេលា​ម៉ោង ៧ កន្លះ​ព្រឹក នៅ​ថ្ងៃទី​១៥ វិច្ឆិកា​។​ ​អង្គភាព ដែល​ប្រតិបត្តិការ​លើ​បណ្តាញ​ស្តាប់​សម្លេង និង​ឃ្លាំង​មើល​ការផ្ទុះអាវុធ​នុយក្លេអ៊ែរ​បាន​និយាយថា គេ​បាន​ឮសូ​សម្លេង​ច​ម្លែ​ង​មួយ ដែល​ឮ​ចេញពី​ផ្ទៃ​ទឹក នៅវេលា​ម៉ោង ១០​កន្លះ​ព្រឹក ម៉ោង​ក្នុងស្រុក​នៅ​ថ្ងៃ​ដដែល​។ អ្នកនាំពាក្យ​កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​បាន​និយាយថា ទឹកបាន​ជម្រាប​ចូលទៅក្នុង​នាវា​នេះ និង​ឆ្លង​ចរន្ត ដែល​បណ្តាល​ឲ្យ​វា​បាន​ផ្ទុះ និង​បាត់​ខ្លួន​៕​