ឆ្នាំ​២០១៩ ខាង​មុននេះ កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន រួមគ្នា​ធ្វើ​សមយុទ្ធ​នាគ​មាស ធំ​ជាង​ឆ្នាំមុន ៗ​!

ព្រឹត្តិការណ៍ថ្មីៗ
0
335
​នាពេល​ខាងមុខនេះ កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន រួមគ្នា​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ ក្រោម អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៧០ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជ័យ ស្ថិតនៅក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​ចំពោះ​ការកំណត់​ថ្ងៃ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ គឺ​នៅ​មិនទាន់​កំណត់​ទេ ប៉ុន្តែ​ធ្វើ​នៅ​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ហើយ​កម្មវិធី​លម្អិត​នៃ​ការធ្វើ​សមយុទ្ធ​នាគ​មាស​នេះ ទាល់​ទេ​អគ្គបញ្ជាការ និង​ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គបញ្ជាការ​ធ្វើការ​ជាមួយ​ចិន​សិន​”​។​ ​សម្រាប់​សមយុទ្ធ​នេះ​នឹង ធ្វើឡើង​ធំ​ជាង​ឆ្នាំមុនៗ ដើម្បី​លើកកម្ពស់ សមត្ថភាព​កងទ័ព​ក​ម្ពុ​ជា និង​ចិន​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត និង​ក៏​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​កងទ័ព ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង ផងដែរ​។​ ​ប្រភព​ដដែល​បាន​បន្ថែមទៀតថា សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៩​ខាងមុខនេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​របៀបវារៈ ជាច្រើន​លើ​ការសង្គ្រោះ​ជនរងគ្រោះ កើតចេញពី​គ្រោះធម្មជាតិ ផ្នែក​មនុស្សធម៌ និង​របៀបវារៈ​ជាច្រើន​ទៀត ក្នុង​គោលបំណង​បង្កើត រូបភាព​រួមគ្នា​នៃ​កងទ័ព​ទាំងពីរ​(​កម្ពុជា​-​ចិន​)​។​